ភ្នំពេញៈ ខណៈ​ចំណង​ស្នេហ៍​ដ៏ផ្អែមល្ហែម​ខំ​បង្កាត់​រយៈពេល​ប្រមាណ ២-៣ ឆ្នាំ​រវាង​តារាសម្តែង​ស្រី​សាច់​សខ្ចី​កញ្ញា អ៊ីងអ៊ីង និង​តារាចម្រៀង​ប្រុស​អូរីជីណល់ ចេះ​និពន្ធ​ទាំង​ទំនុកច្រៀង និង​ភ្លេង​ខ្លួនឯង​លោក ម៉ា ច័ន្ទបញ្ញា ដែល​ឈាន​ជិត​ដល់​ថ្ងៃ​ចូល​រោង​ជ័យ​ទៅ​ហើយ​នោះ បែរ​ជា​រសាត់​ស្ងប់​មួយ​រំពេច​ក្រោយ​លេចឮ​ដំណឹង​ថា ពួកគាត់​បែក​គ្នា​ដោយ​ជនទី​ ៣ ចូល​មក​ជ្រែក​។

ដំណឹង​បែក​គ្នា​រវាង​តារាចម្រៀង​ប្រុស ម៉ា ច័ន្ទបញ្ញា និង​តារាសម្តែង​កញ្ញា អ៊ីងអ៊ីង ត្រូវ​បាន​លាតត្រដាង ខណៈ​គេ​បាន​ឃើញ​ត្រូវ​អ្នក​ទាំង​ ២ ​ប្រកាស​ព្រម​គ្នា​តាម​ហ្វេសប៊ុក​ដែល​ធ្វើឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង​ក្នុង​ពេល​ដែល​ពួកគេ​គិត​ថា អ្នក​ទាំង​ ២ ​មិន​សម​បែក​គ្នា​ឡើយ ដោយសារ​តែ​គេ​ឃើញ​ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ ២ ​មាន​ភាព​ផ្អែមល្ហែម​។

ក្នុង​នោះ​គេ​ឃើញ​សារ​ហ្វេសប៊ុក​របស់​តារាចម្រៀង​លោក ម៉ា ច័ន្ទបញ្ញា បង្ហោះ​សារ​ភ្ជាប់​ជាមួយ​នឹង​រូបថត​គូស្នេហ៍​អូន​អ៊ីង ថា​៖ «​ស្អែក​បង​ទៅ​ឆ្ងាយ​ហើយ ១ ខែ ក្រោយ យើង​ជួបគ្នា​វិញ​។ ទោះ​យើង​ឈ្លោះ​គ្នា តែ​បង​សង្ឃឹម​ថា​យើង​នឹង​​ឆ្លងកាត់​ដំណាក់កាល​ស្មុគស្មាញ​នេះ​។ ថែ​ខ្លួន​អូន​» ។

តារាចម្រៀង​ប្រុស​អូរីជីណល ដែល​ចេះ​និពន្ធ​ទំនុក​ច្រៀង និង​ភ្លេង​ខ្លួនឯង​លោក ម៉ា ច័ន្ទបញ្ញា​។ ហុង មិនា

តែ​ក្រោយពី​តារាចម្រៀង​ប្រុស​បាន​ចេញ​ទៅ​សម្តែង​នៅ​អាមេរិក​រយៈពេល ១ ខែ​នោះ​ក៏​ភាយ​ដំណឹង​ចេញ​ពី​ខាង​តារាសម្តែង​ស្រី​វ័យ ២២ ឆ្នាំ កញ្ញា អ៊ីងអ៊ីង វិញ​ថា នាង​បាន​ប្រកាស​បែក​គ្នា​ពី ម៉ា ច័ន្ទបញ្ញា ក្រោម​មូល​ហេតុ​ថា​មិន​សូវ​ចុះ​សម្រុង​នឹង​គ្នា​។

កាន់តែ​សង្ស័យ​នោះ​ក៏​ស្រាប់តែ​ឃើញ​លោក ម៉ា ច័ន្ទបញ្ញា បង្ហាញ​ពី​ការតាំង​ចិត្ត​លែង​គិត​រឿង​ស្នេហា និង​ខំ​បង្កើត​ស្នាដៃ​សិល្បៈ​ក្រោយ​វិល​ពី​អាមេរិក​ថា​៖ «​រឿង​ស្នេហា​ត្រូវ​ផ្អាក​ត្រឹម​នេះ​សិន​ចុះ​។ ខ្ញុំ​នឹង​វិល​ត្រឡប់​បង្កើត​ស្នាដៃ និង​ខំ​រក​លុយ​ឲ្យ​បាន​ច្រើន​។ សន្យា​បាន​ទេ​នឹង​អត់ឱន​ដល់​អវត្តមាន​របស់​ខ្ញុំ​កន្លង​មក​។ សន្យា​បាន​ទេ មិន​ឲ្យ​ខ្ញុំ​ឯកា​»​។ តាមរយៈ​សារ​នេះ​គឺ​សរ​បញ្ជាក់ថា ចំណង​ស្នេហ៍​របស់​លោក ម៉ា ច័ន្ទបញ្ញា និង​កញ្ញា អ៊ីងអ៊ីង ពិតជា​មាន​ភាព​រង្គោះរង្គើ​មែន បើ​ទោះបី​ជា​អ្នក​ទាំង​ ២ ​មិន​ទាន់​បាន​ប្រកាស​ជា​សាធារណៈ​ប្រាប់​ទស្សនិកជន​ក៏ដោយ​។

តែ​កាលពី​ម្សិលមិញ​នេះ​លោក ម៉ា ច័ន្ទបញ្ញា វ័យ ២៨ ​ឆ្នាំ​ទើប​ចេញ​បទ​ថ្មី​មាន​ចំណងជើង​ថា «​រាប់អាន​» បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​និយាយ​ឲ្យ​ត្រង់​ទៅ​នាពេល​នេះ​ចំពោះ​ទំនាក់ទំនង​រវាង​ខ្ញុំ និង​អូន​អ៊ីង​គឺ​អាច​និយាយ​បាន​ថា​ស្ថិត​នៅក្នុង​សភាព​មួយ​មិន​ទាន់​ដាច់​ស្រឡះ​នឹង​គ្នា​នៅ​ឡើយ​ទេ ព្រោះ​ថា​ទោះបី​អូន​អ៊ីង​និយាយ​ច្រើន​នឹង​ពាក្យ​ថា បែក​គ្នា​មែន​ក្តី គឺ​ខ្ញុំ​នៅ​តែ​ស្រឡាញ់​គាត់ ហើយ​នៅ​ចាំ​ដំណឹង​ពី​គាត់​ដដែល ហើយ​ចំពោះ​រឿង​ថា មាន​អ្នក​ទី ៣ ជ្រែក​នោះ​គឺ​ខាង​គាត់​បាន​ចោទ​ខ្ញុំ តែ​ខ្ញុំ​ក៏​ឆ្លើយ​ប្រាប់​គាត់​ផង​ដែរ​ថា​អត់ មាន ហើយ​ពេល​ខ្លះ​ខ្ញុំ​ក៏​សង្ស័យ​គាត់​វិញ​ដែរ ពេល​ឮ​ដំណឹង​ពី​ខាង​ក្រៅ​»៕