ភ្នំហាលហ្គឺត អ៊ីរ៉ាក់៖ អ្នកស្នេហាការឡើងភ្នំ Salar និង Soma បានឃើញភក្ត្រគ្នាដំបូងនៅភ្នំ Kurdistan ប៉ែកអ៊ីរ៉ាក់ ដូច្នេះវាមិនចម្លែកទេដែលពួកគេនឹងរៀបការនៅកំពូលភ្នំកម្ពស់ជាង ២ ០០០ ម៉ែត្រពីនីវ៉ូសមុទ្រ។
ក្រោយពីពិធីមង្គលការខ្ពស់កប់ពពក ពួកគេបានចំណាយរាត្រីដំបូងក្រោមដំបូលតង់ មុននឹងបន្តដំណើរក្រេបចន្ទទឹកឃ្មុំ ដោយការដើរឡើងភ្នំ Mount Halgurd ជាភ្នំខ្ពស់ទី២ នៅអ៊ីរ៉ាក់កម្ពស់ ៣ ៦០៧ ម៉ែត្រ។
កូនកំលោះវ័យ ៣៤ ឆ្នាំ Salar Chomany បានធ្វើដំណើរលុកលុយតាមជ្រលងភ្នំនានាអស់ជាង ១២ ឆ្នាំ នឹងបានប្រែក្លាយចំណូលចិត្តនេះជាអាជីពឡើងភ្នំ នាំភ្ញៀវទេសចរទស្សនាស្វែងយល់ពីបណ្ដាភ្នំនានានៅតាមតំបន់ព្រំដែន។
រីឯកូនក្រមុំវ័យ ២៨ ឆ្នាំ Soma Muhammed ជានិស្សិតវិទ្យាសាស្ត្រអប់រំ នៅទីក្រុងសម្បូរជួរភ្នំ Koysinjaq ជាមួយចំណូលចិត្តឡើងភ្នំ។
ពិធីមង្គលការរបស់ពួកគេមានភ្ញៀវចូលរួមដែលសុត្ធតែពាក់ស្បែកជើងឡើងភ្នំ អាវក្រាស់ៗ និងវ៉ែនតា ដើម្បីអបអរគូស្វាមីភរិយាថ្មីថ្មោង។
ពួកគេរីករាយនឹងដំណើរឡើងភ្នំខ្ពស់មានសីតុណ្ហភាពត្រជាក់ ខណៈសីតុណ្ហភាពនៅទីក្រុង នារដូវក្ដៅអាចហក់ឡើងដល់ ៥០ អង្សាសេឯណោះ។
ក្នុងពិធីមង្គលការនេះផងដែរ ភ្ញៀវមកចូលរួមត្រូវតស៊ូនឹងខ្យល់ត្រជាក់ ដើម្បីរាំជារង្វង់ជុំវិញកូនកំលោះក្រមុំ តាមរបាំប្រពៃណី dabkeh។
ក្រោយពិធីមង្គលការ ដែលបម្រើភ្ញៀវដោយផ្លែឈើស្រស់ និងឈីសផលិតដោយអ្នកស្រុកភ្នំផ្ទាល់ ត្រូវបានបញ្ចប់ ប្ដីប្រពន្ធថ្មីថ្មោងបានគេងលង់លក់ក្នុងតង់ ដើម្បីត្រៀមកម្លាំងសម្រាប់ដំណើរឡើងភ្នំនៅថ្ងៃបន្ទាប់ក្នុងនាមជាប្ដីប្រពន្ធពេញសិទ្ធិ និងជាអ្នកស្នេហាការឡើងភ្នំយ៉ាងពេញទំហឹង៕ AFP