ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មហាជន ខណៈតារាស្រីស្រស់សាច់សខ្ចី កញ្ញា គឹម ច័ន្ទបរមី ប្រកាសលក់រថយន្តសំណព្វចិត្តម៉ាក Mercedes Benz C300 2015 ពណ៌ស ដែលទើបតែទិញ ១ ខែសោះនោះ ក៏ព្រោះតែសម្រេចចិត្តសិក្សានៅឯក្រៅប្រទេសតាមម្ចាស់បេះដូង គឺលោក ហ៊ុន បញ្ញាបុត្រ ត្រូវជាចៅបងប្រុសលោកនាយករដ្ឋមន្ត្រីនៅអូស្រ្តាលី។
ខណៈសម្ព័ន្ធភាពស្នេហារវាងតារាសម្តែងស្រីសាច់សខ្ចីញ៉េញ កញ្ញា គឹម ច័ន្ទបរមី និងសង្សារបណ្តូលចិត្ត គឺលោក ហ៊ុន បញ្ញាបុត្រ ត្រូវជាចៅបងប្រុសលោកនាយករដ្ឋមន្ត្រី មិនត្រឹមតែមានផលផ្លែផ្កាវិជ្ជមាននោះទេ កន្លងមកក៏រំលេចរូបភាពស្និទ្ធស្នាលខ្លាំង ដោយកំលោះមកពីត្រកូលរាជសីហ៍ រំលេចពាក្យពេចន៍ហៅគ្នាហាក់ដូចជាប្តីប្រពន្ធទើបរៀបការហើយទៀតផងដែរ។
អមដោយរូបថតកៀកកើយស្មាគូស្នេហ៍នោះ ក៏ឃើញមានសារបង្ហាញពីអារម្មណ៍ពិតរបស់លោក ហ៊ុន បញ្ញាបុត្រ តាមបណ្តាញអ៊ីនស្តាក្រាមជាភាសាអង់គ្លេសថា៖ «ប្រពន្ធខ្ញុំ» អមដោយរូបសញ្ញាបេះដូង រូបតុក្កតាកូនក្រមុំ និងខ្លា» ប្រៀបដូចជាពាក្យពេចន៍ ដែលប្តីប្រពន្ធបានរៀបការរួច និយមតែប្រើហៅគ្នាទៅវិញមកអ៊ីចឹង។
ចំណែកបុប្ផាស្រស់សោភា សាច់សខ្ចីល្វក់ កញ្ញា គឹម ច័ន្ទបរមី ក៏ធ្លាប់បានបញ្ជាក់ប្រាប់ ភ្នំពេញប៉ុស្តិ៍ ថា៖ «ពាក្យនោះ តាមពិតទៅគឺគាត់ហ៊ានប្រើបានតែនៅក្នុង Status ឬ Caption តែប៉ុណ្ណោះបង! ពេលជួបគ្នាពិតប្រាកដ និងពេលដើរលេងនោះ ភាសាពួកយើងហៅគ្នា គឺដូចជាមិត្តភក្តិធម្មតាអ៊ីចឹង គឺគាត់និយមហៅឈ្មោះថា អាមី ហើយខ្ញុំហៅគាត់ បង បុត្រ។ ចំពោះពាក្យផ្អែមល្ហែមអូនបងនោះ យើងដូចជានៅមិនទាន់ទម្លាប់បាននៅឡើយទេ»។
ខណៈពេលថ្មីៗនេះ កញ្ញា គឹម ច័ន្ទបរមី តារាស្រីអតីតជាបេក្ខនារី Freshie Girl រូបនេះក៏បានរំលេចចេញសារពីអ៊ីនស្តាក្រាមថា៖ «Mercedes Benz C300 2015! Car for sell! ទើបតែទិញបាន ១ ខែ ជិះបាន ២ ដងគត់ មិនទាន់ទាំងធ្វើស្លាកលេខទៀត! ឡានស្អាតណាស់ តែដោយសារខ្ញុំត្រូវមករៀននៅក្រៅប្រទេសយូរ ទើបចង់លក់វិញ ហើយអាចផ្ញើសារមកនាងខ្ញុំណា គឺតម្លៃពិសេស!»។
ចំពោះហេតុផលសម្រេចចិត្តភ្លាមៗ ទៅបន្តការសិក្សានៅក្រៅប្រទេសរយៈពេលយូរ ដែលហាក់ដូចជាខុសពីការអះអាងរបស់ស្រីស្រស់ សាច់សខ្ចី គឹម ច័ន្ទបរមី កាលពីលើកមុនធ្លាប់ព្រលយថា សុខចិត្តនៅឆ្ងាយពីគ្នាដោយម្នាក់សិក្សានៅប្រទេស អូស្ត្រាលី និងម្នាក់សិក្សានៅស្រុកខ្មែរនោះ ក៏មិនត្រូវបានបកស្រាយលម្អិតឡើយដោយសារកញ្ញាបានចេញទៅក្រៅប្រទេសហើយនាពេលនេះ។
តែដំណឹងចេញទៅសិក្សាក្រៅប្រទេសនោះ គឺពិតជាច្បាស់លាស់មែន ដោយម្តាយបង្កើតកញ្ញា គឹម ច័ន្ទបរមី បានឆ្លើយតបតាមលេខទូរស័ព្ទ ដែលកញ្ញាធ្លាប់ប្រើនៅក្នុងប្រទេស កម្ពុជា នោះថា៖ «កូនមីង គាត់ពិតជាទៅរៀននៅក្រៅប្រទេសមែន! គឺជាការសម្រេចចិត្តរបស់គាត់ផ្ទាល់ ហើយគាត់មិនមែនសិក្សានៅក្នុងសាលាជាមួយនឹងក្មួយ បុត្រ នោះទេ គឺពួកគេរៀនសាលាផ្សេងគ្នា។ ចំពោះហេតុយ៉ាងណា ក៏មិនបានដឹងដែរ ព្រោះនេះគឺជាការសម្រេចចិត្តរបស់កូន»៕