បាត់ដំបង៖ ​ផ្ដើម​ចេញ​ពី​​ការ​ច្នៃ​ចេក​ណាំវ៉ា​​លក់​មិន​ដាច់​ និង​សល់​ពី​ការ​ទម្លាក់​ថ្លៃ​របស់​ឈ្មួញ សិប្បកម្ម​​រាជិនី ចេក​ឆាប កំពុង​ក្លាយ​ជា​សហគ្រាស​ជនបទ​​មួយ ដែល​​ជួយ​បង្កើន និង​ជួយ​ដោះស្រាយ​វិបត្តិ​កសិករ​ជួប​ប្រទះ​បញ្ហា​​ទីផ្សារ​ចេក​ណាំវ៉ា​។

ចេក​ឆាប​​អ្នក​បាត់ដំបង​នេះ ​មាន​ក្លិន​​ឈ្ងុយ​ និង​រសជាតិ​ប្លែក​មាត់​​ ដែល​​ទាក់ទាញ​មនុស្ស​ម្នា​ទិញ​​​យក​ទៅ​ញ៉ាំ​កំដរ​មាត់​នៅ​ផ្ទះ​ កន្លែង​ធ្វើ​ការ និង​ទីលម្ហែកាយ​នានា។

អ្នកស្រី​ នុន​ ចាន់នី​​ ម្ចាស់​សិប្បកម្ម​ចេក​ឆាប រាជិនី​​​ ​​ធ្លាប់​ជា​កសិករ​​​ដាំ​ចេក​ម្នាក់​នៅ​ស្រុក​សំឡូត តែ​ដំណាំ​ចេក​ណាំវ៉ា​​បាន​ធ្វើ​ឲ្យ​អ្នកស្រី​ខាត​បង់​ថវិកា​ច្រើន ព្រោះ​​តែ​វា​ពុំ​សូវ​មាន​ទីផ្សារ​​។

ម្ចាស់​សិប្បកម្ម​ចេក​ឆាប​រូប​នេះ​បាន​រំឭក​ថា៖ «​ខ្ញុំ​​ក៏​មិន​បាន​យក​ចេក​ទាំង​នោះ​ទៅ​បោះ​ចោល​ ឬ​ទុក​បណ្តោយ​​ឲ្យ​ស្អុយ​រលួយ​ដែរ។​​ ខ្ញុំ​បែរ​ជា​ចាប់​ផ្តើម​មាន​គំនិត​ យក​ចេក​នៅ​សល់​មក​ចិត​ស្តើងៗ​ ហើយ​បំពង​ខ្លាញ់​ឲ្យ​ស្រួយ​ មាន​ក្លិន​ឈ្ងុយ​ទុក​ហូប​ និង​ចែក​ចាយ​ចេក​បំពង​នេះ​ឲ្យ​អ្នក​ភូមិ​ក្បែរ​ខាង»​។

រឿង​រ៉ាវ​នៃ​ការ​បង្កើត​អាជីវកម្ម​នេះ​ ​​​កើត​ឡើង​ក្រោយ​ពេល​អ្នកស្រី​​បាន​ឮ​​ការ​សរសើរ​​គ្រប់​មាត់​ ពី​​​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ និង​​ទំពា​ជក់​មាត់​​នៃ​ស្នាដៃ​​ចេក​បំពង​​របស់​អ្នកស្រី។

ចេកឆាប​មាន​ ៤​ រសជាតិ គឺ​រសជាតិ​ដើម ជូរហឹរ ប្រៃ​ស្លឹកក្រូច និងផ្អែម​។ រូបថត សហ​ការី

ដោយ​មាន​ការ​កុម៉្មង់​ទិញ​ចេក​ឆាប​​ពី​អ្នក​ក្បែរ​ខាង​​ អ្នកស្រី​ ចាន់នី​ ក៏​មាន​​គំនិត​​​បំពង​ចេក​​រួច​​វេច​ខ្ចប់​យ៉ាង​​ស្អាត​​សម្រាប់​លក់ ​​​​ផ្ដើម​ពី​​​ឆ្នាំ ​២០១៧។

អ្នកស្រី​ ចាន់នី​ បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ ​«ដំបូង​ឡើយ​ ខ្ញុំ​ធ្វើ​ញាំ​លេង​ និង​​ចែក​អ្នក​ភូមិ​ តែ​ក្រោយ​មក​គេ​សរសើរ​​គ្រប់​គ្នា​ពេក​ ហើយ​ចាប់​ផ្តើម​មាន​គេ​កុម៉្មង់​ច្រើន​ ទើប​ខ្ញុំ​ចាប់​ផ្តើម​ធ្វើ​ចេក​ឆាប​នេះ​លក់​​តែ​ម្តង​ទៅ»។

ចេក​ឆាប​រាជិនី​ មាន​ដើម​កំណើត​ចេញ​មក​ពី​ភូមិ​កញ្ចាំង​ ឃុំស៊ុង​ ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង​ ដោយ​មាន​ជម្រើស​​​ ៤ ​រសជាតិ​គឺ ​រសជាតិ​ដើម​ ជូរហឹរ​ ប្រៃ​ស្លឹក​ក្រូច​ និង​ផ្អែម​។

អ្នកស្រី​បាន​​ឲ្យ​ដឹង​ថា៖ «រូបមន្ត​ធ្វើ​ចេក​ឆាប​ គឺ​មិន​មាន​ត​ពី​ដូនតា​នោះ​ទេ​ គឺ​ខ្លួន​ខ្ញុំ​ផ្ទាល់​ចេះ​តែ​​ខំ​ធ្វើ​ និង​កែច្នៃ​បន្តិច​ម្តងៗ​ ដោយ​ខ្លួន​ឯង​​»។

សិប្បកម្ម​នេះ​អាច​ផលិតបាន​ចេក​ឆាប​ត្រឹម​តែ​ ៦០ ​គីឡូក្រាម​​ប៉ុណ្ណោះ​ក្នុង ១ ថ្ងៃ​។ ផលិតផល​ធម្មជាតិ​នេះ​ត្រូវ​បាន​វេច​ខ្ចប់​ ដោយ​​គ្មាន​ដាក់​សារធាតុ​គីមី ឬ​សារធាតុ​រក្សា​ទុក​បាន​យូរ​ទេ។

ចេក​ឆាប​គ្រប់​រសជាតិ​ ​ដែល​ខ្ចប់​ក្នុង​កញ្ចប់​ក្រដាស​ស្អាត​មាន​តម្លៃ​ ៨ ពាន់​រៀល​ និង​ចេក​ខ្ចប់​​ថង់​ប្លាស្ទិក​មាន​តម្លៃ​ ៧ ០០០ រៀល​ ​ក្នុង​បរិមាណ​ ៣០០ ​ក្រាម​។ ​ចេក​ក្នុង​កញ្ចប់​តូចៗ​ ទម្ងន់​​កន្លះ​ខាំ​មាន​តម្លៃ​ ៥០០ រៀល​ តម្រូវ​សម្រាប់​កូន​សិស្ស​សាលា។

ចេក​ណាំវ៉ា​ដែល​ប្រមូលទិញ​ពីអ្នក​ភូមិ​ជិត​ខាង​។ រូបថត សហ​ការី

ម្ចាស់​សិប្បកម្ម​​​បាន​លើក​ឡើង​​ថា​៖ «យើង​ផលិត​ចេក​ឆាប​ក៏​ពិត​មែន ​តែ​យើង​​ពិត​ជា​គិត​ពី​សុខភាព​របស់​អ្នក​ហូប​​ចេក​របស់​យើង​ ដូច្នេះ​យើង​មិន​បាន​លាយ​សារធាតុ​គីមី​អ្វី​នោះ​ទេ​។ គ្រឿង​ផ្សំ​យក​មក​ផលិត​សុទ្ធ​តែ​ធម្មជាតិ​សុទ្ធសាធ​ ១០០ ភាគរយ»។

ដើម្បី​បញ្ជាក់​ពី​ស្ដង់ដា​អនាម័យ ​និង​ការ​មិន​ប្រើប្រាស់​សារធាតុ​គីមី ​​សិប្បកម្ម​រាជិនី ​​ក៏​បាន​ស្នើ​សុំ​ទៅ​មន្ទីរ​សិប្បកម្ម និង​ឧស្សាហកម្ម​ខេត្ត​ ​ឲ្យ​​មន្ត្រី​ជំនាញ​ធ្វើ​ការ​ពិសោធ​​លើ​ផលិតផល​ចេក​ឆាប។

អាយុ​កាល​នៃ​​ការ​ទុក​ដាក់​អាហារ​សម្រន់​នេះ​ត្រូវ​បាន​​​​អ្នកស្រី​ ចាន់នី​​ បញ្ជាក់​ថា៖ «​ចេក​មិន​ទាន់​ហែក​កញ្ចប់​​អាច​រក្សា​ទុក​ញាំ​បាន​ ១ ​ខែ​ ហើយ​ចេក​​​ហែក​កញ្ចប់​រួច​ អាច​ទុក​​បាន​ត្រឹម​រយៈពេល​ ២៤ ​ម៉ោង»។​

ជំនួស​ឲ្យ​ការ​ដាំ​ដុះ​ចេក​ដោយ​ខ្លួន​ឯង ​សព្វ​ថ្ងៃ​ម្ចាស់​សិប្បកម្ម​​បាន​ទទួល​​ទិញ​ចេក​ណាំវ៉ា​ទាំង​អស់​ពី​អ្នក​ភូមិ​យក​​មក​ធ្វើ​ចេក​ឆាប​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ការ​លក់​ចេក​សល់​ច្រើន​ និង​ការ​លក់​ក្នុង​តម្លៃ​ថោក​ពេក​។

សិប្បកម្ម​ផលិត​ចេក​ឆាប​ រាជិនី​ ក៏ បាន​រួម​ចំណែក​​​ផ្ដល់​​ប្រាក់​ចំណូល​បន្ថែម​ដល់​អ្នក​ស្រុក​​រស់នៅ​ក្នុង​​ភូមិ​ផង​របង​ជាមួយ​អ្នកស្រី ចាន់នី​ ជា​ពិសេស​​ស្ត្រី​មេផ្ទះ​ទាំង ​៨ នាក់​ ដែល​កំពុង​បម្រើការ​ផ្ទាល់​​​នៅ​សិប្បកម្ម​​​​។

ចេកឆាប​​រាជិនី ​ផ្ដល់ការងារ​ដល់​ស្ត្រី​មេផ្ទះ​ ៨ នាក់​ បម្រើការងារ​ផ្ទាល់​នៅរោង​​សិប្បកម្ម​​។ រូបថត សហ​ការី

ចេក​ឆាប​ជាអាហារ​សម្រន់​សម្រាប់​ញាំ​លេង​ ក៏​អាច​ញាំ​ជាមួយ​កាហ្វេ​​។

នៅ​រាជធានី​​ភ្នំពេញ ​ចេកឆាប​រាជិនី​ អាច​រក​ជាវ​នៅ​ហាង​កាហ្វេ​ Co-creative សាខា​ផ្សារ​ថ្មី​ និង​ទួល​គោក​​ Dumbo Coffee សាខា​ចំការ​ដូង​ ហាង​ Tech coffee បារ៍​ Leak Lounge និង​ហាង​ KOC សាខា​បឹងកេងកង​ និង​ជ្រោយចង្វារ។

អតីត​កសិករ​ដាំចេក​ក្លាយ​ជា​​សិប្បករ​ចេក​ឆាប​រាជិនី ​អ្នក​ស្រី​ ចាន់នី បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «កន្លង​មក​ ចេកឆាប​រាជិនី​ មាន​កិត្តិយស​ទទួល​បាន​ការ​កុម៉្មង់​ទិញ​​ពី​ស្ថានទូត​អាមេរិក​ មន្ទីរកសិកម្ម​ មន្ទីរ​ពាណិជ្ជកម្ម​ជា​ដើម​ ហើយ​​ពួក​គាត់​តែង​សរសើរ​ថា​ ចេក​របស់​យើង​ឆ្ងាញ់»​។

ព័ត៌មាន​បន្ថែម​មាន​នៅ​​ទំព័រ​ហេ្វសប៊ុក​ @រាជិនី-Reacheny ឬ​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០៩៨​ ២៩៩ ៦៤៧ និង ០១២​ ២៩៩ ៦៤៧៕