ក្រុងសេអ៊ូល : Miracle Milly ជាឆ្កែអម្បូរឈីហ៊ួហ៊ួ អាយុ ៦ ឆ្នាំ មកពីប្រទេសព័រតូរីកូ ត្រូវបានផ្ដល់ពានជាឆ្កែក្លូនច្រើនបំផុតក្នុងលោក ដោយឯតទគ្គកម្មហ្គីណេសពិភពលោក ក្រោយពីក្រុមអ្នកវិទ្យាសាស្ដ្រនៅកូរ៉េខាងត្បុង បានបង្កាត់ពូជឆ្កែដ៏តូចនេះចំនួន ៤៩ ក្បាលដូចៗគ្នា។
អង្គការមូលនិធិស្រាវជ្រាវបៃអូទិក Sooam ដ៏ចម្រូងចម្រាសក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានក្លូនសត្វចិញ្ចឹមតាំងពីឆ្នាំ ២០០៦ ហើយកាលពីឆ្នាំមុន ពួកគេបានជួប វ៉ាណេសា សេមល័រ ជាម្ចាស់ Milly ជជែកអំពីលទ្ធភាពក្លូនឆ្កែចម្លែកៗដើម្បីព្យាយាមស្វែងយល់ពីអាថ៌កំបាំងហ្សែនដែលធ្វើឲ្យឆ្កែនេះពិសេសខុសគេ។
Milly គ្រងកំណត់ត្រាពិភពលោកជាឆ្កែតូចបំផុតក្នុងឆ្នាំ២០១២ ហើយក្រុមអ្នកវិទ្យាសាស្ដ្រចង់ដឹងពីមូលហេតុដែលធ្វើឲ្យវាតូចបែបនេះ។ ដូច្នេះ ក្នុងខែ សីហា ឆ្នាំ ២០១៧ អ្នកវិទ្យាសាស្ដ្រ Sooam ចាប់ផ្ដើមក្លូន Miracle Milly រហូតដល់ ៤៩ ក្បាល។
ឆ្កែក្លូនដំបូង បានចាប់កំណើតក្នុងខែសីហាឆ្នាំមុន។ ពេលនេះ ឆ្កែ ១២ ក្បាលបានរស់ទាំងអស់ជាមួយក្រុមគ្រួសាររបស់ សេមល័រ នៃក្រុងឃីសស៊ីមមី រដ្ឋ Florida។
វ៉ានីសា និយាយថា Milly និងបងប្អូនរបស់វាមានរូបរាង និងបុគ្គលិកលក្ខណៈដូចគ្នា តែឆ្កែក្លូនខ្លះមានមាឌច្រលៀសគ្នាតិចតួច។ តាំងពីពេលនោះ ក្រុមអ្នកវិទ្យាសាស្ដ្របានក្លូនឆ្កែ ៣៧ ក្បាល។
ម្ចាស់ Milly បាននិយាយថា៖ «ឆ្កែទាំងអស់សុទ្ធតែដូចគ្នា តែមិនមែនជា Milly ទេ ពួកវាមានទំហំខុសគ្នាតិចតួច។ ពួកវាគួរឲ្យស្រឡាញ់ តែ Milly ពិតជាល្អឯក ខណៈពួកវាមានកែវភ្នែក និងខ្នៅសម្បុរដូចគ្នា»។
ក្រុមអ្នកស្រាវជ្រាវ Sooam គ្រោងបង្កើតក្រុមជំនាញនៅវិទ្យាស្ថានហ្សែនក្រុងប៉េកាំងដើម្បីសិក្សាពីហ្សែន និងកត្ដាទាក់ទងនឹងហ្សែនចំពោះការ Milly ក្លូន និង Milly ដើម៕ HR
ប្រភព Odditycentral.com