ក្រុង​សៀមរាប៖ ក្រុម​ចុង​ភៅ​ខ្មែរ​ឆ្នើម ​៣ រូប ​ដោយ​មាន​​​លោក ស្រី ​បូរា លោក ទីម ភក្តិ និង​លោក ឈន ប៊ុន​ឈូ ដែល​​ជា​ចុងភៅ​ទើប​​ទទួល​បាន​ជយលាភី​មេដាយ​មាស​ពី​ការ​ប្រកួត​ធ្វើ​ម្ហូប​នៅ​ឯ​​​ទីក្រុង​​បាងកក ​ប្រទេស​ ​ថៃ​ នៃ​​ព្រឹត្ដិការណ៍ Thailand Ultimate Chef Challenge 2019 ​កន្លង​​មក​ បាន​​រួម​គ្នា​ចម្អិន​ម្ហូប​ដែល​បាន​ឈ្នះ​ការ​ប្រកួត​​នោះ​ ក្នុង​​ព្រឹត្តិការណ៍​​រៃ​អង្គាស​​ប្រាក់​សប្បុរសធម៌​ជួយ​ដល់​ការ​ផ្គត់ផ្គង់​សាលា​ EGBOK នៅ​ចុង​សប្តាហ៍​នេះ​ ក្រោម​​ការ​រៀបចំ​​​​ពី​ខាង​រមណីយដ្ឋាន​ Templation Angkor Resort។

កញ្ញា ព្រាប សុវណ្ណសម្ផស្ស ដែល​ជា​​ប្រធាន​​ផ្នែក​កិច្ច​ការ​ច្នៃ​ប្រឌិត​នៅ​​រមណីយដ្ឋាន​ Templation Angkor Resort​ បាន​​បង្ហើប​ឲ្យ​ដឹង​ពី​គោល​បំណង​ការ​រៀបចំ​​ព្រឹត្តិការណ៍​​រៃ​អង្គាស​ប្រាក់​សប្បុរស​ធម៌​ជួយ​ផ្គត់ផ្គង់​ដល់​សាលា​ EGBOK​ នៅ​ថ្ងៃ​ទី ​២៣​ ខែ ​វិច្ឆិកា ឆ្នាំ ​២០១៩ ​នេះ​ថា​៖ «ការ​​រៀបចំ​កម្មវិធី​សប្បុរស​ធម៌​ នា​ថ្ងៃ​ចុង​សប្តាហ៍​នេះ​​ ក្នុង​​គោល​បំណង​សំខាន់ ​២ ​យ៉ាង​គឺ​ចង់​បង្ហាញ​ពី​ការ​លើក​ទឹក​ចិត្ត​ ឬ​ផ្តល់​នូវ​តម្លៃ​ដល់​ក្រុម​ចុង​ខ្មែរ​ឆ្នើម​ទាំង ​៣ ​រូប​ គឺ​លោក ស្រី បូរា លោក ទីម ភក្តិ និង​លោក ឈន ប៊ុនឈូ ដែល​បាន​ទទួល​​ជ័យ​ជម្នះ​​ក្នុង​ការ​នាំ​យក​មេដាយ​​មាស​​ប្រភេទ​​ Gold Gourmet Awards​ ក្នុង​ការ​ប្រកួត​ធ្វើ​ម្ហូប​​ នៅ​ឯ​ទីក្រុង​​​​​បាងកក ប្រទេស ​ថៃ​ កាល​ពី​ប៉ុន្មាន​​ខែ​កន្លង​មក​។ ​ម្យ៉ាង​ទៀត​ ប្រាក់​ទាំង​អស់​ ​ដែល​​​បាន​ពី​ភ្ញៀវ​​ចូលរួម​​កម្មវិធី​ទទួល​​ទាន​​​អាហារ​​ពេល​ល្ងាច ៥​ មុខ​ ​(5-course dinner) ធ្វើ​នៅ​​រមណីយដ្ឋាន​ Templation Angkor Resort នោះ ​នឹង​នាំ​​យក​ទាំង​អស់​ទៅ​​ប្រគល់​ជូន​ដល់​សាលា ​EGBOK ​ដើម្បី​ផ្គត់ផ្គង់​សិស្ស ដែល​​កំពុង​តែ​​រៀន​ជំនាញ​​​ចម្អិន​​ម្ហូប​។​

សាលា​ EGBOK គឺជាមណ្ឌលបណ្តុះបណ្តាលជំនាញ​ធ្វើ​ម្ហូប​ដល់​សិស្ស​ខ្មែរក្នុង​ឱកាស​​​​ស្មើៗគ្នា​ នៅ​ខេត្តសៀមរាប​។ រូបថត សហ​ការី

កញ្ញា ព្រាប សុវណ្ណសម្ផស្ស ​ក៏​បន្ត​ថា​៖​ «កម្មវិធី​បែប​នេះ រៀបចំ​​លើក​ដំបូង ហើយ​ក៏​តម្រូវ​ឲ្យ​​ភ្ញៀវ​ ដែល​ចាប់​អារម្មណ៍​ចូលរួម​ចុះ​ឈ្មោះ​ជា​មុន​​ដែរ​ ខណៈ​យើង​កំណត់​យក​តែ​ ៦០ ​នាក់​ ប៉ុណ្ណោះ​ ហើយ​​ពេល​នេះ ​មាន​អ្នក​ចុះ​ឈ្មោះ​​​ជាង​ ៣០ ​រូប​ហើយ។​ ចំណែក​​​​តម្លៃ​វិញ​ ម្នាក់​ចំណាយ​ ៤៥ ដុល្លារ ដោយ​​មាន​​បម្រើ​ជូន​​​ម្ហូប​ចំនួន ៥ ​មុខ ​​​បូក​ផ្សំ​នឹង​ភេសជ្ជៈ​ជា​​​ស្រា​​ក្រហម​ចំនួន ​២ កែវ​។ លើស​ពី​នេះ ក្រុម​ចុងភៅ​ជា​​​ជយលាភី​ទាំង ៣​ ក៏​នឹង​ចម្អិន​ម្ហូប​​​ពិសេស ​៣ ​មុខ ដែល​​ពួក​គាត់​បាន​ឈ្នះ​ការ​​ប្រកួត​នៅ​​ថៃ​ផង​ដែរ​ ថែម​ទាំង​មាន​​សិស្ស​​នៅ​​សាលា​​ ​EGBOK ចំនួន ៤ នាក់ ជា​ជំនួយ​ការ​នៃ​ការ​ចម្អិន​​ម្ហូប​នេះ​ទៀត​ផង​​»។​

គួរ​បញ្ជាក់​ដែរ​ថា ក្រុម​ចុងភៅ​​កម្ពុជា​ចំនួន​ ២៦ នាក់ និង​​អ្នក​ហែហម ៦ ​នាក់​ ​ដឹកនាំ​ដោយ​ប្រធាន​សមាគម​​ចុងភៅ​កម្ពុជា​ ​បាន​ឈ្នះ​ពាន​រង្វាន់​មាស ​១ មេដាយ​មាស ៣ គ្រឿង ពី​ការ​ប្រកួត​ចម្អិន​ម្ហូប​ប្រភេទ the Best Asian Gourmet Challenge រួម​​មេដាយ​ប្រាក់ ៦ និង​សំរឹទ្ធ ១៧ គ្រឿង ក្នុង​ប្រភេទ​​​ផ្សេងៗ​នៃ​ព្រឹត្តិការណ៍ Thailand Ultimate Chef Challenge 2019 ដែល​រៀបចំ​ឡើង​ពី​​ថ្ងៃទី ២៧ ខែ ​ឧសភា​ ដល់​ថ្ងៃទី ​១ ខែ​មិថុនា ​ក្នុង​ប្រទេស ​ថៃ កន្លង​មក​​។

ចំណោម​​មុខ​ម្ហូប​​ប្រកួត​​ទាំង ១០ រួម​ទាំង​បង្អែម​ ១ ​មុខ​ផង​ដែល​កម្ពុជា​ទទួល​​បាន​ជ័យជម្នះ​នោះ មាន​​ដូចជា​ញាំ​ក្រូច​ថ្លុង​បង្គា​ទន្លេ សាច់គោ​អាំង​ទឹក​​ប្រហុក សម្ល​ប្រហើរ​ត្រីឆ្អើរ អាម៉ុក​ត្រី ការី​សាច់មាន់ ឆា​កង្កែប​ម្រេច​ខ្ចី ខប៉េង​ប៉ោះ គ្រំ​បំពង​ជ្រក់​ស្វាយ បាយ​ចំហុយ​​​​​ជាមួយ​សណ្ដែក​ខ្មៅ និង​បង្អែម​សង់ខ្យា​ល្ពៅ ដោយ​ពួក​គេ​ទទួល​បាន ៩៥ ពិន្ទុ​នោះ​ គឺ​ការ​ស្វែងរក​បន្លែ ត្រី សាច់ ​សម្រាប់​រៀបចំ​ធ្វើ​ជា​ម្ហូប​ទាំង ១០ មុខ​​​​៕​