ក្រុង​តូក្យូ៖ រៀង​រាល់​ថ្ងៃ ស្ដ្រី​ចំណាស់​អាយុ ៩០ ឆ្នាំ ឈ្មោះ ហាម៉ាកុ ម៉ូរិ តែង​ពត់​ម្រាម​ដៃ ​ដើម្បី​ឲ្យ​មាន​ភាព​រស់​រវើក​។

លោក​យាយ​ធ្វើ​ដូច្នេះ​មិន​មែន​សម្រាប់​ចង ឬ​ចាក់​ម្ជុលដេរ​ប៉ាក់​​អ្វី​ឡើយ។ ខុស​ប្លែក​ពី​ស្ត្រី​ចំណាស់​ទូទៅ លោក​យាយ​ពត់​ដៃ​ដើម្បី​​​កាន់​ដៃ​ហ្គេម​លេង​យ៉ាង​ជក់​ចិត្ត​ប៉ុណ្ណោះ​។

ជីដូន​ចូល​និវត្ដន៍​ដែល​មាន​រហស្សនាម​ថា «​Gamer Grandma» បាន​ចំណាយ​ពេល​យ៉ាង​តិច ៣ ម៉ោង​ក្នុង ​១ ​ថ្ងៃ ប្រយុទ្ធ​​ជាមួយ​សត្វ​ចម្លែក​ និង​បំពេញ​បេសកកម្ម​យ៉ាង​សស្រោក​សស្រាំ​​ក្នុង​ពិភព​ប្រឌិត​នៃ​វីដេអូ​ហ្គេម​ និង​ថែម​ទាំង​មាន​ប៉ុស្ដិ៍​យូធូប​ផ្ទាល់​ខ្លួន​សម្រាប់​ក្រុម​អ្នក​គាំទ្រ​បាន​ឃើញ​សកម្មភាព​របស់​ខ្លួន​ផង​ដែរ​។

លោក​យាយ ដែល​ចាត់​ទុក​ការ​បញ្ជា​ដៃហ្គេម​ជា​ការ​រំសាយ​ស្ដ្រេស​ដ៏​មាន​ប្រសិទ្ធភាព បាន​និយាយ​ថា​៖ «​ថ្ងៃ​ណា​ក៏​ដូច​ថ្ងៃណា សុទ្ធ​តែ​ផ្ដល់​នូវ​ភាព​រីករាយ​»។

ដូន​ចាស់ ម៉ូរិ បង្ហាញ​នូវ​ភាព​សាមញ្ញ ដោយ​ការ​បួង​សក់​ទៅ​ក្រោយ បន្ថែម​វ៉ែនតា​ធំៗ​ថ្ពក់​លើ​ក្ដោង​ច្រមុះ​។

ស្ត្រីវ័យ ៩០ ឆ្នាំ​ ធ្លាប់​លេង​ហ្គេម​ជាង ២០០ ប្រភេទ​។ រូបថត AFP

លោក​យាយ​បាន​លេង​ហ្គេម​អស់​ប្រមាណ ២០០ ប្រភេទ​តាំង​ពី​ចាប់​ផ្ដើម​បង្កើត​ចំណូល​ចិត្ដ​នេះ​ជាង​ ៤ ទសវត្សរ៍​មុន​។

វីដេអូ​ហ្គេម​ដំបូង​របស់​ដូន​ចាស់​រូប​នេះ​គឺ Cassette Vision ដែល​លោក​យាយ​បាន​ទិញ​ក្នុង​ឆ្នាំ ១៩៨១ ក្រោយ​ពី​ចាប់​អារម្មណ៍​លេង​ជា​មួយ​កូនៗ​។

ស្ត្រី​វ័យ ៩០ ឆ្នាំ ម៉ូរិ បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​រក​ឃើញ​ថា មាន​រឿង​រ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ច្រើន​បែប​នេះ​ ដែល​ពិត​ជា​មាន​នៅ​លើ​លោក​នេះ​មែន​»។

ក្នុង​ចំណោម​នោះ ហ្គេម​សំណព្វ​ចិត្ដ​របស់​លោក​យាយ​រួម​មាន ប្រភេទ​វីដេអូ​ហ្គេម​ភាគ​បែប​ផ្សង​ព្រេង «​​Grand Theft Auto» និង​ហ្គេម​កាន់​តួអង្គ​ដ៏​ពេញ​និយម «​Elder Scrolls V: Skyrim»។

លោក​យាយ ម៉ូរិ តែងតែ​​លេង​​ហ្គេម​នៅ​ផ្ទះ​ម្នាក់​ឯង តែ​បាន​បង្កើត​ប៉ុស្ដិ៍​យូធូប ក្នុង​ឆ្នាំ ​២០១៤ ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​និយម​លេង​ហ្គេម​ដទៃ​ទៀត​។

លោក​យាយ​បាន​បង្ហោះ​វីដេអូ​ថ្មីៗ ដែល​ថត​ដោយ​ចៅ​ប្រុស​ និង​បង្ហោះ​ប្រមាណ ៣ ទៅ ៤ ដង​ក្នុង​ ១ ​ខែ ដោយ​​បាន​ទាក់ទាញ​អ្នក​ចុច​មើល​ទំព័រ​ ៣ ម៉ឺន​នាក់​ និង​ទស្សនា​រាប់​លាន​ដង​នូវ​សកម្មភាព​លេង​ហ្គេម ក៏​ដូច​ជា​ជីវិត​ប្រចាំ​ថ្ងៃ​។

ដូន​ចាស់ ម៉ូរិ បាន​ឲ្យ​ដឹង​ថា​៖ «​មាន​មនុស្ស​ជា​ច្រើន​បាន​ទស្សនា​វីដេអូ​ ដោយ​មិន​ផ្ដោត​លើ​ការ​លេង​ហ្គេម​តែ ១ មុខ​នោះ​ទេ​»។

ខណៈ​លោក​យាយ ម៉ូរិ និយាយ​ថា លោក​យាយ​ដឹង​ពី​កង្វល់​សកម្មភាព​ញៀន​ហ្គេម ជា​ពិសេស​ចំណោម​​ក្មេង​ៗ លោក​យាយ​បាន​ចង្អុល​បង្ហាញ​ថា ការ​លេង​វីដេអូ​ហ្គេម​អាច​ជួយ​កែកុន​ស្ថានភាព​ដែល​ត្រូវ​ដាក់​ខ្លួន​នៅ​ក្នុង​ផ្ទះ​ដោយសារ​បញ្ហា​វីរុស​កូរ៉ូណា​។

លោក​យាយ​បញ្ជាក់​ថា​៖ «លេង​​នៅ​ផ្ទះ​​មាន​សុវត្ថិ​ភាព​ជាង​ចេញ​ក្រៅ​»៕ AFP/HR