ភ្នំពេញៈ​ បើ​ទោះ​បីជា​មាន​គូ​ស្នេហ៍​​សង្សារ​​​បណ្តូល​​ចិត្ត​​​គឺ​លោក ហ៊ុន បញ្ញា​បុត្រ ដែល​ត្រូវ​ជា​ចៅ​បង​ប្រុស​​លោក​នា​យ​ក​​រដ្ឋ​មន្ត្រី​ ជា​​គ្រួសារ​មាន​ទ្រព្យ​ស្តុក​ និង​កំពុង​តែ​​មាន​ផល​ផ្លែ​ផ្កា​​វិជ្ជ​មានទៅ​ហើយ​​​នោះ​​​ក្តី ក៏​ពេល​ថ្មី​នេះ​​ តារា​​​​សម្តែង​ស្រី​សាច់​ខ្ចី​ កញ្ញា គឹម ច័ន្ទបរមី ស្រាប់​តែ​បង្ហាញ​ភាព​ផុស​ផុល​នឹង​ការ​​បើក​ប្រកប​​​មុខ​​របរ​​លក់​ថ្នាំ និង​គ្រឿង​រក្សា​សម្រស់​តាម​​អន​​ឡាញ​ដូច​​តារា​​ផ្សេងៗ​នឹងគេ​ដែរ។

ការ​ប្រកូក​​ប្រកាស​លក់​ថ្នាំ​រក្សា​សម្រស់តាម​អន​ឡាញ​នេះ គេ​ឃើញ​​​​​តារា​ស្រី​​​​ដែល​​ទើបតែ​បាន​​រះ​នៅ​លើ​​វិថី​​សិល្បៈ​​ កញ្ញា គឹម ច័ន្ទបរមី​ បង្ហើរ​សារ និង​រូប​ភាព​​​ផ្សព្វ​ផ្សាយ​តាម​អ៊ីនស្តាក្រាមតាំង​ពី​ថ្ងៃ​ចូល​ខ្មែរ​កន្លងមក​ថ្មីៗ​នេះ​​ថា៖ «ថ្នាំ​បំបាត់​មុន​ផ្សំ​ពី​ថ្នាំ​ពេទ្យ​សុទ្ធ គ្មាន​ជាតិ​ម្សៅ​កាត់​។ បុណ្យ​​ចូល​ឆ្នាំ​ក៏​នៅ​តែ​មាន​​ថ្នាំ​បំបាត់​មុន សម្រាប់អ្នក​គ្រប់គ្នា​ កម្ម៉ង់​ដូច​ដើម អត់​ឈប់​សម្រាក​ទេណា អាច​ទំនាក់​ទំនង​បាន​រយៈ​នាង​ខ្ញុំ​ផ្ទាល់​»។​

តាម​ពិត​​​​ទៅ​ការ​បើក​របរ​​​លក់​ដូរ​​​គ្រឿង​​ម្សៅ ថ្នាំ​រក្សា​សម្រស់​នេះ ​តារា​​​​ស្រី​​​អតីត​ជា​បេក្ខនារី Freshie Girl រូប​នេះ​បាន​​ដំណើរ​ការ​យូរ​ហើយ​ដែរ តែ​គ្រាន់​តែ​​​​កញ្ញា គឹម ច័ន្ទ​បរមី​ មិន​បាន​ប្រកាស​ផ្សាយ​ឲ្យ​ដឹង​គឺ​​ទើប​តែ​នៅ​មុន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​​ខ្មែរឆ្នាំ​ ២០១៨ ​នេះ ក៏​ស្រាប់​ឃើញ​នាង​បាន​ផ្សព្វ​ផ្សាយ​​លក់​តាម​​អន​ឡាញ​​​​យ៉ាងផុស​ផុល​​ដូចជា​ក្រុម​តារាស្រី​ផ្សេង​ទៀត​តែ​ម្តង​។​

តារា​ស្រី​ជា​បុប្ផា​ស្រស់​សោភា សាច់​សខ្ចី​ល្វក់​មាន​ស្រុក​​​កំណើត​ នៅ​ខេត្ត​កំពង់ចាម ​កញ្ញា គឹម ច័ន្ទ​បរមី ក៏​ធ្លាប់​បង្ហើប​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ការ​ឆ្លៀតបើក​​មុខ​របរ​​​លក់​ផលិត​ផល​រក្សា​សម្រស់​នេះ​ដែរ​ថា៖ «តាម​ពិត​ទៅ​នាង​ខ្ញុំ បាន​លក់​គ្រឿង​រក្សា​សម្រស់​ទាំង​នេះ​ជា​លក្ខណៈ​គ្រួសារយូរ​ប្រមាណ​ជាង​មួយ​ឆ្នាំ​ហើយ​ តែខ្ញុំ​មិន​ផ្សព្វ​ផ្សាយ​។​ ​ការ​បើក​មុខ​​​របរ​​បន្ថែម​នេះ​ ​​ក៏​ព្រោះ​តែ​មិន​ចង់​ឲ្យ​ខ្លួន​នៅ​ទំនេរ​ច្រើន ហើយ​ម្យ៉ាង​ទៀត​នឹក​ឃើញ​ដល់​សម្តី​ម៉ាក់​គាត់​ថា ខំប្រឹង​ទាន់​ខ្លួន​នៅ​ក្មេង​ ក៏​តាំង​ចិត្ត​បើក​លក់​វា​តែ​ម្តង​​ទៅ»។​

បុប្ផា​រីក​លើ​វិថី​សិល្បៈ​ភាពយន្ត​កញ្ញា គឹម ច័ន្ទ​បរមី​ បាន​បង្កើត​​ចំណង​ស្នេហ៍​ដ៏​ផ្អែម​ល្ហែម​បើក​ចំហ​ រហូត​​ហ៊ាន​ហៅ​គ្នា​ដូច​ជា​ប្តី​ប្រពន្ធ​ ខណៈ​ចាស់​ទុំ​ទាំង​សង​ខាង​ក៏​បាន​ព្រម​ព្រៀង​​ទៀត​​ផង ជាមួយ​នឹង​គូស្នេហ៍ ​ជា​បុរស​ត្រកូល​រាជ​សីហ៍​គឺ​​លោក ហ៊ុន បញ្ញាបុត្រ​ បានប្រមាណ​​ពីរ​បី​ឆ្នាំ​មក​ហើយដែរ​​។

កញ្ញា គឹម ច័ន្ទ​បរមី​ ក៏​បាន​បរិយាយ​ការប្រើ​ភាសា​ហៅ​គ្នា «​ប្ដី​ប្រពន្ធ​» នោះ​ទៀត​ថា​៖ «​ពេល​ជួប​គ្នា​ពិតប្រាកដ និង​ពេល​ដើរលេង​នោះ ភាសា​ពួកយើង​ហៅ​គ្នា​គឺ​ដូចជា​មិត្តភក្តិ​ធម្មតា​អ៊ីចឹង គឺ​គាត់​និយម​ហៅ​ឈ្មោះ​ថា អាមី ហើយ​ខ្ញុំ​ហៅ​គាត់ បង​បុត្រ​។ ចំពោះ​ពាក្យ​​ផ្អែមល្ហែម​ដូចជា អូន​បង នោះ​យើង​នៅ​ដូចជា​នៅ​មិន​ទាន់​ទម្លាប់​បាន​នៅ​ឡើយ​ទេ នាពេល​នេះ​»​៕​