ភ្នំពេញ៖ ថ្មីៗ​នេះ មាន​ការ​លេចឮ​ដំណឹង​ថា​ ​គូស្នេហ៍​​របស់​នាយ ចឺម ដែល​ជា​តារា​សម្តែង​ជា​ពិធីការិនី​ទូរទស្សន៍ និង​ជា​តារា​ម៉ូដែល​មាន​រូប​ស្រស់​ស្អាត សាច់​ស​ខ្ចី ​​ឈ្មោះ​ពិត គៀត បេឡា ហៅ​កញ្ញា ហ្វាហ្វា ប្រកាស​ពី​ក្តី​ប្រាថ្នា​ធំ​របស់​ខ្លួន​ស្រឡាញ់​ពី​ក្មេង ​គឺ​ចង់​ក្លាយជា​តំណាង​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ប្រចាំ​នៅ​ឆ្នាំ ​២០២០ នេះ​​។

គេ​ក៏​ដឹង​ដែរ​ថា កញ្ញា ហ្វាហ្វា​ ដែល​គ្រប់​គ្នា​ដឹង​ថា ពេល​នេះ​នាង​គឺ​ជា​គូស្នេហ៍​របស់​តារា​ចម្រៀង​ប្រុស​​រលក​ក្រោយ​ នៅ​លើ​ទ្រនំ​សាន់ដេ ​គឺ​​នាយ ចឺម ពី​​អតីត​ក៏​ធ្លាប់​ជា​បវរកញ្ញា ដែល​តំណាង​​ឲ្យ​ជាតិ​​កម្ពុជា​ក្នុង​ការ​ប្រកួត ​Miss Cosmos World ​កាល​ពី​ឆ្នាំ​២០១៨ ផង​ដែរ ដោយ​​​នាង​ជាប់​ត្រឹម​ជម្រុះ​ Top8 Miss Cosmos World 2018 ហើយ​មហាជន​ក៏​ចាំ​មើល​​​ទាំង​អស់​គ្នា​ដែរ​ថា ​តើ​នាង​អាច​គ្រង​មកុដ​បវរកញ្ញា​ចក្កវាឡ​​កម្ពុជា​ឆ្នាំ​ ២០២០ បាន​ដូច​ក្តី​ប្រាថ្នា​ដែរ ឬយ៉ាង​ណា?

កញ្ញា ហ្វាហ្វា ដែល​ជា​បុប្ផា ១ ​ទង ​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ សាច់​សខ្ចី ស្រុក​កំណើត​​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល វ័យ ​២៣ ឆ្នាំ​រូប​​​នេះ​បាន​បង្ហើប​ឲ្យ​ដឹង​​ថា៖ «ចាស! ​នេះ​គឺ​ជា​ការ​ពិត​ណាស់! ​វា​​​គឺ​ជា​ក្តី​ស្រមៃ​ធំ​មួយ​សម្រាប់​​នាង​ខ្ញុំ ដែល​ធ្លាប់​មាន​ក្តី​បំណង​តាំង​ពី​ក្មេង​​មក ​ហើយ​វា​ជា​ក្តី​ស្រឡាញ់​ខ្លាំង​​របស់​ខ្លួន​ដែរ​ ខណៈ​ឆ្នាំ​​កន្លង​មក​នោះ ដោយសារ​តែ​មិន​​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ប្រកួត​ប្រជែង​​នៅ​ក្នុង​កម្មវិធី​បវរ​កញ្ញា​ចក្កវាឡ​នោះ ទើប​នាង​ខ្ញុំ​មិន​​បាន​ដាក់​ពាក្យ​ចូល​ប្រកួត​ ហើយ​​ឆ្នាំ​នេះ ​ក៏​មាន​ការ​តាំង​ចិត្ត​ដាក់​​ពាក្យ​ចូល​ប្រកួត​ឲ្យ​ខាង​តែ​បាន ដើម្បី​ផ្តល់​ឱកាស​ខ្លួន​ឯង​ដើរ​លើ​ផ្លូវ​ដែល​ខ្លួន​ចូល​ចិត្ត​ និង​​ចង់​ដឹង​ពី​សមត្ថភាព​​ខ្លួន​សម្រាប់​​​ការ​​ប្រកួត​មួយ​នេះ​ផង​ដែរ​។ ដូច្នេះ​ទោះបី​ជា​រវល់​យ៉ាង​ណា ក៏​ត្រូវ​តែ​​លៃលក​ពេល​​វេលា​សម្រាប់​ការ​​ប្រកួត​បវរ​កញ្ញា​ចក្កវាឡ​ឆ្នាំ ​២០២០ ​​នេះ​ដែរ ហើយ​ខ្លួន​ឯង​​ក៏​មាន​ក្តី​សង្ឃឹម​ជឿ​ជាក់​ខ្លាំង​លើ​​ខ្លួន​ឯង​ផង​ដែរ​​ ដើម្បី​​ដើរ​វិថី​សិល្បៈ​ដែល​ខ្លួន​ស្រឡាញ់​តាំង​ពី​តូច​មក​នោះ​»។​

កញ្ញា ​ហ្វាហ្វា បាន​បន្ត​ថា៖ «នាង​ខ្ញុំ​គិត​ថា បទ​ពិសោធ​នៅ​ក្នុង​ការ​ប្រកួត​បវរ​កញ្ញា ដែល​តំណាង​ជាតិ​ឲ្យ​កម្ពុជា​​​នៅ​ក្នុង​ការ​ប្រកួត ​Miss Cosmos World ​កាល​ពី​ឆ្នាំ ២០១៨ នោះ​ជា​ទុន​​ដ៏​សំខាន់​សម្រាប់​នាង​ខ្ញុំ​មក​ប្រកួត​បវរ​កញ្ញា​ចក្កវាឡ​កម្ពុជា​ឆ្នាំ ​២០២០ ហើយ​ចំពោះ​រឿង​សមត្ថភាព​ភាសា​​អង់គ្លេស​វិញ គិត​ថា​ខ្លួន​ខ្ញុំ​អាច​ប្រើប្រាស់​សម្រាប់​ប្រាស្រ័យ​ទាក់ទង​បាន​ក្នុង​វិស័យ​នេះ»។​

ដោយ​ឡែក​តារា​កំប្លែង​ដែល​វិវឌ្ឍ​ខ្លួន​ជា​តារាច​ម្រៀង នាយ ​ចឺម ​កំពុង​តែ​មាន​ការ​គាំទ្រ​ពី​មហាជន​យុវវ័យ​ក៏​មាន​សេចក្តី​យល់​ស្រប​ដល់​ក្តី​​ប្រាថ្នា​របស់​ស្រី​កំណាន់​ចិត្ត​ខ្លួន​ផង​ដែរ​ ដោយ​​លោក​​​​បាន​ឲ្យ​ដឹង​ថា៖ «មិន​មាន​​ការ​រារាំង​​នូវ​​អ្វី​ជា​ចំណូល​ចិត្ត​​របស់​គាត់​​ឡើយ ហើយ​ខ្ញុំ​មាន​តែ​សេចក្តី​សប្បាយ​​ចិត្ត និង​ចូលរួម​លើក​ទឹក​ចិត្ត​​គាត់​សម្រាប់​ការ​​ចង់​ទៅ​ប្រកួត​ប្រជែង​យក​​តំណែង​ជា​​បវរកញ្ញា​ចក្កវាឡ​កម្ពុជា​ប្រចាំ​ឆ្នាំ ​២០២០​ ​នេះ»​៕​