ភ្នំពេញ៖ ថ្មីៗនេះតារាម៉ូដែល និងសម្តែងស្រីពន្លកថ្មីវ័យ ២៤ ឆ្នាំ ដែលអតីតជាកញ្ញាឯកលេខ ៣ តំណាងកម្ពុជាឆ្នាំ ២០១៦ កញ្ញា ឆាយ នីតា បង្ហើបរឿងខ្លួនសុខចិត្តចោលលាភកើបប្រាក់ពីសិល្បៈមកស្រវាគិតអំពីរឿងសុខភាពជាចម្បងវិញ ដើម្បីចៀសផុតពីការឆ្លងមេរោគកូវីដ ១៩។
ចាប់តាំងពីកើតមានវិបត្តិដែលបង្កឡើងដោយជំងឺឆ្លងកូវីដ ១៩ មកដល់ មិនថាក្រុមអ្នកសិល្បៈ ឬពលរដ្ឋសាមញ្ញនោះទេ គឺសុទ្ធតែមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចផ្ទាល់ខ្លួនខ្លាំងរហូតដល់មានអ្នកត្អូញត្អែរពីការបាត់បង់ប្រាក់ចំណូលជារឿយៗ។ ខណៈតារាសម្តែងស្រីស្រស់ ឆាយ នីតា វិញហាក់ឃើញថា នាងមានភាពមមាញឹកក្នុងការចេញថតកុនមិនដាច់ ប៉ុន្តែពេលជិតដល់ចេញថតរឿងបន្ទាប់ នាងក៏សម្រេចចោលមួយអន្លើសុំការពន្យារពេលថតសិន មកគិតពីសុខភាពជាចម្បង ដោយមានម្តាយជំទាស់មិនឲ្យចេញថតកុននោះផងដែរ។
តារាស្រីដែលផ្ទុះនូវការគាំទ្រខ្លាំងក្នុងកុនដុំដំបូងគឺរឿង «កុំងាកក្រោយ» របស់ផលិតកម្មហ្គាឡាក់ស៊ី ចាក់បញ្ចាំងចុងឆ្នាំ ២០១៩ កន្លងមក កញ្ញា ឆាយ នីតា នាពេលបច្ចុប្បន្ន បានកំពុងថតកុនភាគរឿង «ប្រហុកក្រអូប» របស់ស្ថានីយទូរទស្សន៍ស៊ីធីអិន ដែលនេះជាការងារនៅសល់តែ ១ គត់ក្នុងដំណាក់កាលនៃការគំរាមកំហែងរបស់កូវីដ ១៩។ បើតាមការបញ្ជាក់របស់កញ្ញា នីតា កុនភាគនេះ គ្រោងនឹងបញ្ចប់ការថតឆាប់ៗ ដូច្នេះហើយទើបសម្រុកថតបញ្ចប់ ខណៈនាងក៏មានកុនបន្ទាប់ថតដែរ ប៉ុន្តែម្ដាយនាងបានជំទាស់មិនចង់ឲ្យកូនស្រីដ៏ស្រស់ស្អាតយកកាយទៅប្រថុយជាមួយនឹងឃាតករលាក់មុខគឺ «កូវីដ ១៩» នោះទេ ទើបកញ្ញា នីតា សុខចិត្តពន្យារពេលថត ហើយគេងនៅផ្ទះបង្ខាំងខ្លួនកុំឲ្យឆ្លងមេរោគ។
កញ្ញា នីតា បញ្ជាក់ប្រាប់ថា៖ «ម៉ាក់របស់នាងខ្ញុំ គាត់ជំទាស់ខ្លាំងណាស់បង ដោយគាត់មិនចង់ឲ្យចេញទេ ព្រោះខ្លាចឆ្លងនូវជំងឺមួយហ្នឹង! តាមពិតក្រោយពីថតបញ្ចប់រឿង «ប្រហុកក្រអូប» នាងខ្ញុំត្រូវថតរឿង ១ ទៀតភ្លាមៗដែរ តែសុំលាក់ចំណងជើងសិន។ យ៉ាងណាដោយសារតែការគំរាមកំហែងពីកូវីដ ១៩ ក្រុមការងារថតរឿងនោះ បានសម្រេចលើកពេលថតទៅថ្ងៃក្រោយវិញហើយដែរ»។
ដោយសារមានចំណូលចិត្តស្រឡាញ់សិល្បៈ ទើបជំរុញឲ្យស្រីស្អាត ឆាយ នីតា សម្រេចចិត្តប្រកួតប្រជែងសម្រស់ក្នុងកម្មវិធីកញ្ញាឯកកម្ពុជាឆ្នាំ ២០១៦ ក៏ទទួលបានជយលាភីលេខ ៣ ព្រមទាំងបន្តការងារសិល្បៈទៅជាតារាម៉ូដែល និងបានក្លាយជាតារាសម្តែងកុនពេញស៊ប់នៅក្នុងឆ្នាំ ២០១៨៕