ភ្នំពេញ៖ នា​ដើម​ឆ្នាំ ​២០២០ ​នេះ សង្កេត​ឃើញ​តារា​​សម្តែង​ស្រី​វ័យក្មេង ដែល​ជា​​បណ្តូល​ចិត្ត​របស់​អតីត​​តារា​ចម្រៀង​ជើង​ចាស់​​​ ឈិន កុសល គឺ​យុវតី ឈិន មុន្នីនាថ បាន​បោះ​ពួយ​ចូល​ក្នុង​វិថី​សិល្បៈ​​យ៉ាង​ពេញ​ទំហឹង​ ទាំង​ការ​សម្តែង​កុន​ និង​​​​​ចម្រៀង ហើយ​​​​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​គួរ​ឲ្យ​កត់​​សម្គាល់​ពី​មហាជន​ ជាពិសេស​​ខ្សែ​ភាពយន្ត​ភាគ​​តាម​ប៉ុស្តិ៍​ទូរទស្សន៍​នានា​។​

យុវតី​វ័យ ១៨ ឆ្នាំ ឈិន មុន្នីនាថ ​រៀន​ថ្នាក់​ទី ១២ នៅ​វិទ្យាល័យ​បាក់ទូក និង​បាន​ប្រឡូក​​វិស័យ​​សិល្បៈ​តាំង​ពី​ក្មេង​វ័យ ៧ ឆ្នាំ តាម​គន្លង​ឪពុក​ក៏​ជា​អ្នក​សិល្បៈ​ដែរ​ ខណៈ​ធំ​ពេញ​វ័យ​ក៏​​ផ្តើម​ភាព​ល្បី​នៅ​ក្នុង​​កុន​ភាគ​​ដំបូង​ឲ្យ​ផលិតកម្ម​ហង្សមាស​គឺ​រឿង «សិសិរ​រដូវ​ក្នុង​បេះ​ដូង» និង​ឆ្នាំ ​២០២០​​ នេះ​ មុន្នីនាថ ក៏​​បង្ហាញ​វត្តមាន​​ក្នុង​ភាគ​​ថ្មី​របស់​ហង្សមាស​ទៀត ​គឺ​រឿង «កូន​ប្រសា​អ្នក​​មាន»​។​

ដោយ​​​ឡែក ឈិន មុន្នីនាថ ​ខ្សែ​ភាពយន្ត​ភាគ​មនោសញ្​ចេតនា​ស្នេហា​​​រឿង​ ​«អ្នក​ម៉ាក់​វ័យ​ក្មេង​»​ របស់​​​ទូរទស្សន៍​ភីអិនអិន ​បាន​​និង​​កំពុង​​តែ​ឆក់​យក​បេះដូង​ អ្នក​ទស្សនា​​ឲ្យ​តាម​ដាន​​ជក់​ចិត្ត ដិត​អារម្មណ៍​ខ្លាំង​​ឡើងៗ។ លើស​​​​ពី​នេះ​​សាច់​​រឿង​​ភាគ​​មួយ​​នេះ មិន​ត្រឹម​​ជា​ការ​ផ្តល់​ជូន​ការ​កម្សាន្ត​ចក្ខុ​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​​​បាន​ចំណេះដឹង ​អប់រំ​ ពី​​​សុភមង្គល​​គ្រួសារ​​ផង​ដែរ។​ ខណៈ​​​រឿង​​​ភាគ​ខ្មែរ​​​ថ្មី​របស់​​ហង្សមាស​​ក៏​កំពុង​​តែ​អូស​​ទាញ​​ការ​​គាំទ្រ​​យ៉ាង​ខ្លាំង​​​ព្រម​ទាំង​​គ្រប់​ការ​បញ្ចេញមតិ​​របស់​ទស្សនិកជន​លើ​បណ្តាញ​សង្គម​​​ហ្វេសប៊ុក​ដែរ ​គឺ​សុទ្ធ​​តែ​សរសើរ​​​អំពី​​គុណភាព​​រឿង​​​​​នេះ​ដែរ​​ថា​៖​ «​មើល​ហើយ​ជក់​ចិត្ត​បន្ត​ចង់​តាម​ដាន​តែ​ម្តង​»។​

បើ​តាម​ស្តាប់​មើល​ទៅ​នា​​ពេល​កន្លង​មក​នោះ គឺ​មាន​​​បណ្តា​ផលិតកម្ម​ភាពយន្ត​ផ្សេងៗ​ច្រើន​​ទៀត​ បាន​ហៅ​នាង​ទៅ​​ថត​កុន​ច្រើន​​ផង​ដែរ ក្រោយ​ពី​លេច​វត្ត​មាន​​ក្នុង​​​​កុន​ភាគ​​នៅ​​ប៉ុស្តិ៍​ហង្សមាស​រឿង «​សិសិររដូវ​ក្នុង​បេះដូង» មក​នោះ ខណៈ​យុវតី ឈិន មុន្នីនាថ មាន​​ឆន្ទៈ​​ស្រវា​យក​​អាជីព​សិល្បៈ​ផង និង​ឆ្លៀត​បន្ត​​រៀន​សូត្រ​ផង សុំ​​ថត​កុន​​​ដុំប៉ុណ្ណោះ​​ទេ។ ឈិន មុន្នីនាថ ក៏​​លើក​​​ឡើង​ដែរ​​ថា៖ «​ក្រោយ​​ពី​នាង​ខ្ញុំ​​ថត​កុន​ភាគ​នៅ​​ហង្ស​មាស​មក ក៏​មាន​​​​ផលិតកម្ម​ជា​ច្រើន​​ទាក់ទង​ ដើម្បី​​​ថត​កុន​ភាគ​ថ្មីៗ តែ​​ដោយ​​សារ​​​​នាង​​ខ្ញុំ​ជាប់​រៀន​ទើប​​មិន​ចង់​​ថត​កុន​ពេល​វែង​ចោល​​​រៀន​ទេ»។​

ក្រោយ​ពី​ចប់​​កុន​​​អប់រំ​ខ្នាត​ខ្លី​រឿង «​ដៃគូ​ជីវិត​»​ នៃ​ផលិតកម្ម​​សាស្ត្រា​ហ្វីម ​មក​មហាជន​ស្រាប់​​តែ​ចាប់​​អារម្មណ៍​លើ​​​​ទេពកោសល្យ​​យុវតី ​​មាន​រាង​តូច​ច្រឡឹង​​ សម្រស់​​ដ៏​ស្រស់​សោភា ​ឈិន មុន្នីនាថ យ៉ាង​ខ្លាំង​​ផង​ដែរ​។ កាល​ដែល​មើល​តួឯក​ស្រី​វ័យ​ក្មេង​មាន​​សម្រស់​ផូរផង់ ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជក់​ចិត្ត និង​មាន​ភាព​ក្នាញ់​​ចិត្ត​តាមរយៈ​ ការ​សម្តែង​ជា​តួឯក​ស្រី​​ពូកែ​រក​រឿង​មិត្ត​ប្រុស​ ខណៈ​កញ្ញា ឈិន មុន្នីនាថ ហាក់​ដូចជា​ស្រូប​​បាន​ការ​ពេញ​ចិត្ត​ពី​ប្រិយមិត្ត​​ខ្លាំង​​ជាង​ពេល​ណា​ទាំង​អស់​នៅ​ក្នុង​ការ​សម្តែង​កុន​នានា ​ប្រមាណ​ជាង​ ១០ រឿង ​ក្រោយ​ពី​​ប្រឡូក​សិល្បៈ​សម្តែង​​​មក​នោះ​​៕​