ក្រុងប៉េកាំង : ខ្យល់កខ្វក់ដែលធ្វើឲ្យរមាស់បំពង់ក និងហូរទឹកភ្នែកគឺជាកត្ដាចម្បងធ្វើឲ្យប្រជាជនក្នុងប្រទេសចិនមិនសូវរីករាយ ដោយយោងតាមការសិក្សាមួយចុះផ្សាយកាលពីថ្ងៃចន្ទដែលបានភ្ជាប់អ្នកប្រាស្រ័យទាក់ទងលើបណ្ដាញសង្គមទៅនឹងកម្រិតបំពុលបរិយាកាសដ៏អាប់អួ។
អ្នកដឹកនាំការសិក្សា ស៊ីហ្គី ហ្សេង ជាជំនួយការសាស្ដ្រាចារ្យនៅ MIT និងជានាយកផ្នែកមន្ទីរពិសោធន៍អនាគតទីក្រុងរបស់ចិនប្រចាំសាកលវិទ្យាល័យ បានឲ្យដឹងថា៖ «កម្រិតខ្យល់កខ្វក់ខ្ពស់បន្ទាបភាពរីករាយរបស់មនុស្សក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតក្នុងលោក»។
ខ្យល់កខ្វក់មិនមែនជាដើមចមកាត់បន្ថយភាពរីករាយតែឯកឯងទេ។ តម្លៃផ្ទះដ៏ខ្ពស់កប់ពពក ក្ដីកង្វល់លើសុវត្ថិភាពចំណីអាហារ និងបញ្ហាសេវាកម្មសាធារណៈអាចក្លាយជារឿងកាន់តែស្មុគស្មាញបើពលរដ្ឋវណ្ណៈកណ្ដាល រងធូលីចេញពីរោងចក្រថាមពលដើរដោយធ្យូងថ្ម និងរោងចក្រនានាដែលចូលផ្ដុំនៅក្នុងសួតថែមទៀតនោះ។
អង្គការសុខភាពពិភពលោក និងស្ថាប័នស្រាវជ្រាវដទៃទៀតសន្និដ្ឋានថាអត្រាមរណភាពមុនអាយុជាង ១ លាននាក់រៀងរាល់ឆ្នាំនៅចិនអាចបង្កពីបញ្ហាខ្យល់កខ្វក់។ ល្បាយខ្យល់លាយឡំជាតិពុលទាំងសមាសធាតុ អាហ្សូតឌីអុកស៊ីត ស្ពាន់ធ័រឌីអុកស៊ីត និងអូហ្ស៊ូនមានទំនាក់ទំនងជាមួយបញ្ញាញាណអន់ថយ លទ្ធភាពពលកម្ម និងលទ្ធផលនៃការអប់រំ។
ការសិក្សាក៏បានបង្ហាញថា បរិស្ថានកខ្វក់ក៏អាចញ៉ាំងឲ្យពលរដ្ឋឆាប់ឆេវឆាវ និងអត្ដចរិតគ្រោះថ្នាក់ប្រព្រឹត្ដរឿងសោកសៅផងដែរ៕ HR