ក្រុងសែនមនោរម្យៈ ដោយសារតែមិនចង់ឲ្យមរតកវប្បធម៌ដើមសាបរលាប បាត់បង់ និងចង់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ ហើយចូលរួមរក្សាឲ្យមានបន្តទៀតនោះ ក្រុមសហគមន៍ជនជាតិភាគតិចបានរៀបចំពិធីរំឭកវប្បធម៌ ជនជាតិដើមភាគតិចជាលើកទី ២ នៅឆ្នាំនេះដោយមានការចូលរួមពីក្រុមគ្រួសារជនជាតិនានានៅក្នុងខេត្តមណ្ឌលគិរីចូលរួមប្រមាណជាង ៥០០ នាក់។
ការប្រារព្ធកម្មវិធីនេះមានចំនួន ២ ថ្ងៃ ២ យប់គឺធ្វើថ្ងៃទី ១១ និងទី ១២ ខែ មេសា ឆ្នាំ ២០១៩ មានទីតាំងធ្វើនៅតំបន់រមណីយដ្ឋានភ្នំដោះក្រមុំដែលស្ថិតនៅចំទីប្រជុំជននៃក្រុងសែនមនោរម្យរបស់ខេត្តមណ្ឌលគិរី ខណៈលើកទី១ បានប្រារព្ធធ្វើនៅតំបន់ទឹកធ្លាក់ប៊ូស្រាកាលពីឆ្នាំ ២០១៨។
អ្នកស្រី ផ្លឹក ភារុំ ដែលជាជនជាតិព្នង និងជាអ្នកសម្របសម្រួលរបស់ជនជាតិភាគតិចនៅខេត្តមណ្ឌលគិរីបានប្រាប់ភ្នំពេញប៉ុស្តិ៍ នាឱកាសប្រារព្ធពិធីរំឭកវប្បធម៌ខ្លួនកាលពីម្សិលមិញថា៖ «នេះជាការប្រារព្ធធ្វើលើកទី ២ ហើយ ខណៈលើកទី ១ យើងបានធ្វើនៅឆ្នាំ ២០១៨ នៅឯតំបន់រមណីយដ្ឋានទឹកធ្លាក់ប៊ូស្រាដែលធ្វើ ២ លើកចុងក្រោយនេះមានលក្ខណៈធំដុំជាងរាល់ដង ខណៈដែលចាស់ៗជនជាតិយើងគ្រាន់តែបានជួបជុំជជែកគ្នា ពេលមកញ៉ាំអាហារជុំគ្នាតែប៉ុណ្ណោះនាពេលកន្លងមក»។
អ្នកស្រី ផ្លឹក ភារុំ បានបន្តថា៖ «ដោយសារតែយល់ឃើញថា ប្រសិនបើមិនមានការរៀបចំបំផុសឲ្យចាស់ៗឲ្យបង្ហាញពីមរតកវប្បធម៌ខ្លួនដែលមានតាំងពីដូនតាមកទេនោះគឺថាវប្បធម៌នានារបស់បងប្អូនជនជាតិភាគតិចនោះនឹងសាបរលាប បាត់បង់បន្តិចម្តងៗពីមួយជំនាន់ទៅមួយជំនាន់ជាមិនខានឡើយ ហើយកូនចៅជំនាន់ក្រោយក៏មិនបានស្គាល់នូវអ្វីជាកេរដំណែលវប្បធម៌របស់ជនជាតិភាគតិចខ្លួនជាមិនខានផងដែរ។
ដូច្នេះហើយបានជានៅក្នុងពេល ២ ឆ្នាំចុងក្រោយនេះយើងបានសុំការសហការ និងសម្របសម្រួលពីក្រុមអាជ្ញាធរ ភូមិ-ឃុំនៃតំបន់មូលដ្ឋានក្នុងខេត្តមណ្ឌលគិរីដើម្បីរៀបចំពិធីរំឭកវប្បធម៌ ដែលជាការប្រមូលផ្តុំទម្រង់វប្បធម៌ពីមនុស្សចាស់ៗមកបង្ហាញឲ្យកូនចៅពួកគាត់បានឃើញតាមរយៈការសម្តែងនូវរបាំចម្រៀង និងពិធីតាមប្រពៃណីជនជាតិភាគតិចនានាតែម្តងគឺយើងប្រាព្ធធ្វើមានរយៈពេល ២ ថ្ងៃ ២ យប់។
ថ្ងៃទី ១ ចាប់ផ្តើមដោយការដើរហែក្បួនប្រមាណជាង ១០ គីឡូម៉ែត្រនៅទីប្រជុំជនក្រុងសែនមនោរម្យក្រោមបរិយាកាសរីករាយពោរពេញដោយកម្លាំងទឹកចិត្តខ្លាំងក្លាបំផុត។ ចំពោះការហែក្បួនដើរជាជួរបង្ហាញពីអត្តសញ្ញាណចម្រុះពណ៌របស់ជនជាតិដើមភាគតិច ព្នង និងស្រែង ដោយមានការស្រែកជាសារអបអរសាទរថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាលដែលបានចេញបទបញ្ជាឲ្យអាជ្ញាធរដកហូតដីដែលត្រូវបានទន្ទ្រានយកដោយខុសច្បាប់មកដាក់ជាមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចវិញ ហើយជនជាតិដើមភាគតិចក៏គាំទ្រចំពោះការគ្រោងចុះបញ្ជីដីនៃភ្នំស្រុះផ្លុំ (ដោះក្រមុំ) ចូលទៅជាបេតិកភណ្ឌជាតិនោះ។
សារៈសំខាន់មួយទៀតគឺសូមបងប្អូន ពូមីង យាយតា បន្តគាំទ្រអភិរក្ស និងលើកកម្ពស់វប្បធម៌ ជនជាតិដើមភាគតិចតាមរយៈចូលរួមវិភាគទានជាមួយនឹងពួកយើងដើម្បីកសាងមជ្ឈមណ្ឌលវប្បធម៌ក្នុងទឹកដីខេត្តមណ្ឌលគិរីយើងនេះផង! សូមបងប្អូន ពូមីង យាយតា ចូលរួមកម្មវិធីនេះដែលនឹងមានការបង្ហាញសិល្បៈវប្បធម៌ និងការតាំងពិព័រណ៍ទៅតាមភូមិនានាផងដែរ»។
គួរបញ្ជាក់ថាការហែក្បួនពិធីរំឭកវប្បធម៌នេះមានជនជាតិព្នង និងជនជាតិផ្សេងៗ ខណៈឆ្នាំនេះក៏មានជនជាតិគួយមកពីកំពង់ធំដែរ៕