ភ្នំពេញៈ ដោយសារ​តែ​ធ្លាប់​ជា​អតីត​សិស្សសិល្បៈ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ និង​កំពុង​តែ​មាន​ភាពរីកចម្រើន​លើ​វិថី​សិល្បៈ​នោះ​ទើប​អង្គការ​សម្រេច​តែងតាំង​កញ្ញា ចំរើន សុភ័ក្រ ជា​ទូតសុឆន្ទៈ​តំណាង​កម្មវិធី​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព​ប្រចាំ​ឆ្នាំ​ ២០១៩ ​នេះ​។

តារាចម្រៀង​ស្រី កញ្ញា ចំរើន សុភ័ក្រ ដែល​ផ្ដើម​អាជីព​ចេញ​ពី​ចម្រៀង​ផ្នែក​បុរាណ និង​បាន​វិវឌ្ឍ​ខ្លួន​មក​ជា​តារាចម្រៀង​សម័យ ក្រោយពី​ការប្រឡង​កម្មវិធី The Voice Cambodia រដូវកាល​ទី​ ១ កាល​ឆ្នាំ​ ២០១៦ ​នោះ​កំពុង​តែ​ស្រូប​បាន​ប្រជាប្រិយភាព​ខ្លាំង​នៅលើ​វិស័យ​សិល្បៈ​ចម្រៀង និង​ជា​តារាចម្រៀង​ជ្រក​ទ្រនំ​ផលិតកម្ម WeProduction ជា​បុត្រសម្ព័ន្ធ​នៃ​ផលិតកម្ម​ធំ​ហង្សមាស​នោះ​។

ពាក់ព័ន្ធ​នឹង​ការសម្រេច​ជ្រើស​យក​កញ្ញា ចំរើន សុភ័ក្រ មក​ធ្វើ​ជា​តំណាង​ទូតសុឆន្ទៈ​នៃ​កម្មវិធី​មហាស្រព​សិល្បៈ​ដើម្បី​សន្តិភាព​នេះ​ត្រូវ​បាន​លោក គាត សុគីម ជា​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បង្ហើប​ប្រាប់​ថា​៖ «​ក៏​ព្រោះ​តែ​កញ្ញា ចំរើន សុភ័ក្រ គឺជា​អតីតសិស្ស​ផ្នែក​សិល្បៈ​បុរាណ​របស់​អង្គការ​យើង​កាលពី​ប្រមាណ​ជិត ១០ ​ឆ្នាំ​មុន​ហើយ​នាពេល​បច្ចុប្បនុ្ន​នេះ​គាត់​កំពុង​តែ​មាន​ដំណើរការ​លូតលាស់​ជា​គំរូ​ល្អ​នៅ​លើ​វិថី​សិល្បៈ​នោះ ទើបសម្រេច​តែងតាំង​គាត់​ជា​តំណាង​ទូតសុឆន្ទៈ​នេះ​ដែល​មាន​រយៈពេល​រហូត​ដល់​ការបញ្ចប់​នៃ​គម្រោង​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព​នៅ​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩​ ​ខាង​មុខ​»​។

តារាចម្រៀង​ស្រី​ដែល​ជា​បេក្ខជន​ប្រឡង​បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ The Voice Cambodia នា​រដូវកាល​ទី​ ១ ហើយ​មាន​ការទទួល​ស្គាល់ និង​សម្បូរ​នូវ​អ្នក​គាំទ្រ​សំឡេង​ដ៏ពីរោះ​ខ្លាំង​តាមរយៈ​បទចម្រៀង​មាន​ចំណងជើង​ថា «​ម៉ែ​» នោះ​បាន​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​កាលពី​ថ្មីៗ​នាមុន​ពេល​នាង​ឡើង​យន្តហោះ​ទៅ​ប្រទេស​អូស្ត្រាលី​ដែរ​ថា​៖ «​ក្នុង​នាម​ខ្ញុំ​ធ្លាប់​ជា​អតីត​សិស្សសិល្បៈ និង​សិល្បករ​ក្រោម​គម្រោង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ នាង​ខ្ញុំ​ពិតជា​មាន​សេចក្ដី​រីករាយ​ណាស់​ដែល​ត្រូវ​បាន​គេ​តែងតាំង​ជា​ទូតសុឆន្ទៈ​តំណាង​កម្មវិធី​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព​។ វា​នឹង​ក្លាយ​ជា​ពេលវេលា​ដែល​មិន​អាច​បំភ្លេច​បាន​នៃ​ការជួបជុំ​គ្នា​សិល្បករ ៣ ​ជំនាន់​ជាមួយ​នឹង​ទស្សនិកជន ហើយ​ក៏​ជា​សារ​មួយ​បង្ហាញ​ពី​គុណតម្លៃ​នៃ​សិល្បៈ​ក្នុង​ការផ្សះផ្សា និង​កសាង​សន្តិភាព​។ សង្ឃឹម​ថា អ្នកចូលរួម​នឹង​កាន់តែ​យល់​ច្បាស់​អំពី​សិល្បៈ និង​នាំគ្នា​ជួយ​គាំទ្រ​សិល្បៈ​ខ្មែរ​យើង​ឲ្យ​បាន​ផុសផុល​ឡើង​វិញ​ផង​!»​។

តារាចម្រៀង​ស្រី​កាន់តែ​ស្រស់​សោភា​កញ្ញា ចំរើន​សុភ័ក្រ ក៏​បាន​បន្ត​ថា​៖ «​នេះ​ជា​មូលហេតុ​ដែល​បាន​ធ្វើឲ្យ​នាង​ខ្ញុំ ចំរើន សុភ័ក្រ គាំទ្រ​កម្មវិធី​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព​នេះ ព្រម​ទាំង​ទទួល​ធ្វើ​ជា​ទូតសុឆន្ទៈ​តំណាង​ឲ្យ​កម្មវិធី​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​នេះ​ផង​ដែរ​»៕