ក្រុង​ប៉េកាំង: បណ្ដាញ​ផ្សព្វផ្សាយ​រដ្ឋ បាន​រាយការណ៍​ចុង​សប្ដាហ៍​ថា ចិន​គ្រោង​បង្កើត​ព្រះ​ខែ​សិប្បនិម្មិត​ផ្ទាល់​ខ្លួន​នៅ​ឆ្នាំ ២០២០ ដើម្បី​ជំនួស​អំពូល​ភ្លើង​តាម​ដង​ផ្លូវ និង​កាត់​បន្ថយ​ការ​ចំណាយ​អគ្គិសនី​ក្នុង​តំបន់​ទីក្រុង។

យោងតាម China Daily បាន​ឲ្យ​ដឹងថា ក្រុង​ឈិង​ឌូ ស្ថិតនៅ​និរតី​ខេត្ដ​ស៊ី​ឈួន កំពុង​អភិវឌ្ឍ «តារា​ពន្លឺ​សិប្បនិម្មិត» ដែល​នឹង​បញ្ចេញ​ពន្លឺ្ល​ភ្លឺ​ជាង​ព្រះ​ចន្ទ​ដល់​ទៅ​ជាង ៨ ដង។

លោក វូ ឈុន​ហ្វេ​ង ប្រធាន Tian Fu New Area Science Society ជា​អង្គភាព​ទទួលខុសត្រូវ​គម្រោង​នេះ បាន​និយាយ​ថា ព្រះ​ខែ​សិប្បនិម្មិត​នឹង​ត្រូវ​បាន​បង្ហោះ​ពី​មជ្ឈមណ្ឌល​បង្ហោះ​តារា​សិប្បនិម្មិត ស៊ីឆាង ក្នុង​ខេត្ដ​ស៊ីឈួន ដោយ​ព្រះខែ ៣ ដួង​ទៀត នឹង​បង្ហោះ​នៅ​ឆ្នាំ ២០២២ បើ​ដួង​ដំបូង​ទទួល​ជោគ​ជ័យ។

ដោយ​ការទទួល​ពន្លឺ​ពី​ព្រះអាទិត្យ តារា​សិប្បនិម្មិត​នេះ អាច​ប្រើ​ជំនួស​អំពូល​ភ្លើង​តាម​ដងផ្លូវ​ក្នុង​តំបន់​ទីក្រុង ដោយ​អាច​សន្សំ​ការ​ចំណាយ​ថាមពល​អគ្គិសនី​ប្រមាណ ១,២ ពាន់​លាន​យន់ (១៧០ លាន​ដុល្លារ) ក្នុង ១ ឆ្នាំ​សម្រាប់​ក្រុង​ឈិង​ឌូ បើ​ព្រះ​ខែ​សិប្បនិម្មិត​អាច​ជះ​ពន្លឺ​លើ​ផ្ទៃដី ៥០ គីឡូម៉ែត្រ​ការ៉េ។

យ៉ាង​ណា ទីភ្នាក់ងារ AFP មិន​អាច​ទាក់​ទង​លោក វូ និង​អង្គភាព Tian Fu New Area Science Society សុំ​ការ​បញ្ជាក់​ពី​របាយការណ៍​នេះ​បាន​ឡើយ។

ចិន​មិនមែនជា​ប្រទេស​ទីមួយ​ដែល​ព្យាយាម​អូសទាញ​ពន្លឺព្រះអាទិត្យ​មក​ប្រើ​នៅលើ​ផែនដី​នា​ពេល​យប់​នោះ​ទេ។ អំឡុង​ឆ្នាំ ១៩៩០ ក្រុម​អ្នក​វិទ្យាសាស្ដ្រ​រុស្ស៊ី ធ្លាប់​ប្រើ​កញ្ចក់​យក្ស​ដើម្បី​បញ្ចាំង​ពន្លឺ​ពី​អវកាស ក្នុង​គម្រោង​ថាមពល​ក្រៅ​ភព ឬ​ ហៅថា Znamya តែ​តារា​សិប្បនិម្មិត​នោះ​មិន​យូរ​ប៉ុន្មាន​ក៏​ឆេះ​ខ្ទេច​អស់៕