ភ្នំពេញៈ ខណៈឱកាសក្លាយជាអ្នកចាត់ការទូទៅនៅឯផលិតកម្មថោន របស់អតីតតារាចម្រៀងប្រុសលោក ករុណា ពេជ្រ ទើបតែបានឈរជើងមួយឆ្នាំសោះ ឥឡូវក៏ស្រាប់តែលេចវត្តមានលោក មាស សុខរតនៈ បងប្រុសបង្កើតរបស់កំពូលតារាចម្រៀងស្រីកញ្ញា មាស សុខសោភា មកកាន់តំណែងនេះវិញនៅក្នុងឆ្នាំថ្មីឆ្នាំ ២០១៨ នេះ បង្កការភ្ញាក់ផ្អើលខ្លាំងទៅដល់មហាជន។
ការផ្លាស់ប្តូរតំណែងអ្នកចាត់ការទូទៅ នៅឯទ្រនំផលិតកម្មថោននេះ ក៏មានលេចជាចំហាយរលកព័ត៌មានខ្សឹបខ្សៀវពាក់ព័ន្ធទៅនឹងបងប្អូនបង្កើតនៃត្រកូល មាស ដែរគឺលោក មាស សុខរតនៈ និងកញ្ញា មាស សុខសោភា តារាចម្រៀងស្រីកំពូលនៅផលិតកម្មថោន។
ការបែកធ្លាយជា ចំហាយរលកព័ត៌មានបែបខ្សឹបខ្សៀវនោះបានលើកឡើងថា៖ «ផលិតថោន សុខចិត្តដកតំណែងចាត់ការទូទៅពីលោក ករុណា ពេជ្រ ដើម្បីប្រគល់ឲ្យទៅលោក មាស សុខរតនៈ ដែលជាថ្នូរលួងចិត្តជាមួយនឹងការចង់បានឲ្យតារាចម្រៀងស្រីកញ្ញា មាស សុខសោភា បន្តនៅផលិតកម្មថោនទៀត ព្រោះថា នាងផុតកុងត្រា ហើយនឹងចេញរកទ្រនំថ្មី និងដើម្បីស្តារនូវស្ថានភាពនៃការធ្លាក់ចុះទីផ្សាររបស់ផលិតថោនផងដែរ»។
តែនាពេលថ្មីៗនេះ នៅក្នុងជំនួបជាមួយនឹងលោក មាស សុខរតនៈ ជាអ្នកចាត់ការទូទៅថ្មីផលិតកម្មថោន តាមទូរស័ព្ទ ដែលជំនួសលោក ករុណា ពេជ្រ ដែលបានឈរជើងប្រហែល ១ ឆ្នាំនោះ បានប្រាប់ថា៖ «តាមពិតទៅ មិនមានការដូរដោះ ឬមានជាថ្នូរអ្វីនោះទេ សម្រាប់ការមកកាន់ការងាររបស់ខ្ញុំ នៅផលិតកម្មថោននេះគឺ ដោយសារក្រុមហ៊ុនយើង មានធនធានមនុស្សផ្នែកនេះ មានកំណត់ ហើយយើងក៏ចង់ឲ្យមានការឆ្លាស់ការងារដែរ ហើយការងារនៅថោន ខ្ញុំតែងតែឡើងចុះតាមតម្រូវការជាក់ស្តែង មិនមានការដូរដោះថ្នូរ ឬយុទ្ធសាស្ត្រអ្វី ដូចជាការលើកឡើងនោះឡើយព្រោះថាខ្ញុំធ្វើការនៅទីនេះប្រមាណ ១០ ឆ្នាំហើយ គឺមានអារម្មណ៍ថា ថោនក្លាយជាគ្រួសាររបស់ខ្លួនទៅហើយសព្វថ្ងៃនេះ»។
លោក មាស សុខរតនៈ បញ្ជាក់ថា៖ «ឆ្នាំនេះ ខ្ញុំត្រូវមកកាន់កន្លែងការងារ លោក ករុណា ពេជ្រ នោះក៏ព្រោះតែឆ្នាំមុនខ្ញុំជាប់រវល់ការងារជួយផលិតកម្មខានមិនបាននៅឯផ្នែកផ្សេងទៀត តែប៉ុណ្ណោះ»។
ខណៈលោក ករុណា ពេជ្រ អតីតអ្នកចាត់ទូទៅ ដែលបានអភិវឌ្ឍខ្លួនមកពីអាជីពជាតារាចម្រៀងហើយបានឈរជើងរយៈពេល ១ ឆ្នាំនោះ បង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ ខណៈលោកកំពុងតែមានវត្តមានកាន់ការងារថ្មីនៅឯផ្សារកុងតឺន័រ នៅឯក្រុងសៀមរាប កាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨ កន្លងមកនេះថា៖ «អូ!តាមពិតទៅ តំណែងនេះត្រូវបង មាស សុខរតនៈ កាន់វិញដោយសារ ឥឡូវនេះ ខ្ញុំត្រូវក្រុមហ៊ុនតម្រូវឲ្យមកកាន់ការមើលខុសត្រូវលើផ្នែកជំនួញ និងរៀបចំ Event នានាជាមួយក្រុមតារាថោនវិញនៅឯតំបន់ផ្សារកុងតឺន័រ នៅក្រុងសៀមរាប ឯណោះ ហើយការកាន់តំណែងជាអ្នកចាត់ការទូទៅនៅថោនកាលឆ្នាំទៅនោះ ដោយសារតែកាលពីពេលនោះគឺបងប្រុស អ៊ា វឌ្ឍនា ត្រូវទទួលមរណភាព ហើយខ្ញុំក៏ត្រូវជំនួសកន្លែងរបស់គាត់មួយរយៈ»៕