ភ្នំពេញ៖ ទោះបី​មាន​ទេពកោសល្យ​​​ល្អ​​ឯក​សិល្បៈ​គំនូរ និង​​ចម្លាក់​​តាំង​​ពី​ក្មេង​​វ័យ តែ​ដោយសារ​កត្តា​ជីវភាព​គ្រួសារ​ក្រីក្រ​មិន​អាច​​ផ្គត់ផ្គង់​ឲ្យ​ចាប់​ជំនាញ​សិល្បៈ​នៅ​​​សាលា​​បាន ក៏​អូស​បន្លាយ​ពេល​​ឲ្យ​វិចិត្រករ​ អេង សំអាត ដល់​​​​​មាន​​វ័យ​ ២៨ ឆ្នាំ​ ទើប​​អាច​មាន​ឱកាស​បាន​រៀន​សូត្រ​ពី​មូលដ្ឋាន​ខ្លះៗ​ស្តី​​ពី​សិល្បៈ​​វិចិត្រកម្ម​​​ សម្រាប់​ឈាន​ទៅ​​​បង្កើត​ស្នាដៃ​ថ្មី​ចម្លាក់​សហសម័យ​ដោយ​ខ្លួន​ឯង​បាន​។​

កើត​ចេញ​ពី​ក្តី​ស្រឡាញ់​ខ្លាំង និង​មាន​​ការ​ព្យាយាម​ខ្ពស់​ ទើប​ជំរុញ​ចិត្ត​ឲ្យ​វិចិត្រករ បច្ចុប្បន្ន​មាន​​វ័យ ​៣៩ ឆ្នាំ មាន​កូន​ប្រុស​ ៤​ នាក់ ខណៈ​កូន​ប្រុស​ច្បង​វ័យ​ ១៨ ឆ្នាំ​ កំពុង​តែ​រៀន​ចាប់​យក​ជំនាញ​សិល្បៈ​សូន​រូប​នៅ​ឯ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នោះ បង្ហើប​ពី​ការ​ចាប់​អាជីព​ជា​​​​ជាង​ចម្លាក់​សហសម័យ​​​ជាង​ ៤​ ឆ្នាំ​នេះ តែ​ទើប​បង្កើត​​បាន​ស្នាដៃ​ចម្លាក់​ប្រមាណ ​១៨ ផ្ទាំង​ប៉ុណ្ណោះ ខណៈ​​​​សល់​ពេល​ប៉ុន្មាន​ខែ​​ទៀត ទើប​លោក​​នឹង​សម្រេច​ស្នាដៃ​ចម្លាក់​លៀន​សរុប​ចំនួន​ ២៩ ផ្ទាំង។​​​

ដោយ​ឡែក​សា្នដៃ​លោក​​បាន​បន្សល់​ទុក​​ស្នាដៃ​តែ​ ២​ កន្លែង​គត់ ​គឺ​លើក​ទី ​១ ​ឆ្នាំ ​២០១៥ បង្កើត​ស្នាដៃ​​​ចំនួន ១៣​ ផ្ទាំង នៅ​វត្ត​មួយ​ ស្ថិត​នៅ​ក្នុង​ឃុំ​កោះរកា ស្រុក​ពាមជរ​ ខេត្ត​ព្រៃវែង​ ហើយ​​ក៏​ផ្អាក​ការងារ​ចម្លាក់​មួយ​រយៈ​ជិត​​ ៣ ​ឆ្នាំ​ និង​ទើប​តែ​បាន​បង្កើត​ស្នាដៃ​លើក​ទី​ ​២ ​នេះ ​នៅ​​វត្ត​មួយ​ឈ្មោះ ​«វត្ត​ឥន្ទញាណ ហៅ​វត្ត​ក្រោម»​ នៅ​ខេត្ត​​ព្រះសីហនុ​។ លើក​នេះ ​​​គម្រោង​​ឆ្លាក់​​ចំនួន ១៦ ផ្ទាំង​ ដែល​បាន​ចាប់​ផ្តើម​​តាំង​ពី​ខែ​ធ្នូ ឆ្នាំ ​២០១៨ មក​​ទល់​ខែ​តុលា ឆ្នាំ ​២០១៩ នេះ​ លោក អេង សំអាត ទើប​តែ​​បង្កើត​​​ស្នាដៃ​ចម្លាក់​​សហសម័យ​​ចំនួន​ ៥ ផ្ទាំង​តែ​ប៉ុណ្ណោះ ​គឺ​​នៅ​​សល់​ចំនួន​ ១១ ផ្ទាំង​ទៀត។​​

ស្នាដៃ​ចម្លាក់​លៀន​​សហសម័យរបស់​វិចិត្រ​ករ​គ្មាន​សញ្ញាបត្រ​ អេង សំអាត​ កំពុង​ផ្ទុះ​ភាព​ល្បី​តាម​បណ្តាញ​សង្គម​​។ រូបថត ហ្វេសប៊ុក

មូលហេតុ​ដែល​នាំ​ឲ្យ​វិចិត្រករ អេង សំអាត ផ្អាក​​ការងារ​ខ្លួន​អស់​ពេល​ជិត​ ៣​ ឆ្នាំ​ នោះ​ត្រូវ​បាន​លោក អេង សំអាត បញ្ជាក់​​ទាំង​នៅ​មាន​អារម្មណ៍​​អន់​ចិត្ត​នៅ​ឡើយ​ថា៖ «មាន​ ២ កត្តា ​ដែល​នាំ​ឲ្យ​​ខ្ញុំ​​ឈប់​ប្រកប​របរ​នេះ ​គឺ​ទី​១ ដោយសារ​ខ្វះ​ការ​ផ្តល់​តម្លៃ​ចម្លាក់​តាម​ជញ្ជាំង​ទី​អារាម ជា​ពិសេស​​ តាម​ទី​អារាម​​នានា ដែល​ទំនាក់​ទំនង​មក​ខ្ញុំ​ឲ្យ​​ឆ្លាក់​​​នោះ​មិន​​មើល​ឃើញ​ពី​ទឹក​ដៃ និង​​គុណ​តម្លៃ​របស់​ខ្ញុំ​ទេ ហើយ​បន្ថោក​តម្លៃ​ទៀត​។ កត្តា​ទី​២ ​​ដោយសារ​ភាព​ឆ្អែត​​ចិត្ត​​នឹង​ក្រុម​មិត្ត​ភក្តិ​រួម​អាជីព​ ដែល​​​ស៊ី​ខ្សែ​លើ​ខ្ញុំ​ ​គឺ​ពួក​គេ​​ដណ្តើម​យក​ទីផ្សារ​របស់​ខ្ញុំ​​»​។

លោក អេង សំអាត បន្ត​​ឲ្យ​ដឹង​ពី​ភាព​ផ្ទុះ​ការ​ល្បី​​ស្នាដៃ​ចម្លាក់​លៀន​សហសម័យ ​របស់​លោក​​លើក​ទី ​២ នៅ​​​​ខេត្ត​ព្រះសីហនុ ទើប​​បាន​​​ចំនួន ៥ ផ្ទាំង​​ថា៖ «ពេល​​នេះ ខ្ញុំ​ទទួល​ការងារ​ចម្លាក់​ឡើង​វិញ​ ​ព្រោះ​តែ​ដើម្បី​ជីវភាព​រក​ប្រាក់​ចិញ្ចឹម​ប្រពន្ធ និង​​កូន​ទាំង ​៤​ នាក់ ហើយ​ក៏​មិន​នឹក​ស្មាន​​ថា ស្នាដៃ​លើក​ទី ​២​ ដែល​ទើប​ឆ្លាក់​បាន​ ៥​ ផ្ទាំង ​នេះ ក៏​ស្រាប់​តែ​មាន​ការ​​ចាប់​អារម្មណ៍​ និង​កោត​​សរសើរ​ពី​បង​ប្អូន​ខ្មែរ​យើង​ខ្លាំង​​តាម​ហ្វេសប៊ុក​»។​

ទោះ​បី​ស្នាដៃ​​ចម្លាក់​សហសម័យ​​វិចិត្រករ​ អេង សំអាត ទទួល​​បាន​ប្រជាប្រិយភាព​មែន​ក្តី តែ​រាល់​ស្នាដៃ​​​លោក​​មិន​​ប្រើ​ពេល​តិច​ម៉ោង​ ឬ​តិច​ថ្ងៃ​នោះ​​ឡើយ​ និង​ទាមទារ​ការ​ព្យាយាម​ខ្ពស់ ក៏​ដូចជា​ផ្អែក​លើ​មូលដ្ឋាន​ដក​ស្រង់​យក​សិល្បៈ​បុរាណ​តាម​រចនា​ប័ទ្ម​នានា​មក​បូក​ផ្សំ​ជាមួយ​​នឹង​គំនិត​ច្នៃ​ប្រឌិត​ថ្មី​របស់​លោក​បង្កើត​ជា​ស្នាដៃ​ឯក​ថ្មី​ហៅ​ចម្លាក់​សហសម័យ​នេះ​ផង​ដែរ​។​ ជា​រឿយៗ ស្នាដៃ​ចម្លាក់​​សហសម័យ​របស់​លោក អេង សំអាត ច្រើន​តែ​ជា​ចម្លាក់​រំលេច​ពី​ដំណើរ​រឿង​រ៉ាវ​នានា​ស្តី​ព្រះ​ជីវប្រវត្តិ​​របស់​ព្រះសម្មាសម្ពុទ្ធ និង​ការ​ឆ្លាក់​ដោយ​ដក​ស្រង់​​រូប​សិល្បៈ​​នានា​ចេញ​ពី​រចនាប័ទ្ម​បុរាណ​របស់​ខ្មែរ​។​

លោក អេង សំអាត ក៏​បាន​បញ្ជាក់​ពី​រយៈពេល​នៃ​ការ​បង្កើត​សា្នដៃ​ចម្លាក់ និង​តម្លៃ​​ថា៖ «សម្រាប់​ចម្លាក់ ​១​ ផ្ទាំង ដែល​មាន​ទំហំ​ ៦ ម៉ែត្រ x ២ ម៉ែត្រ​ ​ហើយមាន​ក្បាច់​ក្បូរ​ ឬ​និយាយ​ពី​រឿង​រ៉ាវ​​នានា​នោះ គឺ​ខ្ញុំ​ត្រូវ​ប្រើ​ពេលវេលា​ចំនួន​ ២៥ ថ្ងៃ​ ទើប​អាច​ឆ្លាក់​ចប់​។ ហើយ​តម្លៃ​វិញ​នោះ ខ្ញុំ​គិត​ទៅ​តាម​តម្លៃ​ជា​ទំហំ​​ម៉ែត្រ​ការ៉េ​​​ គឺ​១ ​ម៉ែត្រ​ការ៉េ តម្លៃ ៧២ ដុល្លារ​»។​

ប្រសិន​បើ​បង​ប្អូន​ ឬ​ទី​អារាម​ ដែល​មាន​បំណង​ចង់​បាន​ការ​បង្កើត​ស្នាដៃ​ចម្លាក់​ល្អ​ឯក​របស់​វិចិត្រករ​លោក​ អេង សំអាត អាច​ទាក់ទង​តាម​​លេខ​​ទូរស័ព្ទ​ផ្ទាល់​របស់​លោក​គឺ​​​ ០៩៩ ៣៤ ៨៨ ៨៣ ឬ ០៩៧ ២៨ ៨៨៨ ១៩៕​