ភ្នំពេញៈ ជាមួយ​នឹង​សំឡេង​ហ៊ោកញ្ជ្រៀវ​ពី​ក្រុម​អ្នកគាំទ្រ ការប្រកួតប្រជែង​រ៉ូបូត​ថ្នាក់ជាតិ​លើក​ទី​ ៦ ឆ្នាំ​ ២០១៩ បាន​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃទី ២៧ ខែ​មេសា នៅ​សាល​ដំបូលទូក​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដោយ​មាន​អ្នក​ចូលរួម​ទស្សនា​ប្រមាណ​ជាង​មួយ​ពាន់​នាក់​។

ការប្រកួតប្រជែង​នេះ​ធ្វើ​ឡើង​រយៈពេល​មួយ​ព្រឹក​ពេញ​ដែល​មាន​ក្រុម​ចំនួន​ ៩ ចូលរួម​ប្រកួត​ប្រជែង​មកពី​វិទ្យាស្ថាន និង​សាកលវិទ្យាល័យ​ចំនួន​ ៥ រួមមាន​៖ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (Royal University of Phnom Penh) សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (Nation University of Management) វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (Institute of Technology of Cambodia) វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ (National Polytechnic Institute of Cambodia) និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ (Preah Kossomak Polytechnic Institute)​។

អ្នក​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​រ៉ូបូត​ថ្នាក់ជាតិ​នេះ​លោក ប៉ាង ចំណាន បានបញ្ជាក់​ពី​គោលបំណង​ក្នុង​ការរៀបចំ​កម្មវិធី​នេះ​ថា​ធ្វើ​ឡើង​ដើម្បី​លើកកម្ពស់​វិស័យ​រ៉ូបូត​នៅ​កម្ពុជា​ដែល​ដើរតួ​ជា​ប្រព័ន្ធ​ស្វ័យ​ប្រតិបត្តិកម្ម​ជំនួយ​ចង្វាក់​ការងារ​ដល់​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​វិស័យ​សុខាភិបាល​។ ការប្រកួត​ក៏​ជា​ឱកាស​មួយ​សម្រាប់​សិស្ស​និស្សិត​បញ្ចេញ​សមត្ថភាព បង្កើត​អ្វី​ដែល​ថ្មី​ ផ្លាស់ប្តូរ​បទពិសោធ​ទៅវិញ​ទៅមក​ផង​ដែរ​។

សកម្មភាព​ហាត់​សម និង​រៀបចំ​មុន​ការប្រកួត​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ការប្រកួតប្រជែង​បាន​ធ្វើឡើង​ក្រោម​វិញ្ញាសា ជិះ​សេះ​កាន់​ស្លាក​បញ្ជា​ដែល​ជា​ប្រវត្តិសាស្ត្រ​មួយ​របស់​ជនជាតិ​ម៉ុងហ្គោលី​ទៅ​តាម​រូបមន្ត​នៃ​ការប្រកួត​។ នៅក្នុង​ការប្រកួត​នេះ​ម្ចាស់​ជយលាភី​លេខ​ ១ បាន​ទៅ​លើ​ក្រុម NPIC01 ដែល​មាន​សមាជិក​ចំនួន ៧ នាក់​មកពី​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​។

តំណាង​ក្រុម NPIC01 យុវជន ផៃ លីហួរ វ័យ ២៤ ឆ្នាំ​ប្រាប់​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍ ដឹង​ថា​៖ «​ខ្ញុំ​រំភើប ហើយ​សប្បាយ​ចិត្ត​ខ្លាំង​មែនទែន ដោយសារ​នេះ​ជា​លើក​ដំបូង​របស់​ខ្ញុំ​ហើយ​ពួកយើង​សហការ​គ្នា​បាន​ល្អ​បែងចែក​ការងារ​គ្នា​ច្បាស់ តែ​ក៏​មាន​ចំណុច​ពិបាក​ដែរ ត្រង់​កន្លែង​ហុច​ស្លាក​បញ្ជា និង​យើង​មាន​បញ្ហា​ម៉ូទ័រ​រលុងហ្គែរ អ៊ីចឹង​ខ្ញុំ​ដោះ​ធ្វើ ហើយ​យើង​ដោះស្រាយ​បាន​ទាន់​ពេលវេលា​»​។

រ៉ូបូត​របស់​ក្រុម​ម្ចាស់​ជើងឯក​នេះ​មាន​ចំនួន​ ២ គឺ​រ៉ូបូត Manual (​ដើរ​ដោយ​តេលេ​បញ្ជា​) និង រ៉ូបូត Auto (​ដើរ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​) ដែល​ចំណាយ​ថវិកា​ប្រមាណ​ជិត ៦ ពាន់​ដុល្លារ និង​រយៈពេល​ជាង ៤ ខែ​។

ក្រោយពី​ទទួល​ជយលាភី​លេខ​ ១ ក្រុម NPIC01 នឹង​ក្លាយ​ជា​ក្រុម​តំណាង​កម្ពុជា​ត្រៀម​ចេញ​ទៅ​ប្រកួត​បន្ត​នៅក្នុង​ការប្រកួត​រ៉ូបូត​ជា​លក្ខណៈ​អន្តរជាតិ ABU Robocon 2019 នៅ​ចុង​ខែ​សីហា ឯ​ទីក្រុង​អ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី​។

ក្រុម​ជយលាភី​មកពី​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកវិទ្យា​កម្ពុជា​។ រូបថត លៀប ទេពិទូ

ទាក់ទង​នឹង​ការចេញ​ទៅ​ប្រកួត​នៅ​បរទេស​នាពេល​ខាង​មុខ​នេះ​យុវជន​សិក្សា​ផ្នែក​អេឡិចត្រូនិក​ឆ្នាំ​ទី​ ៣ នៃ​ក្រុម​ជយលាភី​រូប​នេះ​បាន​បង្ហាញ​ការប្តេជ្ញា​ចិត្ត​ថា​៖ «​ការប្រកួត​ចាញ់ ឬ​ឈ្នះ វា​ជា​រឿង​ធម្មតា ខ្ញុំ​នឹង​ខំប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​»​។

ទន្ទឹម​នឹង​នេះ​លោក ឃឹម សៅគុណ គ្រូដឹកនាំ​របស់​ក្រុម NPICO1 បាន​បង្ហាញ​ពី​ការត្រៀម​លក្ខណៈ​ចេញ​ទៅ​ប្រកួត​នៅ​ម៉ុងហ្គោលី​ថា​៖ «​ខ្ញុំ​សប្បាយ​ណាស់​ថ្ងៃនេះ​សម្រាប់​ការប្រកួត​នៅ​ម៉ុងហ្គោលី​វិញ គឺ​ត្រឡប់​ទៅវិញ យើង​នឹង​កែប្រែ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ធ្វើ​យ៉ាងណា​ឲ្យ​រ៉ូបូត​យើង​ល្អ​ជាង​ហ្នឹង ហើយ​យើង​ពិភាក្សា​ជាមួយ​ក្រុម​បច្ចេកទេស​បន្ថែម​ទៀត ដើម្បី​រក​ដំណោះស្រាយ និង​បង្កើន​កម្លាំង​រ៉ូបូត​យើង​»​។

ការប្រកួត​បាន​រកឃើញ​ជយលាភី​លេខ​ ២ ដោយ​បាន​ទៅ​ក្រុម NPIC02​។ ជយលាភី​ផ្នែក​វិស្វកម្ម បាន​ទៅ​លើ​ក្រុម​ PPI01​។ ជយលាភី​ផ្នែក​គំនិត​បាន​ទៅលើ​ក្រុម ITC01​។ ជយលាភី​ផ្នែក​រចនា​បាន​ទៅ​លើ​ក្រុម ITC02​។ ជយលាភី​ផ្នែក​ប្រជាប្រិយភាព​បាន​ទៅ​លើ​ក្រុម PPI01 និង ជយលាភី​ពានរង្វាន់​តូយ៉ូតា បាន​ទៅ​លើ​ក្រុម RUPP02៕

វីដេអូ៖