ភ្នំពេញ៖ ការប្រកួតប្រជែងរកម្ចាស់ជយលាភីនៃកម្មវិធីវង់តន្រ្តីខ្មែររដូវកាលទី១ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្រ្តីករ សហការផ្សាយដោយទូរទស្សន៍បាយ័ន បានឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ នៅសល់ ៩ ក្រុម កំពុងតែសន្សំពិន្ទុរៀងៗខ្លួន ដើម្បីឈានទៅប្រកួតផ្តាច់ព្រ័ត្រឆាប់ៗនេះ។
បើតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងឲ្យដឹងថា៖ «កម្មវិធីវង់តន្រ្តីខ្មែររដូវកាលទី១ សូមចូលរួមអបអរសាទរទៅដល់ក្រុមទាំង ៩ ក្នុងវិញ្ញាសាវង់ភ្លេងការបុរាណខ្មែរ ដែលមាន (១) ក្រុមពន្លកគីង្គក់មកពីខេត្តកំពង់ស្ពឺ (២) ក្រុមតន្រ្តីកោះកេរ្តិ៍មកពីខេត្តកណ្តាល (៣) ក្រុមកេរមរតកដូនតាមកពីរាជធានីភ្នំពេញ និង (៤) ក្រុមមន្ទីរវប្បធម៌ខេត្តព្រៃវែងមកពីខេត្តព្រៃវែង ហើយវិញ្ញាសាវង់ភ្លេងការសម័យកណ្តាលខ្មែរមាន (១) ក្រុមមរតកតន្រ្តីវ័យក្មេងមកពីរាជធានីភ្នំពេញ (២) ក្រុមគ្រូនាដមកពីខេត្តស្វាយរៀង (៣) ក្រុមតន្រ្តីយុវជនខ្មែរមកពីរាជធានីភ្នំពេញ (៤) ក្រុមប៊ុនថេនប្រពៃណីមកពីខេត្តសៀមរាប និង (៥) ក្រុមសំនៀងក្រុងអង្គរមកពីខេត្តសៀមរាប ដែលទទួលបានជោគជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លងទៅនេះ ហើយក្រុមទាំងនេះនឹងបានឈានទៅវគ្គជម្រុះចុងក្រោយ (The Last Cut) ដោយត្រូវប្រកួតបន្តតាមរយៈការបោះឆ្នោតវីដេអូរបស់ក្រុមនីមួយៗ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងនេះ ដើម្បីយក ៣ ក្រុមពីវង់ភ្លេងការបុរាណខ្មែរ និង ៣ ក្រុមពីវង់ភ្លេងការសម័យកណ្តាលខ្មែរប៉ុណ្ណោះ ទៅកាន់វគ្គផ្តាច់ព្រ័ត្រ»។
ចំពោះលក្ខខណ្ឌងាយៗនៃការបោះឆ្នោតលើវីដេអូក្រុមប្រកួតតាមរយៈហ្វេសប៊ុកវគ្គជម្រុះចុងក្រោយ ដោយវគ្គនេះនឹងមានរយៈពេលតែ ២ សប្តាហ៍តែប៉ុណ្ណោះសម្រាប់ក្រុមទាំង ៩ ទទួលបានឱកាសសន្សំពិន្ទុបន្ថែមពីលើពិន្ទុដែលទទួលបានកាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លងទៅ គឹគិតចាប់ពីថ្ងៃទី ៤ ដល់ត្រឹមថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២០ ហើយមានតែ ៣ ក្រុមនៃវិញ្ញាសាវង់ភ្លេងការបុរាណខ្មែរ និង ៣ ក្រុមនៃវិញ្ញាសាវង់ភ្លេងការសម័យកណ្តាលខ្មែរ ដែលមានពិន្ទុសរុបខ្ពស់ជាងគេ (Top3) ប៉ុណ្ណោះ អាចមានសិទ្ធិឡើងទៅវគ្គផ្តាច់ព្រ័ត្រនាពេលខាងមុខ ដើម្បីដណ្តើមយកជយលាភីលេខ ៣ លេខ ២ និងលេខ ១ ក្នុងទម្រង់វិញ្ញាសានីមួយៗពីវង់ភ្លេងការបុរាណខ្មែរ និងវិញ្ញាសាវង់ភ្លេងការសម័យកណ្តាលខ្មែរ។
កម្មវិធីវង់តន្រ្តីខ្មែររដូវកាលទី១ នេះ ត្រូវបានកំណត់យកការប្រកួតចំនួន ២ វិញ្ញាសា គឺការប្រកួតវង់ភ្លេងការបុរាណ និងវង់ភ្លេងការសម័យកណ្តាលខ្មែរ ក្នុងគោលបំណង ដើម្បីចូលរួមអភិរក្ស និងលើកស្ទួយនូវឧបករណ៍ភ្លេងខ្មែរ ហើយក៏មានគណៈកម្មការ ៤ រូប សម្រាប់ជួយបង្វឹកកូនក្រុម ដែលមកពីបណ្តាខេត្តក្រុងនានា បានដាក់ចូលរួមមកប្រកួតប្រជែងកម្មវិធីនេះទៀតផងដែរ។
ចំណែកឯពិន្ទុដែលទទួលបានមកពីការបោះឆ្នោតនេះនឹងត្រូវរាប់តែតាមរយៈការចុច Like ដូចជា មេដៃ (Like) បេះដូង (Love) សើច (Haha) និង វ៉ោវ (Wow) តែប៉ុណ្ណោះ ហើយការរាប់ចំនួនទាំងនេះ គឺយកចេញតែពីវីដេអូ ដែលមាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង https://www.facebook.com/uyfc.svay.-rieng/៕