ក្រុងសេអ៊ូល៖ ចម្រាញ់ចេញពីយុវជន ៣០ នាក់ ជាមួយការហ្វឹកហាត់រាប់ពាន់ម៉ោងដោយបេក្ខជនជាច្រើនត្រូវរលត់ក្ដីស្រមៃនោះ ទីបំផុតក្រុមចម្រៀង K-pop រលកថ្មីនឹងចេញបទចម្រៀងរបស់ខ្លួនជាលើកដំបូងដោយរំពឹងថា នឹងល្បីតាមគន្លង BTS នាថ្ងៃអនាគត។
ក្រុមចម្រៀង Blitzers មានសមាជិកប្រុស ៧នាក់ដូចនឹងក្រុមចម្រៀង BTS ដែលបានឈរតំណែងកំពូលតារាង US Billboard កាលពីឆ្នាំមុន។
ក្រុមចម្រៀងរលកក្រោយមួយនេះឆ្លងកាត់ការហ្វឹកហ្វឺនរយៈពេល ៣ ឆ្នាំ ដើម្បីសម្រិតសម្រាំងផលិតចេញជាតន្ដ្រីនិងក្បាច់រាំ ៣ នាទី ដែលនឹងកំណត់ថាតើវាទទួលបានប្រជាប្រិយ ឬអត់កន្លែងឈរជើង។
ទម្លាប់ហ្វឹកហាត់ជោកជាំហាក់ដូចជាទណ្ឌកម្មមុនពេលចេញបទចម្រៀងដំបូងរបស់ខ្លួន ដោយពួកគេត្រូវចូលកន្លែងហាត់ប្រាណរៀនច្រៀងពត់សំឡេងថតសាកល្បង និងហាត់រាំប្រមាណ ១០ ម៉ោង តាំងពីពេលព្រឹកព្រលឹម។
កម្មវិធីញឹកស្អេកធ្វើឱ្យពួកគេសម្រាកមិនដល់ ៥ ម៉ោងផង ក្នុង ១ ថ្ងៃ នៅក្នុងបន្ទប់រួមនៃទីក្រុងសេអ៊ូលហើយអ្នកសមត្ថភាពមិនដល់ត្រូវបានកាត់ឈ្មោះចេញពីបញ្ជី។
ក្នុងស្ទូឌីយោបំពាក់កញ្ចប់ជុំវិញ អ្នកសេសសល់ ៧ រូប ឈរនៅចំពោះមុខវេទិកាត្រៀមខ្លួនបង្ហាញក្បាច់រាំបទ «Breathe Again» ជាមួយវត្ដមានបន្ថែមរបស់អ្នកចាត់ការអ្នកបង្វឹកនិងអ្នករាំអម។
មេក្រុមវ័យ ១៧ ឆ្នាំ ឆ័រ វូជូ បានហក់ចុះពីលើជណ្ដើរផ្គុំដោយដងខ្លួនសមាជិកក្រុមដទៃទៀត។ ពេលចម្រៀងឡើងដល់ចង្វាក់រន្ថាន់ខ្លាំងពួកគេឈរតម្រង់ជួរគ្នាដែលជាស្ទីលពេញនិយមរបស់ក្រុមចម្រៀង K-pop តែទទួលបានការកោតសរសើរខ្លាំង។
អ្នកបង្ហាត់រាំបាននិយាយថា៖ «វាគ្រាន់តែជាការកម្ដៅសាច់ដុំសម្រាប់ពួកគេប៉ុណ្ណោះ មែនទេ? តោះយើង! ធ្វើវាឱ្យមែនទែនម្ដងទៀត»។
ក្រុមចម្រៀងបុរសបានស្រែកឆ្លើយព្រមគ្នាថា៖ «បាទ!»។
តារាចម្រៀងច្រៀងអមចាងជុនហូបាននិយាយថា៖ «យើងហ្វឹកហាត់ចលនារាំរបស់យើងរហូតដល់យើងស៊ីចង្វាក់គ្នាសមឥតខ្ចោះ»។
រលកវប្បធម៌តន្ត្រី K-pop គឺជាព្រឹត្ដិការណ៍ចុងក្រោយនិងធំបំផុតដែលហៅថា «រលកកូរ៉េ» ខណៈវប្បធម៌ប្រជាប្រិយកូរ៉េខាងត្បូងទទួលបានការគាំទ្រពីអន្ដរជាតិ ជាពិសេសក្រោយការទទួលជោគជ័យរបស់ក្រុមចម្រៀងបុរស BTS។
សមាជិកក្រុម Blitzers មានអាយុចន្លោះពី១ ៧ ទៅ ១៩ ឆ្នាំ និងត្រូវបានបង្កើតជាក្រុមតែមួយដោយផលិតកម្មថ្មី Wuzo Entertainment។
សហនាយកក្រុមហ៊ុនលោកគីមជីនយុងបានប្រាប់ AFP ថា៖ «មិនខ្វល់ថាពួកគេនៅជាមួយយូរឆាប់ប៉ុនណានោះទេពួកគេត្រូវតែហ្វឹកហាត់គ្រប់ពេលវេលាជាមួយខ្ញុំតាំងពីចូលរួមក្រុម។ទោះបីជាខ្ញុំមិនបានធ្វើអ្វីខុសលើពួកគេក៏ដោយក៏ខ្ញុំមានអារម្មណ៍ថា ខុសឆ្គងណាស់ដែលដាក់កំហិតពួកគេយ៉ាងតឹងរ៉ឹងដូច្នេះ»។
ឧស្សាហកម្ម K-pop រងនូវការចោទប្រកាន់ពីការប្រើប្រាស់ក្ដីសង្ឃឹមយុវជនជាថ្នូរនឹងលទ្ធភាពស្វែងរកច្រកទៅកាន់ភាពល្បីល្បាញជាមួយឱកាសជោគជ័យតិចតួចបំផុត។
ក្រុមហ៊ុន Wuzo Entertainment បានវិនិយោគប្រាក់ប្រមាណ ៩០ ម៉ឺនដុល្លារចំពោះក្រុមចម្រៀងវ័យក្មេង Blitzers ដែលហាក់បីដូចជាការផ្សងសំណាងនឹងលទ្ធផលផ្លែផ្កាមហិមាដូចក្រុមហ៊ុន Big Hit Entertainment (បច្ចុប្បន្ន Hybe) ដែលគ្រប់គ្រងក្រុមចម្រៀងល្បី BTS និងបានឡើងទីផ្សារភាគហ៊ុនជាមួយទុនជាង ៧ ពាន់លានដុល្លារឯណោះ។
លោក គីម សហនាយកប្រតិបត្ដិក្រុមហ៊ុនបាននិយាយថា៖ «រៀងរាល់ឆ្នាំ តារាចម្រៀងជាង៥០ក្រុម បានបង្ហាញខ្លួនលើទីផ្សារចម្រៀងតែគួរឱ្យសោកស្ដាយមានតែប៉ុន្មានក្រុមប៉ុណ្ណោះដែលនៅបន្ដមានឈ្មោះលើវិថីសិល្បៈ»។
លោកបានបន្តថា៖ «បើក្រុម Blitzers យើងទទួលជោគជ័យនោះក្រុមហ៊ុនក៏ជោគជ័យដែរ។ បើពួកគេបរាជ័យយើងអាចនិយាយបានថាយើងក៏នឹងរលំរលាយនិងបិទក្រុមហ៊ុនចោលដែរ»៕ HR