ភ្នំពេញ:​ ខណៈ​​មហាជន​នៅ​ទន្ទឹង​ចាំ​មើល និង​កំពុង​តែ​ចាំអ៊ុត​មើល ថា​តើ​ពេល​វេលា​នៃ​ថ្ងៃ​កំណត់​ចូល​រោង​ការ​ជាមួយ​នឹង​​អនាគត​ស្វាមីទី ២​ ដែល​មាន​មុខ​របរ​ជា​អ្នក​ជំនួញ​ក្មេង​មាន​ប្រាក់​ស្តុក​ស្តម្ភ​ឈ្មោះ ហេង ឡុង​ មិន​ទាន់​​មាន​ពន្លឺ​ច្បាស់​ឬ​ទេ​​នៅ​ឆ្នាំ​​ ២០១៨​នេះ​​ ក៏​ស្រាប់​តែ​គេ​ឃើញ​តារា​សម្តែង​​ជើង​ចាស់​អ្នក​នាង ចន​ ច័ន្ទ​លក្ខិណា បាន​​ព្រលយ​ពាក្យ​ពេចន៍​ការ​ពារ​ខ្លួន​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​។​​

​ប​ច្ចុ​​​​ប្ប​​​​​​​​​ន្ន​នេះ​ ទាំង​ការ​ទទួល​ស្គាល់​គ្នា​ដូច​​ជា​ប្ដី​ប្រពន្ធ ការ​​ចាត់​ទុក​កូនៗ​ទាំង​សងខាង ​ដូច​ជា​ឈាម​​បង្កើត​ ទ្រនំ​វីឡា​ខ្ពង់​ខ្ពស់​សាង​គ្រួសារ​ថ្មី​ក៏​មាន ​ហើយ​ខាង​ចាស់​ទុំ​ទាំង​​សងខាង​ក៏​ព្រម​ព្រៀង​នោះ ឃើញថា ជីវិត​ស្នេហ៍​ថ្មី​របស់​អ្នកនាង ចន ច័ន្ទ​លក្ខិណា នៅ​ខ្វះ​តែ​ពិធី​ក្រាប​ផ្ទឹម​បង្គ្រប់​កិច្ច​តាម​ប្រពៃ​ណី​តែប៉ុណ្ណោះ។

ពេល​កន្លង​មក​ លោក​ ហេង ឡុង​ ក៏​ធ្លាប់​បាន​បង្ហើប​ឲ្យ​ដឹង​ជា​តម្រុយ​ខ្លះៗ​ដែរ​ថា៖ «ចំពោះ​ថ្ងៃ​ចូល​រោង​ការ​នោះ សម្រាប់​ពួក​យើ​ង​ពិត​ជា​មាន​មែន​។ ​ដោយសារ​យើង​ទាំងពីរ​ សុទ្ធ​តែ​ធ្លាប់​បាន​ឆ្លង​កាត់​ថ្ងៃ​​មង្គលការ​រៀងៗ​ខ្លួន រួច​ម្ត​ង​មក​​ហើយ ដូច្នេះ​សម្រាប់​លើកទី ២ នេះ ពួក​យើង​នៅ​ចង់​បាន​ពេល​​វេលា​មួយ ឲ្យបាន​សមស្រប​ក្រែល​បន្តិច​សិនក្នុង​ការស្វែង​យល់​ចិត្តគ្នា​ឲ្យបាន​ច្រើន​បន្ត​ទៀត ហើយ​ណា​មួយ​មក​ដល់​ពេល​វ័យ​នេះ ​ក៏​ពួក​យើង​បាន​យល់​ច្បាស់​ផងដែរ​ថា​ ថ្ងៃ​មង្គល​ការ​​ហាក់​គ្រាន់តែ​ជា​ពេល​វេលា​មួយ​ កើត​បន្ទាប់​ប​ន្សំ​​ពី​ការ​យល់​ចិត្ត​ថ្លើម​គ្នា​តែ ប៉ុណ្ណោះ»។

រូបថត ស៊ូវុទ្ឋី

ខណៈ​ដំណឹង​ចូល​រោង​ការ ដែល​មហាជន​ចង់ដឹង​ដោយ​ក្តី​អន្ទះ​សារ​ រវាង​តារា​សម្តែង​ស្រី​ជើង​ចាស់​​មេម៉ាយ​កូនមួយ ​អ្នកនាង ចន ច័ន្ទ​លក្ខិណា ​អតីត​ភរិយា​តារា​សម្តែង​ប្រុស​ជើង​ចាស់​ លោក​ ​យុត្ថារ៉ា ឆានី និង​គូស្នេហ៍​ថ្មី​ជា​អ្នក​ជំនួញ​ពោះ​ម៉ាយ​កូន​មួយ​ដែរ​ គឺ​លោក ហេង ឡុង ហៅ​ រដ្ឋ​ ​ចេះ​​តែ​បន្លាយ​ពេល​ទៅ​មុខ​នោះ​ ​ក៏​ស្រាប់​តែ​ថ្មី​ៗ​នេះ​ ក៏​ផូស្ត៍​​ចេញ​នូវ​សារ​​ប​ង្ហើប​ប្រាប់​​ពីមូល​ហេតុ​នៃ​ការ​ពន្យា​ពេល​ចូល​រោង​ការ​របស់​​តារា​សម្តែង​ស្រី​ជើង​ចាស់ និង​ជា​ប្រធាន​សមាគម​អ្នក​សិល្បៈ​តែ​ម្តង​។​

អ្នកនាង ចន ច័ន្ទ​លក្ខិណា ​ បង្ហោះ​សារប្រាប់​ពី​មូល​ហេតុ​ដែល​នាង​ចេះ​តែ​ពន្យា​ពេល​រៀប​ការ​ខ្លួន​ជា​មួយ​​នឹង​លោក ហេង ឡុង ខណៈ​ពេល​ជិត​រៀប​មង្គល​ការ​ប្អូន​ស្រី​បង្កើត​​ខ្លួន​​​ថា៖ «សង្ឃឹម​ថា មហាជន​នឹង​លែង​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ទាន់​រៀប​ការ​។ គ្រួសារ​ខ្មែរ​គ្រប់ៗ​គ្នា​ កូន​ច្បង​ត្រូវ​មាន​តួ​នាទី​ និង​ភា​​រៈ​​ទទួល​ខុស​ត្រូវ​​ការ​គ្រប់​គ្រង​ ពាក់​កណ្តាល​ជា​ឪពុក ពាក់​កណ្តាល​ជា​ម្តាយ​ និង​ជា​ប្អូន។​​ ជួប​គ្នា​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ២០១៨ នៅ​កោះពេជ្រ​ អគារ​ K & L មង្គល​ការ Chorn​ch​an Raksmey & Lyveng Chea » ដែល​ហាក់​ចង់​ប្រាក់​ថា នេះ​ជា​មូល​ពិត​នៃ​ការ​ពន្យា​ពេល​ចូល​រោង​ជ័យ​ខ្លួន​ឯង និង​អនាគត​ស្វាមី​ទី​២ លោក ហេង ឡុង​ នោះ៕​