ភ្នំពេញ៖ ក្រោយ​​​វិល​​​ពី​ការ​សម្តែង​សិល្បៈ​នៅ​​ក្រៅ​​​ប្រទេស ដែល​ជា​វេលា​​​​ខាន​បាន​បំពេ​អារម្មណ៍​​ប្រិយមិត្ត​យូរ​​ក្រែល​ និង​ផ្ទុះ​​ដំណឹង​​​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ផង​នោះ មាស សុខសោភា ​កំពុង​តែ​បង្កើត​ភាព​ភ្ញាក់​ផ្អើល​ដល់​មហាជន​យ៉ាង​​ខ្លាំង​​​ដោយ​លេចឮ​​ថា ចង់​ដូរ​ទ្រនំ​ចាស់ ហើយ​​ត្រៀម​បើក​បេះដូង​ស្វាគមន៍​​ការ​ចែចូវ​​ពី​​​ផលិតកម្ម​ថ្មី​​នៅ​ដើម​ឆ្នាំ ២០២០ នេះ។

កំពូល​​​តារា​ចម្រៀង​​ស្រី​ទ្រនំ​ផលិតកម្ម​ថោន ​កញ្ញា​ មាស សុខ​សោភា​ ដែល​​បាន​ចេញ​​ទៅ​​ចូលរួម​កម្មវិធី​​ ​ ប្រគំ​​​តន្រ្តី​សិល្បៈ​ឈ្មោះ​ ASEAN ​FANTASIA​ 2019 កាល​ពី​​ថ្ងៃទី ​២៤ ខែ ​វិច្ឆិកា ឆ្នាំ ២០១៩ ​នៅ​ទីក្រុង​ Changwon ​ប្រទេស កូរ៉េ​​ខាង​ត្បូង​ នោះ​បាន​ព្រលយ​ការ​ពិត​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ពី​ដំណឹង​ដ៏​អន្ទះអន្ទែង ​ចង់​ដឹង​ពី​ប្រិយមិត្ត​គាំទ្រ​ខ្លួន​ ខណៈ​គេ​​មិន​ទាន់​បាន​ឮ​សំនៀង​បទ​ថ្មី​របស់​នាង​នៅ​ឡើយ​ទេ​ក្នុង​​ឆ្នាំ ​២០២០ ​នេះ។

ចំពោះ​រលក​ព័ត៌មាន​ល្បី​ថា​ នឹង​ចេញពី​ទ្រនំ​ចាស់​​ទៅ​​រក​ទ្រនំ​ថ្មី​ និង​ភាព​ស្ងាត់​ជ្រងំ​​​ចេញ​បទ​​ចម្រៀង​​ថ្មី​នេះ កញ្ញា​ មាស សុខសោភា បាន​ឲ្យ​ដឹង​ដោយ​បើក​ចំហ​បេះដូង​ដែរ​ថា​៖ «ជា​ការ​ពិត-​ មក​ដល់​ពេល​នេះ នាង​ខ្ញុំ​បាន​ត្រៀម​ចិត្ត​នឹង​ការ​ចរចា​ជាមួយ​នឹង​ផលិតកម្ម​ថ្មី​នានា ប្រសិន​បើ​ខាង​គាត់​ព្រម​ពិភាក្សា​ជាមួយ​ខ្ញុំ​ នៅ​លើ​កិច្ច​ព្រៀមព្រៀងគឺ​​ជា​តារា​ចម្រៀង​​គ្មាន​កុងត្រា​នោះ​ ព្រោះ​ពេល​នេះ​ នាង​ខ្ញុំ​ហាក់​ដូច​ជា​​ត្រូវ​បាន​គេ [ផលិតកម្ម​ថោន] ព្រងើយ​កន្តើយ​ហើយ»។

តែ​យ៉ាង​ណា នៅ​​ពេល​ចូល​មក​ដល់​ឆ្នាំ ២០២០ នេះ​ភ្លាម គេ​ក៏​ឧស្សាហ៍​ឃើញ​តារា​ស្រី​ កញ្ញា​ មាស សុខសោភា ​មាន​​​ភាព​មមាញឹក​​ខ្លាំង​ក្នុង​ការងារ​​ផលិតកម្ម​ផ្ទាល់​ខ្លួន​ឈ្មោះ​ថា «​Camtrax-​ Music»​ និង​​វា​ក៏​ជា​ចំណែក​មួយ​ ដែល​កញ្ញា មាស សុខសោភា កំពុង​​តែ​ដាក់​គោលដៅ​ខ្លាំង​នា​​ដើម​ឆ្នាំ ​២០២០ ​នេះ​ទៀត​​ផង។​

មាស សុខសោភា ​ក៏​​​បាន​បញ្ជាក់​ផង​ដែរ​​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ពិសេស ​ជាមួយ​ផលិតកម្ម​ខ្លួន​​ខាង​លើ​នោះ​ថា៖ «ពិត​​ណាស់ ពេល​នេះ​ខ្ញុំ​កំពុង​តែ​​ផ្តោត​លើ​វា​ [Camtrax Music]​ មែន! ហើយ​​ឆ្លៀត​ឱកាស​នេះ នាង​ខ្ញុំ​ក៏​សូម​ជូន​ដំណឹង​ទៅ​ដល់​​បង​ប្អូន​សិល្បករ-សិល្បការិនី គ្រប់​មជ្ឈដ្ឋាន​ផង​​ដែរ សម្រាប់​ក្តី​បំណង​ចូលរួម​ជាមួយ​នឹង​ផលិតកម្ម​ខ្ញុំ​នេះ​ដែល​ជា​ការ​សហការ ​ដើម្បី​វិស័យ​ចម្រៀង​ខ្មែរ​ ក៏​ដូចជា​ជូន​​ដំណឹង​ដល់​បងប្អូន​មហាជន​សូម​ឲ្យ​ជួយ​​គាំទ្រ​ Camtrax Music ផង!»។

គួរ​បញ្ជាក់​​​ដែរ​ថា តាមរយៈ​បទ​​ចម្រៀង​មាន​ចំណង​ជើង​​ថា «រលឹម​​ប្រុយៗ​» ​​ដែល​ជា​ស្នាដៃ​និពន្ធ​លោក​​ សោម ដូរ៉េ​ អតីត​​​ជា​កវី​​ទំនុក​ច្រៀង​ល្បី​នៅ​ផលិតកម្ម​ថោន​​នោះ​កំពុង​​​តែ​​ទទួល​​បាន​នូវ​ការ​គាំទ្រ​ខ្លាំង​​ពី​សំណាក់​ប្រិយមិត្ត​ជា​អ្នក​ស្តាប់​ ហើយ​ក៏​ជា​កាដូ​ចុង​ក្រោយ សម្រាប់​​ឆ្នាំ ​២០១៩​ សំនៀង​របស់​តារា​​​ចម្រៀង​​ស្រី​ លំដាប់​កំពូល​​នៃ​ទ្រនំ​ផលិតកម្ម​ថោន​ដ៏​ចាស់​វស្សា​​ កញ្ញ មាស​ សុខសោភា​៕​