ភ្នំពេញៈ ចាប់ពីបានបណ្តុះបណ្តាលបន្ថែម ២ ឆ្នាំឲ្យដឹងពីប្រភេទនៃចម្លាក់សិល្បៈវប្បធម៌ខ្មែរមកនោះ ក៏បន្ថែមភាពច្បាស់លាស់មួយកម្រិតទៀតលើជំនាញជាងចម្លាក់ឈើ ដែលធ្លាប់តែចេះពីគ្រូក្រៅសាលាជិត ១០ ឆ្នាំមុនរបស់លោក ប៊ន សុភាព និងមានអ្នកគាំទ្រច្រើនឡើងៗទាំងនៅក្នុង និងក្រៅប្រទេស។
លោក ប៊ន សុភាព វ័យ ២៧ ឆ្នាំមានស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពង់ធំ និងមានឈាមជ័រសិល្បៈជាងឈើបន្តពីឪពុកដែលជាជាងធ្វើរទេះគោឈ្មោះ វ៉ាត់ ប៊ន នោះក៏ជំរុញឲ្យការចូលចិត្តសិល្បៈចម្លាក់ឈើរបស់លោកកាន់តែខ្លាំង និងមានភាពស្ទាត់ជំនាញ។
លោក ប៊ន សុភាព រៀបរាប់ពីប្រវត្តិខ្លួនកាលពី ២ ឆ្នាំមុនថា៖ «ខ្ញុំធ្លាប់ធ្វើការជាងចម្លាក់ឈើតាំងពីឆ្នាំ ២០០៩ និងទើបបានរៀនវគ្គបណ្តុះបណ្តាលចម្លាក់ពីក្រសួងវប្បធម៌រយៈពេល ២ ឆ្នាំ (ឆ្នាំ ២០១៦-២០១៨)។ អ្វីដែលគេទទួលស្គាល់ពីស្នាដៃចម្លាក់ឈើខ្ញុំនោះគឺពេលខ្ញុំបង្កើតស្នាដៃចម្លាក់ឈើរូបក្រដាសប្រាក់រៀលខ្មែរគឺក្រដាស ១ សែនរៀល។ ក្រោយមករាល់ស្នាដៃចម្លាក់ឈើរបស់ខ្ញុំក៏ត្រូវបានក្រសួងគាំទ្រ និងបានអនុញ្ញាតឲ្យខ្ញុំចូលរួមកម្មវិធីដែលមានលក្ខណៈអន្តរជាតិមាន ១៦០ ប្រទេសចូលរួមកាលពីឆ្នាំ ២០១៨ កន្លងមកនៅខេត្តសៀមរាបឈ្មោះថា World Wood Day ឆ្នាំ ២០១៨»។
ក្រៅពីនេះក៏មានស្នាដៃចម្លាក់ឈើផ្សេងៗដែលកំពុងពេញនិយមផងដែរគឺចម្លាក់រូបប្រាសាទអង្គរវត្ត បាយ័ន ពុទ្ធរូប អប្សរា ក្បាលសត្វគោព្រៃ ក្របី ទន្សោង ក្តាន់ រមាំង និងរូបទេសភាពជាដើម ខណៈក្រុមចម្លាក់ឈើលោក ប៊ន សុភាព គ្រាន់តែទទួលសេវាកម្មឆ្លាក់រូបយកកម្រៃឈ្នួលប៉ុណ្ណោះ។
លោក ប៊ន សុភាព ប្រាប់ថា៖ «ខ្ញុំមិនបង្កើតអាជីវកម្មដាក់លក់ឡើយ គ្រាន់តែទទួលការកុម្ម៉ង់ឆ្លាក់តាមតម្រូវការរបស់អតិថិជន និងយកតែថ្លៃឈ្នួលឆ្លាក់តែប៉ុណ្ណោះ។ ចំពោះថ្លៃឈ្មួលគិតតាមទំហំម៉ែត្រការ៉េគឺ ១ ម៉ែត្រការ៉េ ១០០០ ដុល្លារ និងប្រើពេលយូររាប់ខែ។ ដូចជាចម្លាក់ឈើទទឹង ១ ម៉ែត្រ និងបណ្តោយ ៣ ម៉ែត្រត្រូវប្រើពេល ២-៣ ខែ ឯណោះ។ ក្រៅពីមានការគាំទ្រពីសំណាក់ភ្ញៀវខ្មែរដែលមានឋានៈខ្ពស់កុម្ម៉ង់ឲ្យឆ្លាក់នោះ ស្នាដៃចម្លាក់ឈើលោក ប៊ន សុភាព ក៏មានការគាំទ្រពីសំណាក់ភ្ញៀវបរទេសផងដែរដូចជាប្រទេសចិន អាមេរិក បារាំង និងកូរ៉េខាងត្បូង។
ប្រសិនបើត្រូវការសេវាកម្មក្រុមជាងចម្លាក់ឈើរបស់កូនខ្មែរនៃក្រុមលោក ប៊ន សុភាព ដែលមានទឹកដៃល្អនោះអាចទាក់ទងផ្ទាល់បានតាមលេខទូរស័ព្ទ 086 45 99 97 ឬ 087 64 00 66៕