ភ្នំពេញៈ ខណៈ​ដំណឹង​ល្បី​ថា សម្បូរ​ក្រុម​កន្លង់​តាម​សុំ​ស្នេហ៍​ច្រើន​មក​នោះ ស្រាប់​តែ​ពេល​ថ្មីៗ​នេះ ពិធី​ការិនី​ទូរទស្សន៍​ប្រចាំ​ប៉ុស្តិ៍ CTN និង MyTV និង​តារា​សម្តែង​ស្រី ដែល​ឈ្មោះ​ពិត​ថា ពេជ្រ សូលី​ដា ហៅ​កញ្ញា ជីជី បង្ហោះ​សារ​បង្ក​ការ​ភ្ញាក់ផ្អើល​មួយ​តាម​បណ្តាញ​អ៊ីនស្តាក្រាម ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​រឿង​ផ្ទាល់​ខ្លួន​របស់​នាង។

សារ​នោះ​ត្រូវបាន​កញ្ញា ជី​ជី សរសេរ​ជា​ភាសា​អង់គ្លេស ដែល​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ៖ «បង្កើត​សម្ព័ន្ធភាព​គឺជា​រឿង​ឯកជន ដល់​ពេល​រៀបការ​ចាំ​ប្រកាស​ជា​សាធារណៈ» ដែល​ហាក់បី​ដូចជា​មានន័យ​មួយ កញ្ញា​ចង់​ប្រាប់​ថា​កំពុង​តែ​មាន​ម្ចាស់​បេះដូង​ឃុំ​គ្រង នឹង​ត្រៀម​ខ្លួន​ប្រកាស​រៀបការ​ផង​ដែរ​ទេ​ដឹង?

តែ​ពេល​ឆ្លើយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កញ្ញា ជី​ជី បញ្ជាក់ថា៖ «អូ!សារ​នោះ តាម​ពិត​ទៅ​គឺ​នាង​ខ្ញុំ​គ្រាន់​តែ​សរសេរ​លេង​ទេ​តើ​បង! ដូចជា​មិន​មាន​ន័យ​អ្វី​នោះ​ទេ។ ខណៈ​ពេល​នេះ​នាង​ខ្ញុំ​នៅ​ទំនេរ​ចែស​តែម្តង មិន​មាន​គូកន​អ្វី​នោះ​ឡើយ»។

ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា តារា​សម្តែង និង​ពិធី​ការិនី​ទូរទស្សន៍​ប្រចាំ​ប៉ុស្តិ៍ CTN និង MyTV កញ្ញា ជីជី ឧស្សាហ៍​បង្ហោះ​រូប ឬ​សារ​បែប​ចម្លែក​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មហាជន​យ៉ាង​ខ្លាំង។

យ៉ាងណាមិញ ដូចជា​មុននេះ​បន្តិច​នាង​ក៏ បង្ហោះ​រូប​មាន​ស្មា​ម្ខាង ដែល​មាន​រូប​ចាក់​សាក់ ជា​ស្ត្រី​កំពុង​តែ​បំបៅកូន អម​ដោយសារ​យ៉ាង​ខ្លី​ថា៖ «ពិតជា​មានន័យ​ណាស់!​ខ្ញុំ​ក៏មាន​គម្រោង​ចាក់​រូប​សាក់​នេះ​ដែរ»។

នៅ​ជុំវិញ​រូបសាក់​ដែល​តារា​សម្តែង​ស្រី​ទើបតែ​លេចឮ​រលក​ព័ត៌មាន​បែបរ​ហៀងៗ​ថា ពិធីការិនី ទារ​ឡើង​តម្លៃ​ថត​កុន​ដុំ ១ រឿង យក​ដល់​ទៅ ៣០០០ ដុល្លារ ហើយ​ប្រកាន់​យក​តែ​តំណែង​ជា​តួឯក​តែ​ប៉ុណ្ណោះ​ទើប​នាង​ព្រម​ថត​នោះ មហាជន​ក៏​នាំគ្នា​ចោទ​សួរ​ជា​ចម្ងល់​ថា៖ «តើ​រូប​សាក់​មាន​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន​នោះ មាន​អត្ថន័យ​យ៉ាង​ណា​ទៅ​សម្រាប់​កញ្ញា ជីជី ខណៈ​ដែល​រូប​នាង​គឺជា​ស្ត្រី​នៅ​លីវ​មិន​ទាន់​រៀបការ​ផង​នោះ ហើយ​នាង​គ្រោង​ចង់​សាក់​ដើម្បី​អ្វី​ដែរ? ឬ​មួយ​នាង​ជិត​ចូល​រោងការ ហើយ​មាន​ផែនការ​ចង់​បាន​កូន​ចៅ​ឆាប់ៗ​ឬ​យ៉ាង​ណា?»។

ចំពោះ​ចម្ងល់​ពី​អត្ថន័យ​ខ្លឹម​នៃ​គម្រោង​ចាក់​រូបសាក់​លើ​ស្មា​មាន​រូប​ស្ត្រី​កំពុង​បំបៅកូន​ពី​សំណាក់​កញ្ញា ជីជី មិន​ត្រូវ​បាន​បកស្រាយ​ឡើយ ដោយសារ​ការ ព្យាយាម​ទាក់​ទង​ទៅ​នាង​ច្រើន​លើក តែ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ ក្រោយ​ពី​នាង​បាន​ដឹង​ថា ភ្នំពេញ​ប៉ុស្តិ៍ ហើយ​បាន​លើក​ទូរស័ព្ទ​ដំបូង កាល​ពី​វេលា​ថ្ងៃត្រង់​ម្តង​ដោយ​នាង​និយាយ​ខ្លី​ថា៖ «សុំទោស​ផង ពេល​នេះ​ខ្ញុំ​កំពុង​តែ​ជាប់​រវល់ ហើយ​រង់ចាំ​មួយ​ម៉ោង​ទៀត​បង​អាច​ទូរស័ព្ទ​មក​បាន»។

តាម​សង្កេត​នា​មួយរយៈ​ចុងក្រោយ​នេះ ពិធី​ការិនី​ទូរទស្សន៍ មាន​រាង​តូច​ច្រឡឹង​កាន់តែ​ស្រស់​សោភា​កញ្ញា ពេជ្រ សូលីដា ហាក់​ដូចជា​រាង​ស្ងាត់​នូវ​ទីផ្សារ​ថត​កុន និង​ការ​សម្តែង MV បទ​ចម្រៀង តែ​បែរជា​មក​បែក​ចេញ​ព័ត៌មាន​ថា កញ្ញា​ជីជី ទារ​តម្លៃ​ខ្លួន​ថតកុន និង​មាន​លក្ខខណ្ឌ​ប្រកាន់​តំណែង​ក្នុង​ការ​ថតកុន​ទៀត​ផង។

ផ្ទុយទៅវិញ កញ្ញា ជី​ជី តារា​សម្តែង និង​ជា​ពិធី​ការិនី​ទូរទស្សន៍ ដែលមាន​បងស្រី ក៏​ជា​ពិធីការិនី​ទូរទស្សន៍​ដែរ​ឈ្មោះ​ពេជ្រ សេរីរ័ត្ន ដែល​ជា​អ្នក​ខិតខំ​ជួយ​យឹត​យោង​រហូត​ល្បី​ដល់​ពេល​បច្ចុប្បន្ន​នេះ ហើយ​កញ្ញា ជីជី ក៏​ធ្លាប់​បាន​បញ្ជាក់​ថា៖ «រឿង​ទារ​តម្លៃ​ខ្លួន​ថត​កុន ១ រឿង ៣០០០ ដុល្លារ នោះ​នាង​ខ្ញុំ​អត់​បាន​ដឹង​អី​នោះ​ទេ ហើយ​ក៏​មិន​បាន​និយាយ​ដែរ​អំពី​តម្លៃ​ខាង​លើ​នោះ។ តែ​សម្រាប់​តម្លៃ​នេះ ក៏​នាង​ខ្ញុំ​គិត​ដែរ​ថា ដូច​ជា​មាន​ភាព​សមរម្យ​ទៅ​តាម​តម្លៃ​ទីផ្សារ​ថតកុន​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ»៕