ក្រុងប៉ារីស: ស្ថិត​ក្នុង​តំបន់​ព្រៃ​ភាគ​ខាងជើង​នៃ​តំបន់ ខូរស៊ីកា ឆ្មាំ​ព្រៃ​ ២ ​នាក់​ បាន​បើក​ទ្រុង​លែង​សត្វ​ឆ្មា​សម្បុរ​ត្នោត​បង្កង់​ជា​អម្បូរ​ដ៏កម្រ​មួយ​ក្នុង​ចំណោម ១៦ ក្បាល​ ដែល​គេ​ស្គាល់​ជា «​ឆ្មា​កញ្ជ្រោង​» ប្រចាំ​តំបន់ និង​​ត្រូវ​បាន​ចាត់ទុក​ជា​ពូជ​ថ្មី​។

Pierre Benedetti ប្រធាន​ផ្នែក​បច្ចេកទេស​បរិស្ថាន​នៃ​ការិយាល័យ​ប្រមាញ់​សត្វព្រៃ​ជាតិ (ONCFS) បាន​និយាយ​ថា​៖ «​យើង​ជឿ​ថា​វា​ជា​អម្បូរ​សត្វព្រៃ​ធម្មជាតិ​ដែល​មាន​គេ​ស្គាល់ តែ​គ្មាន​ចុះបញ្ជី​ផ្នែក​វិទ្យាសាស្ដ្រ ពីព្រោះ​វា​ជា​សត្វ​ពិបាក​អង្កេត​បំផុត​ដោយសារ​វា​ជា​សត្វ​រាត្រីចរ​»​។

លោក​ប្រាប់ AFP ពេល​ពឆ្មា​ឈ្មោះ Ghjattu volpe ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​តំបន់ អាស្កូ លើ​ដែន​កោះ​មែរឌីទែរណេ​របស់​បារាំង​ថា​៖ «​វា​ជា​ការរកឃើញ​ដ៏អស្ចារ្យ​មួយ​» ។

ដោយសារ​វា​ស្រដៀង​ឆ្មា​ស្រុក​ខ្លះៗ ឆ្មា​កន្ទុយ​កង​នេះ​មាន​ប្រវែង ៩ តឹក​ពី​ក្បាល​ដល់​ចុងកន្ទុយ មាន​ត្រចៀក​ធំៗ ពុកមាត់​ខ្លី និង​ធ្មេញ​វែងៗ ។ ភាពខុសប្លែក​គ្នា​ដទៃ​ទៀត​រួមមាន ឆ្នូត​លើ​ជើង​ខាង​មុខ ជើង​ក្រោយ​ពណ៌​ខ្មៅ និង​ពោះ​ពណ៌​ទង់ដែង​។ រោម​ទន់​ល្មឿយ​ក្រាស់​ដែល​ជា​ជម្រក​សុខសាន្ដ​របស់​ពពួក​ចៃ​គ្រប់​ប្រភេទ​។

លោក Benedetti បន្ដ​ថា​៖ «​ទំហំ ខ្លួន​និង​កន្ទុយ​ធ្វើឲ្យ​វា​ត្រូវគេ​ដាក់​ឈ្មោះ​ថា ឆ្មា​កញ្ជ្រោង​ប្រចាំ​ដែន​កោះ​»​។

សត្វ​ទាំងនេះ​ត្រូវ​បាន​រកឃើញ​ក្នុង​ជម្រក​ដាច់​ស្រយាល​ដែល​មាន​ទឹក និង​រុក្ខជាតិ​គ្រប​បណ្ដប់​ជា​ខែល​ការពារ​ពី​សត្រូវ និង​សត្វ​ឥន្ទ្រី​មាស ។ ការប្រើ​វិធី​ផ្សាំង​របស់ ONCFS ពី​ឆ្នាំ​ ២០១៦ បាន​ចាប់​ឆ្មា​ទាំងនេះ​ ១២ ក្បាល​ក្នុង​ចំណោម ១៦ ក្បាល​ ដែល​គេ​ប្រទះឃើញ​ក្នុង​តំបន់​រួច​លែង​វិញ​ក្រោយ​ធ្វើការ​ត្រួតពិនិត្យ​ត្រួសៗ​។

ពេលនេះ​ពួកគេ​រំពឹង​ថា​នឹង​មាន​ការទទួលស្គាល់ និង​ការពារ​ឆ្មា​កញ្ជ្រោង​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​រយៈពេល​ពី ២ ទៅ ៤ ឆ្នាំ​ខាង​មុខ​៕ HR