ភ្នំពេញ៖ តារាសម្តែងស្រីជាកូនកាត់ខ្មែរ-អាល្លឺម៉ង់ កញ្ញា ម៉ៃយ៉ា កំពុងតែមានរាសីឡើងស្រឺតៗតែម្តង ខណៈគ្រាន់តែចូលដើមឆ្នាំ ២០២០ ភ្លាម ស្រាប់តែក្តាប់បានឱកាសមាសភ្លែត ដោយក្លាយជាទូតសុឆន្ទៈតំណាងឲ្យផលិតផលសាប៊ូកក់សក់ល្បីអ៊ីតាលីម៉ាក កូឡាទីន។
ក្រោយពីឡើងកូដលើវិថីសិល្បៈខ្លាំងដូចឡើងកាំជណ្តើរផ្ទះ ទាំងក្នុងការសម្តែងកុន និងធ្វើជាពិធីការិនីទូរទស្សន៍មកនោះ តារាសម្ដែងស្រីមានរូបសម្ផស្ស ស្រស់សោភា កញ្ញា ម៉ៃយ៉ា ត្រូវបានជ្រើសរើសឲ្យក្លាយជាអ្នកតំណាងផលិតផលសាប៊ូកក់សក់មួយម៉ាក កូឡាទីន របស់ក្រុមហ៊ុន TRE បន្ថែមទីផ្សារសិល្បៈខ្លួន។
ខណៈការងារសិល្បៈកំពុងមមាញឹក និងមានសម្ទុះជោគជ័យគួរឲ្យកត់សម្គាល់ស្រីស្អាតកញ្ញា ម៉ៃយ៉ា សម្ដែងក្ដីរីករាយនៅក្នុងពិធីប្រកាសជាអ្នកតំណាងផលិតផលកន្លងមកថា៖ «នាងខ្ញុំពិតជា សប្បាយចិត្តណាស់ ដែលក្រុមហ៊ុនចាប់អារម្មណ៍លើរូបនាងខ្ញុំ ធ្វើជាអ្នកតំណាងនោះ។ ការពិតកត្តាសុខភាព និងសម្រស់ជារឿងសំខាន់ ដែលស្ត្រីគ្រប់រូបត្រូវការហើយនាងខ្ញុំ គឺជាមនុស្សស្រឡាញ់សក់បំផុត។ ដូចជាសក់នាងខ្ញុំពេលនេះ អ៊ីចឹង មុនរក្សាបានសក់វែងបែបនេះ គឺនាងខ្ញុំខំប្រឹងប្រែងថែរក្សា និងសម្រិតសម្រាំងខ្លាំងទៅលើការប្រើប្រាស់ផលិតផលល្អៗជាច្រើនផងដែរ»។
ស្រីស្អាត កញ្ញា ម៉ៃយ៉ា ដែលមានម្តាយជាខ្មែរ និងលោកប៉ាជាជនជាតិអាល្លឺម៉ង់ រស់នៅទីក្រុងមុយនិច បន្ថែមថា៖ «រឿងកិច្ចសន្យា ធ្វើជាអ្នកតំណាងផលិតផល សាប៊ូកក់សក់ខាងលើនេះ គឺមានរយៈពេល ១ ឆ្នាំតែប៉ុណ្ណោះ។ ឆ្នាំក្រោយៗទៀតនោះ ខ្ញុំនឹងពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុន ដើម្បីបន្ត ឬក៏ត្រូវបញ្ចប់។ អ្វីដែលនាងខ្ញុំ ទទួលបានពីការងារនេះ គឺមិនបានប៉ះពាល់ដល់អាជីពសិល្បៈរបស់នាងនោះឡើយ ទោះបីជាមមាញឹកខ្លាំងនៅក្នុងរដូវកាលឆ្នាំនេះក្ដី។
ទោះជាយ៉ាងណាសម្រាប់តំណាងទូតសុឆន្ទៈផលិតផលសាប៊ូកក់សក់ម៉ាក កូឡាទីន នេះ កញ្ញា ម៉ៃយ៉ា បានបញ្ជាក់ថា៖ «នេះជាបទពិសោធដ៏ពិសេសមួយសម្រាប់នាងខ្ញុំផ្ទាល់ ដែលមានឱកាសមកចែករំលែកបទពិសោធនៃការប្រើប្រាស់ផ្ទាល់ និងលទ្ធផលបានតាំងពីមុន និងក្រោយពេលខ្ញុំទទួលបានការងារក្លាយជាទូតសុឆន្ទៈសាប៊ូតែម្តង»។
យ៉ាងណាមិញអ្នកគាំទ្រ ក៏សម្ដែងការកោតសរសើរទៅដល់តារាស្រីវ័យ ២២ ឆ្នាំ កញ្ញា ម៉ៃយ៉ា ដែលហ៊ានទម្លាយការពិតនូវមុខមាត់គូស្នេហ៍ខ្លួនជាលក្ខណៈបើកចំហអំពីចំណងស្នេហ៍ឲ្យទស្សនិកជនបានដឹង ខណៈត្រូវបានគេសង្ស័យថា គឺជាស្រីដូចគ្នាក្តី តែតារាសម្ដែងពិធីការិនី កូនកាត់អាល្លឺម៉ង់ រូបនេះ ហាក់មិនអើពើ និងចេញមុខមកបកស្រាយអ្វីនោះឡើយ ផ្ទុយទៅវិញអ្នកទាំង ២ កាន់តែបង្ហាញនូវភាពស្និទ្ធស្នាលខ្លាំង ឱបគ្នាយ៉ាងស្អិតល្មួត ដើរលេងទាំងក្នុង និងក្រៅប្រទេសដូចជា នៅលើទឹកដីកោះបាលី នៃប្រទេស ឥណ្ឌូនេស៊ី និងបង្ហាញផ្អែមល្ហែមក្នុងប្រទេស៕