ក្រុងញូវដែលី: ក្រុម​គ្រួសារ​មួយ​ដែល​រង​គ្រោះ​ព្រោះ​ទឹក​ជំនន់​ក្នុង​រដ្ឋ​កេរ៉ាឡា ប្រទេស​ឥណ្ឌា បាន​រួច​ជីវិត​ក្រោយ​ពី​សត្វ​ឆ្កែ​ចិញ្ចឹម​របស់​ពួកគេ បាន​ដាស់​ពួកគេ​ឲ្យ​ក្រោក​នៅ​មុន​ហេតុ​ការណ៍​រអិល​បាក់​ដី​​បាន​បំផ្លាញ​ផ្ទះ​សម្បែង​ពួកគេ​​តែ​បន្ដិច។ នេះ​បើ​យោងតាម​បណ្ដាញ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃចន្ទ​។

មូហាណាន់ ភី និង​ក្រុម​គ្រួសារ​លោក​កំពុង​គេង​ក្នុង​ផ្ទះនៃ​ស្រុក​អ៊ីឌុកគី​លើ​ជួរ​ភ្នំ ពេល​ឆ្កែ​ចាប់​ផ្ដើម​ព្រុស​សន្ធាប់​ខ្លាំង​នៅ​ម៉ោង ៣ ទៀប​ភ្លឺ​ ដោយ​បាន​ដាស់​មនុស្ស​ទាំង​អស់​ក្នុង​ផ្ទះ​។

លោក មូហាណាន់ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ឥណ្ឌា​ NDTV ថា​៖ «​នោះ​ជា​ពេល​ដែល​យើង​បាន​ឃើញ​ថា ប្រាកដ​ជា​មាន​រឿង​អ្វី​កើត​ឡើង​។ ខ្ញុំ​ចេញ​មក​មើល​ខាង​ក្រៅ​ផ្ទះ ហើយ​យើង​ត្រូវ​ប្រញាប់​ប្រញាល​ចាក​ចេញ​ផ្ទះ​ភ្លាម​»។

បើ​ពួកគេ​មិន​ឆាប់​ចេញ​ពី​ផ្ទះពេល​ហេតុ​ការណ៍​រអិល​បាក់​ដី​កើត​ឡើង​ទេ ពួកគេ​ប្រាកដ​ជា​ត្រូវ​បាន​កប់​ក្នុង​ដី​ជាក់​ជា​មិន​ខាន​។ ក្រុម​គ្រួសារ រួម​ទាំង ឆ្កែ ត្រូវបាន​ជម្លៀង​ទៅកាន់​ជំរំ​បណ្ដោះ​អាសន្ន​របស់​រដ្ឋ​។

ទឹក​ជំនន់​ ដែល​បង្ក​ឡើង​ដោយ​ភ្លៀង​មូសុង​ប្រចាំ​ឆ្នាំ បាន​បោក​បក់​សន្ធាប់​លើ​តំបន់​ទេសចរណ៍​ភាគ​ខាង​ត្បូង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ ដោយ​បាន​សម្លាប់​មនុស្ស​ ៣៩ នាក់ និង​បន្សល់​ទុក​មនុស្ស​ប្រមាណ ១០ ម៉ឺន​នាក់​គ្មាន​ផ្ទះ​សម្បែង​រស់​នៅ៕ AFP/HR