ភ្នំពេញៈ ក្រោយពី​បាន​ក្លាយ​ជា​ម្ចាស់​នៃ​ជយលាភី​នៃ​ការប្រកួត​បង្ហាញ​ម៉ូដ Cambodia''s Next Top Model នា​រដូវកាល​ទី​ ១ មក​នោះ តារា​ម៉ូដែល​ស្រី​សម្បុរ​ស្រអែម​ជា​កូនចៅ​អ្នក​នៅ​ខេត្ត​បន្ទាយមានជ័យ កញ្ញា ចាន់ គង្គា ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​នឹង​សកម្មភាព​សប្បុរសធម៌​ជួយ​សង្គម​ដោយ​ស្ម័គ្រចិត្ត គួរ​ឲ្យ​កោតសរសើរ​ពី​សំណាក់​មហាជន ក្រៅពី​ខ្លួន​កំពុង​តែ​មាន​ការមមាញឹក​រវល់​នឹង​ការងារ​សិល្បៈ​ម៉ូដែល ឬ​ថត​ស្ប៉ត​នានា​នោះ​។

ស្ថិត​នៅក្នុង​វ័យ​ទើប​តែ ២២ ​ឆ្នាំ​មាន​កម្ពស់ ១,៦៩ ម៉ែត្រ រាង​ស្លីម ស្រលូន មាន​សម្បុរ​ត្រូវប៉ាន់​សម្រាប់​ក្រសែភ្នែក​សម្រាប់​អ្នក​បស្ចិម​ប្រទេស ជាពិសេស​ក្នុង​ពិភព​ដើរ​ម៉ូដ​តែ​ម្តង កញ្ញា ចាន់ គង្គា ក្រៅពី​គ្រង​ឈុត​សម្លៀកបំពាក់​បែប​សិច​ស៊ី ឬ​ឈុត​ប្រពៃណី​ខ្មែរ​នោះ កញ្ញា ក៏​មាន​ទឹក​ចិត្តល្អ​ស្រឡាញ់​អំពើ​មនុស្សធម៌ និង​សប្បុរសធម៌ នាង​ក៏​បាន​ស្ម័គ្រចិត្ត​គ្រង​ឈុត​សម្លៀកបំពាក់​បែប​ប្រពៃណី​ជនជាតិ​ភាគតិច​ទំពួន​នៅ​តំបន់​ភូមិភាគ​ឦសាន​គឺ​ខេត្ត​រតនគិរី​នាឱកាស​ប្រារព្ធ​បើក​ពិធី​រ៉ៃអង្គាសប្រាក់​មូលនិធិ​សម្រាប់​ការអភិរក្ស​សត្វ​ដំរី​របស់​សមាគម​អភិរក្ស​ដំរី​អៃរាវត្តា​ទៀត​ផង​ដែរ កាលពី​ចុង​ខែ​មីនា ឆ្នាំ​ ២០១៩ កន្លង​មក​នេះ​។

ពាក់ព័ន្ធ​ទៅ​នឹង​ទង្វើ​ល្អ​ចេះ​ជួយ​សង្គម​របស់​កញ្ញា ចាន់ គង្គា នេះ បើ​តាម​ប្រសាសន៍​អ្នកស្រី ខៃ ចិន្តា ឬ​មជ្ឈដ្ឋាន​សង្គម​ភាគច្រើន​គេ​និយម​ហៅ​គាត់​ថា ចិន្តា ក្លេ ដែល​ជា​ប្រធាន​សមាគម​អភិរក្ស​ដំរី​អៃរាវត្តា ក៏​កោតសរសើរ​ពី​ការស្ម័គ្រចិត្ត​របស់​នាង​ផង​ដែរ​។

អ្នកស្រី ចិន្តា ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ថា​៖ «​គាត់​មិន​ត្រឹម​តែ​ស្អាត​នោះទេ គឺ​នាង​ក៏​មាន​ទឹក​ចិត្តល្អ​ចាប់​អារម្មណ៍​មកជួយ​យើង​ក្នុង​នាម​ជា​តារា​ម៉ូដែល​ស្ម័គ្រចិត្ត​នៅក្នុង​ពិធី​សម្ពោធ​បើក​មូលនិធិ​រៃអង្គាសប្រាក់​របស់​សមាគម​អភិរក្ស​ដំរី​អៃរាវត្តា​យើង​ទៀត​ផង​នាពេល​កន្លងមក​នោះ​»​។

គួរ​បញ្ជាក់​ដែរ​ថា​តារាស្រី​ម៉ូដែល​មាន​សម្បុរស្រអែម​ស្រស់ កញ្ញា ចាន់ គង្គា ជា​ម្ចាស់​ជយលាភី​នៃ​ការប្រកួត​បង្ហាញ​ម៉ូដ​ឈ្មោះថា Cambodia''s Next Top Model នា​រដូវកាល​ទី​​ ១ កាលពី​ឆ្នាំ​ ២០១៥ របស់​ទូរទស្សន៍ MyTV ខណៈ​បច្ចុប្បន្ន​នេះ​នាង​កំពុងតែ​មាន​ឈ្មោះ​ល្បី​ក្នុង​ពិភព​ដើរ​ម៉ូដ និង​ជា​តារាសម្តែង​ផ្នែក​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នានា​។

ថ្មីៗ​នេះ​ដែរ​កញ្ញា ចាន់ គង្គា ក៏​បាន​បង្កើត​ចំណាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​ផងដែរ​ក្នុង​បណ្តាញ​សង្គម​ជាមួយ​នឹង​ការចេញ​វីដេអូ​ផ្សព្វផ្សាយ​ពី​វិធី​រក្សា​សម្រស់​របស់​នារីៗ​បែប​សាមញ្ញ ក៏​អាច​ទទួល​បាន​នូវ​សម្រស់​ស្រស់ស្អាត​មិន​ចាញ់​តារាភាពយន្ត​នោះ​ឡើយ​។

រីឯ​ការប្រឡូក​នៅ​វិស័យ​សិល្បៈ​សម្តែង​ភាពយន្ត​វិញ​គឺ​ថា តើ​កញ្ញា ចាន់ គង្គា បាន​ចាប់ផ្តើម​ដើរ​លើ​វិថី​នេះ​ហើយ​ឬ​នៅ​នោះ ក៏​មិន​ត្រូវ​បាន​បកស្រាយ​ពី​នាង​ឡើយ​ដោយសារ​តែ​លេខ​ទូរស័ព្ទ​របស់​នាង​មិន​អាច​ទំនាក់ទំនង​បាន​ឡើយ​កាលពី​ថ្ងៃ​ម្សិលមិញ​៕