ភ្នំពេញ: គ្រឿង ឬ (Lemongrass Paste) រូបមន្ដ​គ្រឿងផ្សំ​រសជាតិ​ម្ហូប​ខ្មែរ​របស់​អតីតជន​ភៀសខ្លួន​ពី​សម័យ​សង្គ្រាម​ក្នុង​របប ប៉ុល ពត បាន​ឈ្នះ​ពាន​អន្ដរជាតិ​មួយ​ចំនួន​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ដែល​ទទួល​បាន​ការគាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​អតិថិជន​ជា​ជនជាតិ​អាមេរិក​។

ចំណោម​រូបមន្ដ​ទឹកជ្រលក់​បែប​ខ្មែរ​ជាច្រើន​មុខ​របស់​អ្នកស្រី Channy Laux រួមទាំង​ជ្រក់ម្ទេស​ដ៏​ពេញនិយម និង​ទឹកត្រី​អម្ពិល​ទុំ ទើប​ផលិត​ឡើង​ថ្មីៗ​គ្រឿង បាន​ទទួល​ពាន Sofi Award ឆ្នាំ​ ២០១៨ នៅ​ពិព័រណ៍​ម្ហូប Summer Fancy Food Show ក្នុង​ទីក្រុង​ញូវយ៉ក និង​ពាន Gold & Silver Plate Awards លើក​ទី​ ៦៥ របស់ International Facility Management Association (IFMA) កាលពី​ខែ​ឧសភា ឆ្នាំ​ ២០១៩​។

រូបមន្ដ​ម្ហូប​ពី​អ្នក​ម្ដាយ​ដែល​ជា​តួអង្គ​ដ៏សំខាន់​ក្នុង​សង្គម​ខ្មែរ នៅ​តែ​បន្ដ​ថែរក្សា បើ​ទោះបី​ជា​ពួកគេ​ឃ្លាត​ចាក​មាតុភូមិ​ដ៏សែនឆ្ងាយ​ដោយ​ការរត់​ភៀសខ្លួន​ពី​សម្ពាយ​ជីវិត​សែនវេទនា​ក្រោម​របប​ខ្មៅ​ងងឹត​ទៅ​កាន់​ទឹកដី​ថ្មី​យ៉ាងណា​ក៏ដោយ​។

អ្នកស្រី Channy Laux បច្ចុប្បន្ន​ជា​ស្ថាបនិក​វេបសាយ​លក់​គ្រឿងទេស Angkor Food ធ្លាប់​ជា​ជនរងគ្រោះ​រួច​ជីវិត​ពី​របប​ខ្មែរក្រហម​ដោយ​ពេល​ប៉ុល ពត កាន់កាប់​អំណាច​ក្នុង​ឆ្នាំ​ ១៩៧៥ អ្នកស្រី​មាន​អាយុ ១៣ ឆ្នាំ​។

ទៅ​ដល់​ទឹកដី​ស៊ីវិល័យ​នៃ​ទីក្រុង Lincoln រដ្ឋ Nebraska ឆ្នាំ​ ១៩៧៩ ក្នុង​ស្ថានភាព​ជា​ជនភៀសខ្លួន អ្នកស្រី Channy Laux រួម​ជាមួយ​អ្នក​ម្ដាយ និង​បងប្អូន ៣ នាក់​ទៀត​ជួប​នូវ​បញ្ហា​អត់ឃ្លាន រង​ការ​មាក់ងាយ ជំងឺ​ឈឺថ្កាត់ ព្រម​ទាំង​ព្រាត់ប្រាស​ក្រុម​គ្រួសារ និង​សាច់ញាតិ​ដទៃ​។

អ្នកស្រី Channy បាន​រៀបការ​ស្វាមី​អាមេរិក និង​មាន​កូន​ ២ ​នាក់​។ រូបថត សហការី

មុន​ពេល​មាន​ឱកាស​ចូលរៀន​នៅ​វិទ្យាល័យ Lincoln High School អ្នកស្រី ចំណាយពេល ៤ ឆ្នាំ​ក្នុង​ខណៈ​ខ្លួន​អត់​ចេះ​ភាសា​អង់គ្លេស​អ្វី​សោះ​។ ការតស៊ូ និង​ពុះពារ​ឧបសគ្គ​ក្នុង​ជីវិត​នៅ​លើ​ទឹកដី​ថ្មី ស្ដ្រី​ខ្មែរ​ដែល​មាន​អ្នក​ម្ដាយ​តែងតែ​បង្ហាត់​បង្រៀន​របៀបរបប​ជា​ស្ដ្រី​ខ្មែរ​រូប​នេះ​បាន​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ជាន់ខ្ពស់ Master of Science in Applied Mathematics ពី​សាកលវិទ្យាល័យ Santa Clara University និង Mathematics/Computer Science នៃ University of Nebraska-Lincoln​។

ស្ដ្រី​ដែល​បាន​រៀបការ​ជាមួយ​បុរស​អាមេរិក​ដោយ​មាន​ចំណងដៃ​តំណក់​ឈាម​កូនស្រី​ម្នាក់ និង​ប្រុស​ម្នាក់​រូប​នេះ​បាន​ឲ្យ​ដឹងថា​៖ «​មុនពេល​ចាប់ផ្ដើម​មុខ​ជំនួញ​គ្រឿង​នេះ ខ្ញុំ​ធ្វើការ​ជា​វិស្វករ​ម្នាក់​ឲ្យ​ក្រុមហ៊ុន Silicon Valley រយៈពេល ៣០ ​ឆ្នាំ​។ ខ្ញុំ​មាន​បទពិសោធ​ច្រើន​ជាមួយ​ប្រព័ន្ធ​ផ្សេងៗ​របស់​ក្រសួង​ការពារជាតិ​អាមេរិក និង​ឧស្សាហកម្ម Biotech»​។

កាលពី ៩​ឆ្នាំមុន ក្រោយពី​ម្ដាយ​ទទួល​មរណភាព​អ្នកស្រី​មាន​អារម្មណ៍​ហេលហាល និង​ចាប់​នេះ​ខុស​ចាប់​នោះ​ខុស​ចំពោះ​ភារកិច្ច​ប្រចាំ​។

ការរៀន​ចម្អិន​មុខម្ហូប​ខ្មែរ​ពី​អ្នក​ម្ដាយ​ដែល​អ្នកស្រី​អះអាង​ថា​ជា​មេ​ចុងភៅ​មុខម្ហូប​ខ្មែរ​ដ៏ចំណាន​ប្រចាំ​គ្រួសារ​គឺជា​ចំណូល​ចិត្ដ​ចម្បង ទោះ​អ្នកស្រី​រស់នៅ​ដ៏សែនឆ្ងាយ​ពី​មាតុភូមិ​កំណើត​យ៉ាង​ណា​ក៏ដោយ​។

អ្នកស្រី Channy Laux បាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​ថ្ងៃមួយ​កូនស្រី​ខ្ញុំ​បាន​ខល​ទូរស័ព្ទ​ពី​សាលា​ឲ្យ​ខ្ញុំ​ធ្វើ​ជ្រក់ម្ទេស​ដែល​ជីដូន​ធ្លាប់​ធ្វើឲ្យ​។ សំណើសុំ​មួយ​នេះ បាន​រំឭក​ដល់​អនុស្សាវរីយ៍​ដ៏រីករាយ​រវាង​ខ្ញុំ និង​អ្នក​ម្ដាយ​។ ខ្ញុំ​ក៏សម្រេចចិត្ដ​ផ្សំ​គ្រឿង​ជ្រក់ម្ទេស​សម្រាប់​ឲ្យ​ក្រុម​គ្រួសារ និង​មិត្ដភក្ដិ​ទទួលទាន​ដោយ​ចាប់ផ្ដើម​ពី​ការធ្វើ​ជ្រក់ម្ទេស​មួយ​ក្រឡ​ធំ​តាម​រូបមន្ដ​អ្នក​ម្ដាយ​។ ជ្រក់ម្ទេស​មួយ​ក្រឡ​នេះ​ធ្វើ​ឡើង​ពី​អនុស្សាវរីយ៍​នៃ​ក្ដីស្រឡាញ់ និង​តំណក់​ទឹកភ្នែក​ផង​ដែរ​»​។

អ្នកស្រី​បាន​ផ្ញើ​ទឹកម្ទេស​ឲ្យ ណាតាសា (​ជា​ឈ្មោះ​កូនស្រី​) ហើយ​សល់​ប៉ុន្មាន​ទៀត​សម្រាប់​សាច់ញាតិ និង​មិត្ដភក្ដិ​។ អ្នក​រួម​អាជីព​ខ្លះ​បាន​បន្ដ​សុំ​បន្ថែម​ទៀត​ជារឿយៗ តែ​មិន​ចង់​បាន​ដោយ​ឥតគិតថ្លៃ​នោះ​ឡើយ​។

ស្ដ្រី​ដែល​បាន​ឈ្នះ​ពាន​តំណាង​ប្រទេស​កម្ពុជា​រូប​នេះ​បាន​ប្រាប់​ថា​៖ «​នោះ​ហើយ​ជា​អ្វី​ដែល​យើង​បាន​ចាប់ផ្ដើម​មុខ​ជំនួញ​លក់​គ្រឿង​។ កាលពី ៣ ឆ្នាំ​មុន​ខ្ញុំ​បាន​សម្រេច​ចិត្ដ​បង្កើត​មុខរបរ​នេះ​ពេញដៃ​ពេញជើង​»​។

ក្នុង​បំណង​ផលិត​គ្រឿង​ប្រកប​ដោយ​គុណភាព​ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​មេផ្ទះ​ពិបាក​រក​គ្រឿង​ស្រស់ៗ អ្នកស្រី Channy Laux បាន​រៀនសូត្រ​ពី​អ្នក​ម្ដាយ​ទាំង​ ២ គួបផ្សំ​នឹង​បទពិសោធ​ការងារ​ផ្ទាល់​ខ្លួន​។

គ្រឿង​របស់​អ្នកស្រី​អាច​ប្រើ​ក្នុង​ការចម្អិនម្ហូប​ខ្មែរ និង​បស្ចិមប្រទេស​។ រូបថត សហការី

ស្ដ្រី​ខ្មែរ​ដែល​ធ្លាប់​ហែល​ឆ្លង​របប​អាវខ្មៅ និង​បាន​ចងក្រង​សៀវភៅ Short Hair Detention ៥៤៥ ទំព័រ រំឭក​ពី​ប្រវត្ដិ​រស់រាន​មាន​ជីវិត​ពី​ឆ្នាំ​ ១៩៧៥-១៩៧៩ បាន​និយាយ​ថា​៖ «​ខ្ញុំ​រៀន​ចម្អិន​មុខម្ហូប​ខ្មែរ​ពី​អ្នក​ម្ដាយបង្កើត​របស់​ខ្ញុំ ហើយ​ខ្ញុំ​រៀន​វិធី​ច្រក​ផលិតផល​ទាំងនោះ​ដាក់​ក្នុង​កំប៉ុង​ពី​អ្នក​ម្ដាយក្មេក​។ អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​អ្នក​ម្ដាយ​ទាំង​ ២ បាន​លើក​ទឹក​ចិត្ដ​រូបខ្ញុំ​ឲ្យ​ខិតខំ​បង្កើត​មុខម្ហូប និង​គ្រឿង​ខ្មែរ​។ បទពិសោធ​ការងារ​របស់​ខ្ញុំ​ក្នុង​ឧស្សាហកម្ម​ជីវបច្ចេកវិទ្យា​អាច​ឲ្យ​ខ្ញុំ​ធ្វើការ​ក្នុង​រដ្ឋបាល​ម្ហូបអាហារ និង​ឱសថ​អាមេរិក (FDA) និង​បង្កើន​ជំនឿ​ចិត្ដ​ខ្ពស់​ក្នុង​ការផលិត​ផលិតផល​ខ្មែរ​បន្ដ​ទៀត​»​។

ប៉ុន្ដែ​អ្នកស្រី​បាន​ប្រាប់​ថា​អ្នកស្រី​បាន​នាំចូល​គ្រឿង​ហឹរ​ពី​កម្ពុជា​ដោយ​ផ្ទាល់ ដូចជា ផលិតផល​ពី​ម្រេច​កំពត តែ​ផលិតផល​កែច្នៃ​ទាំងអស់​នៅ​ទី​នេះ​គឺជា​វត្ថុធាតុដើម​នៅ​អាមេរិក​នេះ​ផ្ទាល់​។ អ្នកស្រី Channy បាន​និយាយ​ថា​៖ «​យើង​រំពឹង​ថា​នឹង​នាំចូល​គ្រឿងផ្សំ​ពី​កម្ពុជា​នាពេល​ខាង​មុខ​ដ៏ខ្លី​នេះ​»​។

គ្រឿង​ដែល​ផ្សំ​ឡើង​ពី​ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមបារាំង ម្ទេស ទឹកត្រី ស្ករ ទឹក អំបិល ប្រេង​បន្លែ ខ្ជាយ រមៀត ស្លឹក​ក្រូចសើច និង​ទឹក​ក្រូចឆ្មារ​ជាដើម​អាច​ប្រើ​ក្នុង​ម្ហូប​ជាច្រើន​មុខ​រួម​ទាំង​ម្ហូប​ខ្មែរ និង​បស្ចិម​ប្រទេស​ផង​ដែរ​ដូចជា ការីខ្មែរ ស៊ុបម្នាស់ សាច់គោ​អាំង​ចង្កាក់ ប្រហុក​ខ្ទិះ អាម៉ុក ប៊ឺហ្គឺស្លឹកគ្រៃ និង​ជាពិសេស​មុខម្ហូប​ដ៏ពេញនិយម​គឺ​ឆា​គ្រឿង​សាច់មាន់​។

បើ​ទោះបី​ជា​គ្រឿង​មាន​សារធាតុ​ផ្សំ​រសជាតិ​បែប​ខ្មែរ​សុទ្ធសាធ​យ៉ាងណា​ក្ដី​ក៏​ផលិតផល​នេះ​មិន​សូវ​ទទួល​បាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​ប្រជាជន​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស ខណៈ​អតិថិជន​ភាគច្រើន​ជា​ជនជាតិ​អាមេរិក និង​ជាតិ​សាសន៍​អាស៊ី​ខ្លះៗ​។

គ្រឿង​ដែល​ទទួល​ពានរង្វាន់ Sofi ឆ្នាំ​ ២០១៨ ពី​សហគមន៍ Specialty Food Association ក្រោម​វត្ដមាន​អ្នក​ចូលរួម ៣៥០០០ ​នាក់​ត្រូវ​បាន​វាយតម្លៃ​យ៉ាង​ហ្មត់ចត់​ពី​អ្នក​ជំនាញ​ម្ហូបអាហារ​រួមមាន មេចុងភៅ សាស្ដ្រាចារ្យ អ្នកសរសេរ​ព័ត៌មាន​ពី​ម្ហូប និង​អតិថិជន​ផង​ដែរ​។

ស្ដ្រី​ដែល​មិន​ទាន់​មាន​ឱកាស​មកកាន់​មាតុភូមិ​កំណើត​ក្រោយ​ចាកចេញ​ជាង ៤០ ​ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹង​ថា​៖ «​ផលិតផល​ទទួល​ពាន​ទាំងនេះ​ត្រូវ​បាន​វិនិច្ឆ័យ​លើ​ការភ្លក្ស រួមទាំង រសជាតិ រូបរាង ល្បាយ និង​ក្លិន រួមទាំង គុណភាព​គ្រឿងផ្សំ និង​ភាព​ច្នៃប្រឌិត​»​។

បន្ថែម​ពី​ការទទួល​ពាន Sofi Award គ្រឿង​ក៏​បាន​ទទួលពាន Gold & Silver Plate Awards កាលពី​ពេល​ថ្មីៗ​នៅ​ទីក្រុង​ស៊ីកាហ្គោ​ដែល​អ្នកស្រី​បាន​ប្រដូច​ទៅ​នឹង​ពាន​សិល្បៈ Oscar Award ខណៈ​ពេល​ស្ដ្រី​ខ្មែរ​រូប​នេះ​មាន​ឱកាស​បាន​ឈាន​ជើង​ឡើង​លើ​វេទិកា​ស្មើ​នឹង​ក្រុមហ៊ុន​យក្ស​នានា​ដូចជា Coca-Cola, Sodexo និង Golden Corral​។

អ្នកស្រី​បាន​បញ្ជាក់​ថា​៖ «​យើង​មាន​មោទនភាព​ណាស់​ដែល​បាន​តំណាង​ឲ្យ​កម្ពុជា​ក្នុង​នាម​ជា​ក្រុមហ៊ុន Angkor Food លើ​ឆាក​អន្ដរជាតិ​។ យើង​រំពឹង​ថា នឹង​អាច​ប្រើ​អានុភាព​ពាន​នេះ​ដើម្បី​បង្កើត​យីហោ​កម្ពុជា​ឲ្យ​កាន់តែ​រឹងមាំ​លើ​ឆាក​អន្ដរជាតិ ហើយ​យើង​ក៏​នឹង​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​កសិករ​ខ្មែរ និង​ឧស្សាហកម្ម​ចំណី​អាហារ​ខ្មែរ​ផង​ដែរ​»​។

គ្រឿង​រួម​ជាមួយ​ជ្រក់ម្ទេស ម្រេច​កំពត និង​ផលិតផល​ជាច្រើន​មុខ​ដែល​ជា​រូបមន្ដ​កេរ​ម្ដាយ​របស់​អ្នកស្រី Channy Laux ត្រូវ​បាន​ដាក់​លក់​នៅ​បណ្ដា​ផ្សារ Specialty Markets ទូទាំង​សហរដ្ឋអាមេរិក វេបសាយ www.AngkorFood.com​អាម៉ាហ្សូន អនឡាញ Online Kroger និង​អនឡាញ​ដទៃ​ទៀត​៕