ក្រុងតូក្យូ៖ នៅគ្លីនិកជប៉ុនមួយ ស្ដ្រីម្នាក់គ្រងអាវក្រៅពណ៌សកំពុងយកចិត្ដទុកដាក់ចំពោះអ្នកជំងឺថ្មីម្នាក់ជាតុក្កតាសត្វចៀមញាត់សំឡី។
គ្លីនិកណាស៊ូមិ ឯកទេសជួសជុលតុក្កតាទន់ៗ និងតុក្កតាសម្រាប់ឱបនេបនិត្យផ្សេងៗឱ្យក្លាយមកជារូបរាងស្អាតដូចដើមវិញ ដែលផ្គាប់ចិត្ដម្ចាស់ដូចជា កញ្ញា យូអ៊ិ កាតុ ដែលនាំយកតុក្កតាចៀមឈ្មោះ យូគិ-ចាន់ មកជួសជុល។
យុវតីវ័យ ២៤ ឆ្នាំ បានប្រាប់ AFP ថា៖ «ខ្ញុំគិតថា ខ្ញុំគ្មានជម្រើសអ្វីក្រៅពីបោះវាចោលទេ ព្រោះវារហែកអស់ហើយ។ ប៉ុន្ដែក្រោយមក ខ្ញុំបានដឹងអំពីគ្លីនិកដែលជួយព្យាបាលជំងឺប្រភេទនេះ។ វាអាចនឹងមិនល្អដូចដើម តែខ្ញុំមកទីនេះដោយចង់ឱ្យសំណព្វចិត្ដខ្ញុំមានសុខភាពល្អវិញ»។
ស្ថាបនិកគ្លីនិក ណាស៊ូមិ ហាកូហ្សាគិ បាននិយាយថា គ្លីនិកផ្ដល់ការព្យាបាលជាច្រើនចាប់ពីការ «ការវះកាត់ភ្នែក» និងដាំសក់រហូតដល់ដេររបួសស្នាមតុក្កតាសំណព្វចិត្តម្ចាស់។
អ្នកស្រីចាប់ផ្ដើមព្យាបាលតុក្កតាញាត់សំឡីនេះតាំងពី ៤ ឆ្នាំមុននៅស្រុកកំណើត ភាគខាងជើងក្រុងសេនដាយ ក្រោយពីធ្វើការនៅហាងសម្លៀកបំពាក់ ជាទីដែលភ្ញៀវតែងតែស្នើសុំឱ្យអ្នកស្រីជួយជួសជុលតុក្កតាសំណព្វពួកគេ។
អ្នកស្រី ហាកូហ្សាគិ បានឱ្យដឹងថា៖ «អតិថិជនចាត់ទុកតុក្កតាញាត់សំឡីជាសម្លាញ់ជិតស្និទ្ធបំផុត។ វាមិនមែនត្រឹមតែវត្ថុលេងនោះទេ។ ក្រោយពីតុក្កតាត្រូវបានព្យាបាលរួច ពួកគេមិនភ្លេចឱបថើបទាំងរំភើបស្រក់ទឹកភ្នែកឡើយ»។
បទពិសោធនេះបានញ៉ាំងចិត្ដអ្នកស្រីឱ្យបើកហាងមួយដល់ការព្យាបាលពិសេស។ សម្រាប់តុក្កតាចៀម យូគិ-ចាន់ ដំបូងបំផុត អ្នកស្រី ហាកូហ្សាគិ ត្រូវរើសំឡីចេញ រួចបោកសម្អាតជាមួយសាប៊ូពិសេស ដែលអ្នកស្រីហៅថា «ការព្យាបាលតាមរយៈស្ប៉ា»។
គ្លីនិករមែងថតដំណាក់កាលព្យាបាលនីមួយៗ រួចបង្ហោះរូបភាពទាំងនោះតាមអនឡាញ។
ចៀមយូគិ-ចាន់ ដែលជាតុក្កតាសំឡីកខ្វក់ ត្រូវឆ្លងកាត់ការបោកគក់ពិសេសបានធ្វើឱ្យស្បែកក្រណាត់ប្រែជាស្រស់ស្អាត ហើយវេជ្ជបណ្ឌិត ហាកូហ្សាគិ បានសំឡីថ្មីដល់តុក្កតាចៀម។
ពេលដេរភ្ជិតរួចរាល់ សំឡីត្រូវបានញាត់ចូលក្នុងក្រណាត់ចៀម ដែលផ្ដល់នូវជីវិតជីវ៉ាថ្មីដល់ យូគិ-ចាន់ លើកលែងតែបេះដូង ដែលប្រើក្រណាត់ពណ៌ផ្កាឈូក និងញាត់សម្ភារដើមសេសសល់បន្ដិចបន្ដួច។
អ្នកស្រី ហាកូហ្សាគិ អាយុ ៣៤ ឆ្នាំ បានចាត់ទុកការព្យាបាលនេះជាវិធីបញ្ជូន «ដួងព្រលឹង» តុក្កតាទៅជារាងកាយថ្មី៕ AFP/HR