ភ្នំពេញៈ ពិធីការិនីដែលមានរាងស្រលូនគួរឲ្យស្រឡាញ់កញ្ញា ជីមមី កំពុងតែមានសម្ទុះខ្លាំងមិនធម្មតា ទោះបីទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈបាន ៣ ឆ្នាំ ក្នុងអាជីពជាពិធីការិនីប្រចាំនៅទូរទស្សន៍ភីអិនអិន ប៉ុន្តែភាពលេចធ្លោឆាប់មានកេរ្តិ៍ឈ្មោះល្បីនៅក្នុងរង្វង់សិល្បៈ ត្រូវបានគេទទួលស្គាល់ថាបានមកពីសមត្ថភាពផ្នែកអប់រំចេះច្រើនភាសា សម្រស់ស្រស់សោភាពីធម្មជាតិ និងទេពកោសល្យថ្វីមាត់ក្នុងការនិយាយ ធ្វើឲ្យមហាជនជាច្រើនចូលចិត្ត។
តារាស្រីរាងខ្ពស់ស្រឡះ កូនកាត់ចិនកញ្ញា ម៉េង ប៊ុននី ហៅ ជីមមី មានភាពជោគជ័យក្នុងការងារ និងកម្រិតវប្បធម៌ផ្នែកអប់រំក៏បានខ្ពង់ខ្ពស់ ថែមទាំងមានជីវភាពធូរធារតាំងពីមិនទាន់ចូលក្នុងវិស័យសិល្បៈនោះ បានលេចឮដំណឹងថា តារាស្រីរូបនេះ ក៏មានជំនឿខ្លាំងទៅលើការទស្សន៍ទាយជោគជតារាសី និងមើលក្បួនតម្រាបែបហុងស៊ុយផងដែរ។
បើយោងទៅតាមសម្តីរបស់ពិធីការិនីកូនកាត់ចិនកញ្ញា ជីមមី បានផ្តល់បទសម្ភាសមកកាន់ភ្នំពេញ ប៉ុស្តិ៍ តាមរយៈការឆាតនៅក្នុងបណ្តាញហ្វេសប៊ុកថា៖ «ពីមុនមិនដែលជឿទៅលើរឿងហុងស៊ុយអីទេអូន ប៉ុន្តែនៅពេលដែលទូរទស្សន៍ភីអិនអិន បានបង្កើតកម្មវិធី [ហុងស៊ុយបែបវិទ្យាសាស្ត្រ] របស់អ្នកគ្រូ ណាលី ឃើញថាគាត់និយាយមកត្រូវហើយពេលរៀបចំដូចដែលគាត់បានប្រាប់មកក៏ទទួលបានលទ្ធផលពិតមែន»។
តារាស្រីសម្តីផ្អែមថែមទាំងញញឹមស្រស់ កញ្ញា ជីមមី បានបន្តទៀតថា៖ «ចំពោះរឿង គ្រូទាយវិញ បងធ្លាប់ទៅមើលច្រើនដងហើយ អ្នកខ្លះនិយាយដូចគ្នា អ្នកខ្លះទៀតក៏ខុសអ៊ីចឹងបងអត់ដឹងថាត្រូវជឿមួយណាទេ ចំពោះជំនឿទៅលើគ្រូទាយវិញជឿតែ ៣០ ភាគរយទេ។ ប៉ុន្តែបើជំនឿក្នុងហុងស៊ុយវិញបងទទួលផលបានច្រើន អ៊ីចឹងបងជំនឿខាងហុងស៊ុយបូករួមទាំងសមត្ថភាពខ្លួនឯងគឺ ៥០ ភាគរយម្នាក់»។
ចំពោះការចំណាយក្នុងការមើលហុងស៊ុយ និងរៀបចំនៅក្នុងផ្ទះឲ្យមានហុងស៊ុយដូចគ្នានោះតារាស្រីរូបនេះមិនបានបញ្ជាក់ឲ្យច្បាស់ទេ គ្រាន់តែបង្ហើបថាតម្លៃគិតទៅតាមទីកន្លែង និងបរិមាណនៃផ្ទះដែលត្រូវរៀបចំ។
ក្នុងការរៀបចំផ្ទះ ជារបៀបដេគ័រផ្ទះទៅតាមទិសដាក់របស់ផ្សេងៗបន្សាបភាពស៊យ មានដាក់ភ្លើងពណ៌ ឬលោហៈ និងវត្ថុដទៃទៀត មានមើលជ្រុងណាដែលមានលុយចូល។
ពិធីការិនីប្រចាំនៅទូរទស្សន៍ភីអិនអិនកញ្ញា ម៉េង ប៊ុននី ហៅ ជីមមី ដែលកំពុងមានទីផ្សារ បានបញ្ជាក់ទៀតថា៖ «កាលផ្ទះចាស់បានដេគ័រហើយ គ្រាន់តែគិតថាចង់លក់ក៏លក់បានមែន»។
តារាស្រីវ័យម្ភៃស្ដើង តែល្បីមានអចលនទ្រព្យច្រើនកន្លែងរូបនេះ បានបន្តទៀតថា៖ «ឥឡូវផ្ទះថ្មីក៏ដេគ័ររួចហើយដែរ ឃើញថារស់នៅបានសុខសប្បាយ អ៊ីចឹងទើបបងជឿទៅលើរឿងមើលហុងស៊ុយ និងការរៀបចំផ្ទះទៅតាមក្បួន»។
យ៉ាងណាមិញ ពិធីការិនីពោរពេញដោយចំណេះដឹងរូបនេះក៏មិនបង្ហាញជំហរពឹងអាស្រ័យតែទៅលើជំនឿក្បួនហុងស៊ុយតែម្យ៉ាងនោះទេ។
កញ្ញាក៏បាននិយាយដែរថា៖ «បើសិនជាយើងរៀបចំផ្ទះឲ្យមានហុងស៊ុយរូចហើយ ប៉ុន្តែយើងនៅតែដេកផ្ទះមិនធ្វើការអីនោះក៏មិនមានលុយដែរ»។
ពិធីការិនី រូបស្រស់ ជីមមី ក៏នៅតែរំឭកដែរថា៖ «តែមនុស្សខ្លះគាត់ខំធ្វើការធ្វើអ្វីគ្រប់យ៉ាងអស់ហើយ នៅពេលដែលក្រឡេកមកមើលលទ្ធផលការងារវិញហាក់ដូចជាមិនបានទទួលអីសោះ អ៊ីចឹងចំពោះការមើលហុងស៊ុយ និងការខំប្រឹងប្រែងខ្លួនឯងវាគួបផ្សំគ្នា បើពឹងតែលើម្ខាងៗនោះ គឺវាមិនល្អទេ»៕