ភ្នំពេញ៖ គ្រាន់​តែ​​ចូល​ឆ្នាំ​ថ្មី​ភ្លាម ស្រាប់​តែ​​​តារា​​ស្រី​​វ័យ ២១ ឆ្នាំ ​ដែល​កំពុង​​​មមាញឹក​នឹង​ការ​ថត​ទាំង​​​កុន​ភាគ​ដំបូង​​រឿង «ពណ៌​ជីវិត» សម្រាប់​ការ​វិល​​ត្រឡប់​មក​ប្រឡូក​សិល្បៈ​សម្តែង​​កុន​​វិញ​ ស្រីស្រស់ សិទ្ធី នីកា ក៏​ចេះ​លេង​​ស្ទីល​ថ្មី​បង្ហាញ​​​រាង​ដ៏​ស្រឡូន​ស្អាត​ ឡើង​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់​ផ្អើល​ក្នុង​ឈុត​ខោ​អាវ​ហាត់​ប្រាណ។​​

សូម្បី​តែ​សាមី​ខ្លួន​ក៏​ហាក់​មាន​ភាព​ចម្លែក​អារម្មណ៍​ដែរ​ សម្រាប់​រូប​ ២ ​ប៉ុស្តិ៍ ក្នុង​​​ឈុត​ខោអាវ​ហាត់​ប្រាណ​នោះ ដោយ​បាន​បង្ហើរសារ​ថា៖ «​មក​ពី​ហាត់ប្រាណ​ ស្តាយ​​អាកាសធាតុ​​ ក៏​ដាក់​មួយ​​​ប៉ុស​​ពីរ​​ប៉ុស​​ទៅ​ ​យូរៗ​​​សុំ​បញ្ចេញ​​សាច់​មួយ​​ដង​ ​កុំ​ថា​​អី​ ​លីកា ​ណា​!»។

រំពេច​​នោះ ក៏​មាន​អ្នក​ចូល​ទៅ​​ចុច ​Like និង​ Comments បញ្ចេញ​មតិ​យ៉ាង​ច្រើន ដែល​បើ​តាម​​មើល​ទៅ​ឃើញ​សុទ្ធ​តែ​ពាក្យ​សរសើរ​​បង្ហាញ​ពី​ភាព​ភ្ញាក់​ផ្អើល សឹង​តែ​មាន​សំណេរ​ជាន់​ពាក្យ​គ្នា​​​ជា​ហូរហែ​តែ​ម្តង​​ថា៖ «អ៊ូយ​! ​រាង​​ស្អាត​ណាស់! ស្អាត​ម្ល៉េះ​ពៅ! ​រាង​ពិត​ជា​ស្អាត​​ម្ល៉េះ​​ចែ​​!»។​

យ៉ាង​ណា​ក៏​អ្នក​មាន​​ការ​ចាប់​អារម្មណ៍​លើស​ពី​រូបរាង​ដ៏​​ស្អាត​របស់​ សិទ្ធី នីកា ត្រង់​បាន​ឃើញ​ដប​ទឹក​បរិសុទ្ធ​ ដែល​​កាន់​នឹង​ដៃ និង​នៅ​ក្បែរ​ខ្លួន​របស់​អ្នកនាង ដែល​មាន​យីហោ​ថា «Provida Water» នោះ​ក៏​បាន​លើក​ឡើង​​ថា​៖ «អ៊ី​យ៉ា! សិទ្ធី នីកា សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ ​២០២១​ នេះ ស្រាប់​ចេញ​ថត​លេង​​ស្ទីល​​​ញាក់សាច់​​​​​ជាមួយ​​​ការ​ថត​ស្ប៉ត​​ទឹក​​បរិសុទ្ធ​»​។

គួរ​កត់​សម្គាល់​ផង​​ដែរ​ថា ក្រោយ​ពី​បាត់​មុខ​​មួយរយៈ​ចេញ​ពី​ពិភព​នៃ​សិល្បៈ​ ​គឺ​ដោយ​​​​ត្រូវ​ទៅ​បំពេញ​កាតព្វកិច្ច​​ជា​​ឧត្តមភរិយា ​និង​​​មាតា​ដ៏​ល្អ​សម្រាល​​​បុត្រា ​១ អង្គ​​នៃ​​ចំណង​ស្នេហ៍​ជាមួយ​ម្ចាស់​ចិត្ត គឺ​ព្រះអង្គ​​​ម្ចាស់​នរោត្តម ចារូច័ក្រ ដែល​ជា​បុត្រា​​ព្រះអង្គ​នរោត្តម ចក្រពង្ស​ នោះ ​តារា​​ស្រីស្រស់ សិទ្ធី នីកា ក៏​បាន​លេច​​​វត្តមាន​វិល​មក​ប្រឡូក​វិស័យ​​សិល្បៈ​​វិញ​ កាល​ពី​ចុង​ឆ្នាំ ​២០២០ ​កន្លង​​ទៅ​ថ្មីៗ​ដែរ ​តាមរយៈ​ការ​ថត​កុន​ភាគ​រឿង ​​«ពណ៌​ជីវិត» របស់​ផលិតកម្ម​នៃ​ទូរទស្សន៍​ភីអិនអិន​សម្តែង​ជាមួយ​​​​តួឯក​​​ប្រុស​​​លោក ខាត់ វ៉ៃហាំង។

តារា​​សម្តែង​ស្រី​​ សិទ្ធី នីកា ដែល​ជា​​​ក្មួយ​ស្រី​​តារា​សម្តែង​ជើង​ចាស់​​អ្នក​នាង ព្រំ ​រដ្ឋា បាន​ឆក់​ឱកាស​គ្រង​នូវ​តំណែង​តួឯក​​ស្រី​ក្នុង​កុន​ភាគ​ថ្មី​​ និង​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​​ផលិតផល​​សម្រស់​នានា​ អ្នក​នាង សិទ្ធី នីកា ក៏​បាន​ធ្លាប់​​បញ្ជាក់​ដែរ​ថា៖ «ពិត​មែន​​ហើយ​​​បង! ​​នៅ​ពេល​នេះ​​នាង​ខ្ញុំ បាន​វិល​មក​ប្រឡូក​ការងារ​សិល្បៈ​​​​វិញ​ពេញ​ដៃ​ពេញ​ជើង​​​​​ហើយ​។ ក្រៅ​ពី​នេះ​នាង​​ខ្ញុំ​មាន​ការ​រវល់​ខ្លាំង​ផង​ដែរ​ជាមួយ​​នឹង​ការ​ថត​ស្ប៉ត​ផ្សព្វផ្សាយ​​ផលិតផល​សម្រស់​»៕​