ភ្នំពេញ៖​ តារា​សម្តែង​សស្រស់​រាង​ឃ្យូតៗ តូច​ច្រឡឹង​ រូប​​សម្ផស្ស​ផូរផង់ ​​មាន​ឈាម​ជ័រ​ជា​កូន​កាត់​ខ្មែរ​-ចិន ដែល​​​មាន​​ឈ្មោះ​ពិត​ថា ឈាង ហ៊ុយឡេង ហៅ​​ ចែឡេង​ ​​បង្ហាញ​អារម្មណ៍​រំភើប​ចិត្ត​​ខ្លាំង​ ក្រោយ​ពី​ដឹង​ថា ខ្លួន​​ក៏​​ជាប់​ក្នុង​បញ្ជី​ជា​ស្រី​ស្អាត​ប្រចាំ​តំបន់​អាស៊ី​នៅ​​ក្នុង​ឆ្នាំ ​២០១៩ ​​ជាមួយ​​​នឹង​អ្នក​សិល្បៈ​ខ្មែរ​ផ្សេងៗ​ទៀត​​​។​

កញ្ញា ឈាង ហ៊ុយឡេង​ តារា​សម្តែង​ស្រី​​វ័យ​ ២១ ឆ្នាំ មាន​រូប​​សម្រស់​ជា​អំណោយ​ផល​​ពី​​​ធម្មជាតិ​​ ដែល​បាន​​ផ្តើម​សិល្បៈ​លើក​​ដំបូង​ នា​ពេល​ថត​​​កុន​រឿង «មន្តស្នេហ៍​ប្រធាន​ថ្នាក់​តូច» ​កាល​​​ពី​​​​ចុង​ឆ្នាំ ​២០១៦​ មក​នោះ​​ ហាក់​ដូចជា​មាន​​សេចក្តី​ត្រេក​អរ​​នៅ​ក្នុង​ចិត្ត​ខ្លាំង​សម្បើម​​ណាស់ នេះ​​​បើ​តាម​ស្តាប់​ការ​រៀបរាប់​ពី​អារម្មណ៍​ផ្ទាល់ មក​​​​ភ្នំពេញ​​ប៉ុស្តិ៍​​​​ ក្រោយ​​ពី​បាន​​​ឃើញ​​វត្តមាន​ខ្លួន​ជាប់​​​​ក្នុង​បញ្ជី​នៃ​កំពូល​ស្រីស្អាត​​ទាំង ​១០០ រូប​ ប្រចាំ​តំបន់​អាស៊ី​​​​​នៅ​​​ឆ្នាំ ​២០១៩ ឬ Top 100 Most Beautiful Asian Women ​2​019​​។ ​

កញ្ញា ឈាង ហ៊ុយ​​ឡេង ហៅ​ ចែឡេង ប្រាប់​ថា​៖ «សប្បាយ​​ចិត្ត​ខ្លាំង​​ណាស់ ពេល​​​ឃើញ​ដំណឹង​នេះ​​​​ក្នុង​​បណ្តាញ​​សង្គម​តាម​អ៊ីនស្តាក្រាម​​នោះ ហើយ​ក៏​អរគុណ​ផង​​ដែរ ​ចំពោះ​ប្រិយ​មិត្ត​ដែល​​​តែងតែ​បាន​​​ផ្តល់​​ការ​គាំទ្រ​ជា​កម្លាំង​មក​​ដល់​រូប​នាង​ខ្ញុំ​​នៅ​លើ​វិថី​សិល្បៈ​ ដែល​នាង​ខ្ញុំ​បាន​​​​ខិតខំ​ពុះពារ​​​ក្នុង​​​​ពេល​​ប្រមាណ​​ ៣ ​ឆ្នាំ​មក​​ ហើយ​ក៏​មិន​នឹក​ស្មាន​ថា ខ្ញុំ​អាច​មាន​ឱកាស​បាន​ជាប់​​ជម្រើស​​​​ Top 100 Most Beautiful Asian Women ​2​019 នេះ​​​​ឡើយ​។

ស្រី​​ស្អាត​មាន​វ័យ​ ២១ ឆ្នាំ ដែល​​មាន​ឈាមជ័រ​ ជា​អ្នក​ភ្នំពេញ​កូន​កាត់​ខ្មែរ​-ចិន​រូប​នេះ ​ក៏​កំពុង​ត្រូវ​ទស្សនិកជន​​​សរសើរ​ផង​ដែរ​​​ថា នាង​មាន​​​ភាព​ពូកែ​​​សម្ដែង​​​ដោយ​​មើល​ទៅ​គឺ​ដូច​​ជា​តួអង្គ​ពិតៗ នៅ​ក្នុង​សាច់​រឿង​​​នានា​​​កន្លង​​មក​ ដោយ​​​នេះក៏​ជា​ចំណុច​​​លេច​ធ្លោ​​មួយ​ ធ្វើ​ឲ្យ​​នាង​កាន់​តែ​ស្រូប​បាន​នូវ​ប្រជាប្រិយភាព​​ខ្លាំង​​​នៅ​លើ​វិថី​សម្តែង​​ខ្សែ​​​ភាពយន្ត ហើយ​កញ្ញា ឈាង ហ៊ុយ​​ឡេង ទើប​តែ​បាន​​ថត​​កុនមិន​ទាន់​​បាន​ចំនួន​ ១០ រឿង​ផង​​ក្នុង​ការ​ប្រឡូក​អាជីព​សិល្បៈ​មួយ​នេះ​​​​​​។​

ចែឡេង ដែល​ជា​និស្សិត​កំពុង​តែ​រៀន​​ផ្នែក​​ពាណិជ្ជកម្ម​​ ព្រោះ​តែ​​មាន​គោលដៅ​ទៅ​ថ្ងៃ​ខាង​​​​មុខ​ចង់​ក្លាយ​ជា​អ្នក​ជំនួញ​ផង និង​អ្នក​សិល្បៈ​​ផង​រូប​នេះ ​​​​បញ្ជាក់​ប្រាប់​ថា៖ «​សម្រាប់​ពេល ​៣​ ឆ្នាំ​ នៃ​ការ​ចាប់​អាជីព​​​សម្តែង​កុន​នេះ នាង​ខ្ញុំ​បាន​ថត​កុន​ភាគ​ដែល​ចាក់​ផ្សាយ​នៅ​​ទូរទស្សន៍​ MyTV មាន​ ៥ ​រឿង ​ដែល​ភាគ​ច្រើន​ជា​កុន​បែប​គាប់​ចិត្ត​របស់​យុវវ័យ​ ហើយ​​ពេល​​ចុង​ក្រោយ​នេះ ​ខ្ញុំ​បាន​ថត​កុន​ភាគ​​​ឲ្យ​​ទូរទស្សន៍​រស្មីហង្សមាស ១ រឿង និង​កំពុង​តែ​​ថតកុន​ភាគ​ ១​ រឿង​ទៀត​​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ភីអិនអិន»។

សិល្បករ​-សិល្បការិនី​ខ្មែរ​ដែល​មាន​សម្រស់​ស្អាត​ប្រចាំ​​តំបន់​អាស៊ី​​​ឆ្នាំ ​២០១៩​ នេះ ត្រូវ​គេ​ឃើញ​ក្នុង​​​អ៊ីស្តាក្រាម​​​​ ​50 ​most​beautifulasianwomen​ មាន​​ដូចជា​កញ្ញា រ៉េត ស៊ូហ្សាណា​ ​កញ្ញា ស៊ីន យូប៊ីន កញ្ញា ឈាង ហ៊ុយឡេង​ កញ្ញា ម៉េលីយ៉ា កញ្ញា ដា ដាវ កញ្ញា ប៊ី សុធារី កញ្ញា រឿន ណាត កញ្ញា សំណាង អេលីណា និង​​លោក នីកូ និង​តារាប្រុស​មួយ​​ចំនួន​ទៀត​​៕