ភ្នំពេញៈ​ គំនូរ​​រូប​​សួនផ្កា​ តុក្តតា​ ​មនុស្ស​ វត្ថុ​ ទេសភាព និង​​សត្វ​ដ៏​រស់រវើក លាយឡំ​ជាមួយ​អក្សរ​ខ្មែរ​ អង់គ្លេស​ ត្រូវ​បាន​​វិចិត្រករ​​កូន​ខ្មែរ ​១ ក្រុម​​រំលេច​លើ​បន្ទះក្ដារ​ឈើ​ បន្ថែម​ពី​លើ​ភាពច្នៃ​ប្រឌិត​របស់​ខ្លួន​កន្លង​​មក ដែល​ធ្លាប់​បញ្ចេញ​ទឹក​​ដៃ​​​ទាំង​លើ​​ផ្ទាំង​ក្រណាត់ សម្លៀក​បំពាក់ មួក និង​​​ជញ្ជាំង​ថ្មី​ចាស់​នានា។​

នៅ​ពេល​ក្តារ​​​​ពណ៌​​​ក្រមៅ​​​គ្មាន​​វិញ្ញាណ​ ត្រូវ​បាន​​ក្រុម​វិចិត្រករ​​ជក់ ​១ ​ដើម គូរ​លាប​ពណ៌​បន្ថែម​ បន្ទះ​ឈើ​​នោះ​ប្រែ​ជា​​​រស់រវើក​​គួរ​ឲ្យ​ចង់​គយគន់​ ជា​ហេតុ​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​វត្ថុ​ប្រើ​សម្រាប់​ដាក់​តាំង​លម្អ​​ដ៏​ស្អាត​​​ប្លែក​​​ភ្នែក។

លោក​ មែន​ បារាំង​ ម្ចាស់​ហាង​ Cambodia Painting Shop និង​ជា​ប្រធាន​ក្រុម​ជក់ ​១ ​ដើម​ បាន​លើក​ថា ​បច្ចុប្បន្ន​​លោក​កំពុង​មមាញឹក​នឹង​ការ​​គូរ​គំនូរ​នៅ​លើ​បន្ទះ​ក្តារ​ឈើ។

លោក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «​មិន​ថា​គំនូរ​​លើ​ក្រណាត់​ លើ​ក្តារ​ ឬ​លើ​ជញ្ជាំង​ គំនូរ​នីមួយៗ​ សុទ្ធ​តែ​មាន​រៀបរាប់​ពី​សាច់​រឿង​ និង​​មាន​បង្កប់​អត្ថន័យ​ផ្សេងៗ​គ្នា​»។

សិល្បករ​ដែល​ស្នង​អាជីព​គំនូរ​​ពី​ឪពុក​រូប​នេះ បាន​​ឲ្យ​ដឹង​ទៀត​ថា គំនូរ​ក្តារ​ឈើ​មាន​ ២ ​ប្រភេទ​ គឺ​គំនូរ​លើ​បន្ទះ​ក្តារ​ឈើ​​​ព្យួរ​តាម​ជញ្ជាំង​ និង​គំនូរ​ក្តារ​ឈើ​​​​មាន​ជើង​ទ្រ​ ​ដែល​យក​ទៅ​ដាក់​បញ្ឈរ​ក្បែរ​ជញ្ជាំង​ផ្ទះ​ មុខ​ផ្ទះ​ មុខ​ហាង​ ផ្លូវ​ចូល​ហាង​ ដើម្បី​បង្កើន​សោភណភាព និង​​ទាក់​ទាញ​ចំណាប់​អារម្មណ៍​។​

​​ក្រុម​វិចិត្រករ​​ជក់​​១ដើម មានសមាជិក​ចម្រុះ ដោយ​អ្នក​ខ្លះ​បញ្ចប់ការ​សិក្សា​ផ្នែកវិចិត្រកម្ម និង​ខ្លះទៀត​រៀន​គូរ​តាមយូធូប។ រូបថត សហ​ការី

ក្រុម​សិល្បករ​ដែល​​បង្កើត​ស្នាដៃ​គំនូរ​ក្ដារ​ទាំង​នេះ ​ត្រូវ​បាន​លោក​ មែន​ បារាំង​ ​រៀបរាប់​ប្រាប់​ថា៖ «ក្នុង​ក្រុម​របស់​​ខ្ញុំ​មាន​វិចិត្រករ​ចំនួន​ ៦ រូប​ ​គិត​ទាំង​ខ្ញុំ​ ហើយ​ខ្ញុំ​បង្កើត​ក្រុម​នេះ​ឡើង​ គឺ​ដើម្បី​ប្រមូល​ផ្តុំ​អ្នក​ដែល​​មាន​ស្នាដៃ​ និង​អ្នក​​ស្រឡាញ់​គំនូរ​ ដើម្បី​បង្កើត​ស្នាដៃ​ថ្មី​ប្លែក​ នៅ​ក្នុង​វិស័យ​គំនូរ​​នេះ​ ហើយ​ខ្ញុំ​ហៅ​ក្រុម​នេះ​ថា​ ក្រុម​ជក់ ​១ ដើម»។

លោក មែន បារាំង​ ដែល​រៀន​គំនូរ​ពី​ឪពុក​តាំង​ពី​អាយុ ១០ ឆ្នាំ និង​មាន​បទពិសោធ​លើ​វិស័យ​សិល្បៈ​កាន់​ជក់​នេះ ១៥ ឆ្នាំ​មក​ហើយ​នោះ​ បាន​​បន្ត​ទៀត​​ថា៖ «ក្នុង​ក្រុម​របស់​ខ្ញុំ​ មាន​​អ្នក​ខ្លះ​បញ្ចប់​ការ​សិក្សា​​នៅ​សាកលវិទ្យាល័យ​ ភូមិន្ទ​វិចិត្រ​សិល្បៈ​ អ្នក​ខ្លះ​ទៀត​ចេះ​គូរ​​គំនូរ​តាម​យូធូប​ និង​ចេះ​តាម​គ្នា​។ ចំពោះ​អ្នក​គ្មាន​​បទពិសោធ ខ្ញុំ​ក៏​បាន​បង្ហាត់​បង្រៀន​គាត់​បន្ថែម​រហូត​គាត់​អាច​មាន​លទ្ធភាព​គូរ​គំនូរ​បាន​ល្អ​ និង​អាច​ឈរ​ជើង​​បាន​មក​ដល់​សព្វ​ថ្ងៃ​»។

ក្រៅ​ពី​គំនូរ​នៅ​លើ​ក្តារ​ និង​ជញ្ជាំង​ ក្រុម​ជក់ ១ ដើម ក៏​មាន​​ការ​ច្នៃ​​ប្រឌិត​​ធ្វើ​គំនូរ​ពី​សំរាម រូបភាព​ផ្គុំ​ពី​កម្ទេច​ឈើ ស្មៅ​ក្រៀម ​និង​​គំនូរ​​នៅ​លើ​សម្លៀក​​បំពាក់ ដែល​ផ្ដល់​ជម្រើស​​ជា​ច្រើន​ដល់​អ្នក​​គាំទ្រ​ស្នាដៃ​សិល្បៈ​កូន​ខ្មែរ។

យ៉ាងណា​មិញ Cambodia Painting Shop របស់​លោក​សព្វ​ថ្ងៃ​ដំណើរការ​​លក់​ស្នាដៃ​​តាម​អនឡាញ​ប៉ុណ្ណោះ។

លោក​ បារាំង​ ជា​ប្រធាន​ក្រុម​ជក់ ​១ ដើម បាន​ឲ្យ​ដឹង​ថា លោក​កំពុង​តែ​រក​ទីតាំង​សមរម្យ​សម្រាប់​បើក​ហាង​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ​ ដោយ​​រៀបចំ​​កន្លែង​តាំង​បង្ហាញ​ផ្ទាំង​គំនូរ​។

ក្រៅ​ពី​ការ​កុម្ម៉ង់​ជាវ​គំនូរ​អនឡាញ​ ក្រុម​ជក់ ​១ ដើម​ ក៏​ផ្ដល់​សេវា​គូរ​គំនូរ​លើ​ជញ្ជាំង​​​ដល់​ទីកន្លែង​ផ្ទាល់​គ្រប់​ ២៥ ខេត្ត-​ក្រុង ដូចជា​​តាម​​ផាប់​ ក្លិប កន្លែង​កម្សាន្ត មិន​ថា​ជញ្ជាំង​ថ្មី​ ជញ្ជាំង​​ចាស់​ ឬ​ជញ្ជាំង​ដែក​​នោះ​​​ទេ។ តម្លៃ​នៃ​ការ​គូរ​​ គិត​ទៅ​តាម​ទំហំ​ផ្ទៃ​ក្រឡា​​។​

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​មាន​ទទួល​គូរ​គំនូរ​គ្រប់​ប្រភេទ​ មិន​ថា​​គំនូរ​បែប​បុរាណ​ Freestyle 3D បែប​សម័យ​​ គំនូរ​បែប​បរទេស​ ឡូហ្គោ​ហាង​ និយាយ​ជា​រួម​​ ​គឺ​គំនូរ​គ្រប់​ប្រភេទ​ទៅ​តាម​ការ​ចង់​បាន​របស់​អតិថិជន។ ហាង​របស់​យើង​ មាន​គំនូរ​​​គ្រប់​ប្រភេទ គ្រប់​សណ្ឋាន​តូច​ធំ​ គ្រប់​​ខ្នាត​ ស័ក្ដិសម​សម្រាប់​ការ​រៀបចំ​​លម្អ​តាម​ហាង​កាហ្វេ​ ភោជនីយដ្ឋាន​ សណ្ឋាគារ​ តាម​ផ្ទះ​ ក្នុង​បន្ទប់​ ជាមួយ​តម្លៃ​សមរម្យ​ ចាប់​ពី​ ១០ ដុល្លារ​ ដល់​ ២០០ ​ដុល្លារ​»។

លោក​ក៏​​សំណូមពរ​ឲ្យ​បងប្អូន​​​ខ្មែរ​​គាំទ្រ​ស្នាដៃ​កូន​ខ្មែរ​ ជា​កម្លាំង​ចិត្ត​ដល់​ក្រុម​លោក​បន្ត​ខ្នះខ្នែង​​បង្កើត​ស្នាដៃ​ថ្មីៗ​​។

លោក​ប្រាប់​ពី​គម្រោង​​​ថ្ងៃ​មុខ​ថា​៖ «ខ្ញុំ​មាន​បំណង​ចង់​ប្រមូល​ផ្តុំ​អ្នក​​មាន​ស្នាដៃ​​ពី​គ្រប់​ទិសទី​ រួម​គ្នា​បង្កើត​ជា​ស្នាដៃ​មួយ​​ថ្មី​សន្លាង និង​ប្លែក​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ​ដើម្បី​ឲ្យ​មហាជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​​ទទួល​ស្គាល់​ស្នាដៃ​ថ្មី​​ និង​ភាព​ច្នៃ​ប្រឌិត​របស់​វិចិត្រករ​ខ្មែរ​»។

ព័ត៌មាន​បន្ថែម​មាន​នៅ​ទំព័រ​ហ្វេសប៊ុក ​@Cambodia Painting Shop៕