ភ្នំពេញ៖ ក្រោយ​ពី​អវត្តមាន​​​ពី​វិថី​​សិល្បៈ​​ចម្រៀង​អស់​រយៈពេល​ប្រមាណ​ជាង ១ ទសវត្សរ៍​មក​នោះ​ អតីត​ម្ចាស់​បទ​ចម្រៀ​ង​ដ៏​ល្បី​នា​អំឡុង​ឆ្នាំ ​២០០០ ដល់​​ឆ្នាំ ​២០១៣ ប្រគំ​នៅ​ក្នុង​​​​ថ្ងៃ​​មង្គលការ​ កូន​កំលោះ​កូន​ក្រមុំ ​គឺ​​​បទ​ «មង្គលយើង» លោក ឆោម ប៊ុនយ៉ុង​ ក៏​ស្រាប់​តែ​បង្ហាញ​​​វត្តមាន​ក្នុង​ផ្លូវ​ព្រះធម៌​នៃ​​ពុទ្ធ​ចក្រ​វិញ​ បង្កើត​ភាព​ភ្ញាក់​ផ្អើល​​ទាំង​មហាជន និង​សង្គម​សិល្បៈ​។

នាបច្ចុប្បន្ន​​ ព្រះភិក្ខុ​ ឆោម ​ប៊ុនយ៉ុង គង់​នៅ​វត្ត​​កោះមេត្តា​ពោធិវង្ស ​ស្ថិត​នៅ​ក្នុង​ភូមិ​កោះ​អណ្តែត សង្កាត់​​ទួល​សង្កែ​ទី២​ ខណ្ឌ​​ឫស្សីកែវ រាជធានី​​ភ្នំពេញ នៅ​​​មហាកុដិ​លេខ ១៥ ដោយ​មាន​​ព្រះនាម​​ក្នុង​ពុទ្ធចក្រ​ថា​ «ព្រះ​ភិក្ខុ​ ឆោម ប៊ុនយ៉ុង ព្រហ្មប្បញ្ញោ​​បញ្ញាវិនរោ» ខណៈ​ព្រះអង្គ​​បាន​សាង​ផ្នួស​ជា​ព្រះ​សង្ឃ​​អស់​រយៈពេល​ជាង ​១០ ឆ្នាំ ​មក​​ហើយ​នោះ​។

ការ​បង្ហាញ​វត្តមាន​របស់​ព្រះតេជគុណ​ ព្រះភិក្ខុ​ ឆោម ប៊ុនយ៉ុង ​​បាន​លេច​ឮ​តាមរយៈ​ខ្សែ​វីដេអូ​​ធ្វើ​បទ​បង្ហាញ​មួយ​តាម​សារព័ត៌មាន​អនឡាញ​​​ ដែល​ជា​បណ្តាញ​សង្គម​​សម័យ​ទំនើប ហើយ​ក្រោយ​មក​ក៏​លេច​​ដំណឹង​ដល់​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​ ដែល​​មាន​អ្នកនាង ចន​ ច័ន្ទលក្ខិណា ជា​ប្រធាន​សមាគម​នោះ ក៏​បាន​នាំ​យក​នូវ​គ្រឿង​ទេយ្យទាន​ទៅ​ប្រគេន​ព្រះអង្គ​ផង​ដែរ។ ​នេះ​បើ​តាម​សារ​របស់​លោក​ ហេង ឡុង ជាគូ​ស្នេហ៍​អ្នកនាង​បាន​បង្ហោះ​ឱ្យ​ដឹង​កាល​​ពី​ថ្ងៃទី ​១៩ ខែ ​វិច្ឆិកា ឆ្នាំ ​២០២០ ​នេះ។

លោក ហេង ឡុង បាន​​​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​​ច្រើន​សន្លឹក​នោះ​ថា៖ «​អ្នកនាង ចន ច័ន្ទលក្ខិណា​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​ទៅ​សួរ​សុខ​ទុក្ខ​ព្រះតេជគុណ ​ឆោម ប៊ុនយ៉ុង ​ជូន​បច្ច័យ និង​ទេយ្យទាន។ ​​​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​សូម​គោរព​ថ្លែង​អំណរគុណ​ទៅ​ដល់​សប្បុរសជន​ទាំង​អស់ ដែល​​​​ជួយ​ឧបត្ថម្ភ​ដល់​ «​មូលនិធិ​សិល្បករ​ចាស់​ជរា»​ ជាពិសេស សូម​គោរព​ថ្លែង​អំណរគុណ​​ដល់​សម្តេច​តេជោ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុន រ៉ានី ​​ដែល​បាន​ឧបត្ថម្ភ​ថវិកា​ ៥ ម៉ឺនដុល្លារ​ ក្នុង ១ ឆ្នាំ ​ក្នុង​រយ:ពេល ​៥ ឆ្នាំ។ អ្នក​ឧកញ៉ា ​លាង ឃុន អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង និង​​អ្នក​ឧកញ៉ា ហុង​ ពីវ អគ្គនាយក​បុរីពិភព​ថ្មី ​​បាន​ឧបត្ថម្ភថវិកា​ក្នុង ១ ​នាក់​ ៥ ​ម៉ឺន​ដុល្លារ ​ក្នុង ១ ​​ឆ្នាំ ក្នុង​​រយ:ពេល ៥ ឆ្នាំ ដើម្បី​ទ្រទ្រង់​​ដល់​សិល្បករ​ចាស់​ជរា​»​។​

លោក ឆោម ប៊ុនយ៉ុង កាលនៅជាតារាចម្រៀង​។ រូបថត ហ្វេសប៊ុក

ដោយសារ​តែ​​​ឃ្លាត​ឆ្ងាយ​​ពី​ពិភព​សិល្បៈ​អស់​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ និង​មាន​ឧបនិស្ស័យ​​នឹង​ព្រះពុទ្ធ​សាសនា​តាម​គន្លង​នៃ​​​ព្រះធម៌​នោះ មើល​​ទៅ​​ព្រះតេជគុណ ឆោម ប៊ុនយ៉ុង ​ពិត​ជា​មិន​អាច​ងាក​វិល​​ក្រោយ​ ឬ​លាចាក​សិក្ខាបទ​មក​ជា​គ្រហស្ថ​​​នោះ​​ឡើយ​។

នេះ​បើ​តាម​សង្ឃដីកា ក្នុង​បទ​សម្ភាស​កន្លង​​មក​នោះ​ ព្រះអង្គ​មាន​ថេរដីកា​ថា៖ «អាត្មា​នឹង​មិន​វិល​ទៅ​រក​​អតីតកាល​លើ​ផ្លូវ​សិល្បៈ​ដូច​អតីតកាល​នោះ​ឡើយ គឺ​ស្ម័គ្រ​ស្មោះ​​នឹង​ផ្លូវ​ព្រះធម៌​ហើយ»។​​

គួរ​រំឭក​ដែរ​ថា​​ បទ​ចម្រៀង​ដែល​មាន​​​ចំណង​ជើង​ថា «មង្គល​យើង​» ដែល​បក​ស្រាយ​ដោយ​តារា​ចម្រៀង​ ឆោម ប៊ុនយ៉ុង និង​​អ្នក​នាង ឆោម និមល មាន​ប្រជាប្រិយភាព​ខ្លាំង​តាំង​ពី​​ឆ្នាំ ​២០០០ មក ជា​ពិសេស​នោះ​សម្រាប់​​​​ប្រគំ​លេង​នៅ​​ថ្ងៃ​ពិធី​មង្គលការ​៕​