ក្រុងវែលីងតោន: ក្រោយពីបិទបញ្ចប់ការបោះឆ្នោតលើទំព័រហ្វេសប៊ុកផ្លូវការ របស់អ្នករៀបចំការប្រកួត «គ្រឿងអលង្ការ និងគ្រឿងតុបតែងកាយ» នៅថ្ងៃអាទិត្យ ទី ២៤ ខែមិថុនា វេលាម៉ោង ៥ ល្ងាច ដែលមានបេក្ខភាពសម្រាំង ៤៧ នាក់ ជាមួយរូបភាពចំនួន ៤៧ សន្លឹក ទីបំផុត ឈុតកិន្នរច្នៃពីសម្ភារឧបភោគបរិភោគត្រូវបានប្រកាសអបអរសាទរក្នុងការទទួលពានជយលាភីនាពេលថ្មីៗនេះ។
សំណេរនៅលើទំព័រមុខខាងក្រោមរូបថតទាំង ៤៧ សន្លឹក ហ្វេសប៊ុក Edible Fashion Awards បានសរសេរថា៖ «អបអរសាទរចំពោះ តារា លី ជាម្ចាស់ជយលាភី 2018 Sprouts In-Home Childcare People''s Choice Award ពីស្នាដៃឌីហ្សាញកិន្នរ»។
កិន្នរ ឈុតរបាំក្នុងសម័យរជ្ជកាលព្រះរាជាស៊ីសុវត្ថិ ដែលលោកចំណាយពេល ២០ ថ្ងៃ រចនាយ៉ាងផ្ចិតផ្ចង់ដោយប្រើសម្ភារប្រើប្រាស់ក្នុងផ្ទះបាយ ចាប់ពីប្រអប់នំភីហ្សា នំចាហួយតូចៗ ចានជ័រ ស្លាបព្រា និងសមប្លាស្ទិក រហូតដល់ក្រដាសអាលុយមីញ៉ូម កំប៉ុងអាហារ ដបទឹក ថាសសំណដាក់សាច់អាំងបាប៊ីឃ្យូ និងនំប៉ាស្ដាជាដើម។
ដោយបានទទួលដំណឹងពីការអបអរលើបណ្ដាញសង្គមនេះភ្លាម ភ្នំពេញប៉ុស្ដិ៍ បានទាក់ទងទៅលោក តារា លី ជាអ្នកឌីហ្សាញឈុតសម្លៀកបំពាក់របាំបុរាណខ្មែរសាកសួរអំពីអារម្មណ៍ និងវេលាទទួលពានមួយនេះ។
យុវជន លី តារាពន្លឺ ឬ តារា លី អាយុ ២៣ ឆ្នាំដែលបានទៅរស់នៅប្រទេសនូវែលសេឡង់តាំងពីកុមារភាព ធ្លាប់បានឈ្នះពានលើឈុតសម្លៀកបំពាក់របាំបុរាណខ្មែរអប្សរា ក្នុងព្រឹត្ដិការណ៍ប្រកួតឆ្នាំ ២០១៧ បានឆ្លើយតាមសារអេឡិចត្រូនិកថា៖ «អរគុណខ្លាំងណាស់។ ខ្ញុំក៏ទើបតែដឹងមុននេះដែរ»។
លោកបន្ដថា៖ «ទាក់ទងរឿងពេលណាប្រគល់ពាននោះ ខ្ញុំក៏មិនទាន់បានដឹងទេ។ ខ្ញុំរង់ចាំពួកគេទាក់ទងមកទើបដឹងថា ត្រូវធ្វើអ្វីបន្ដទៀត»។
លោកក៏បានផ្ញើសារជូនពលរដ្ឋខ្មែរថា៖ «ខ្ញុំនឹងខិតខំប្រឹងប្រែងជួយលើកស្ទួយទម្រង់សិល្បៈបុរាណ និងវប្បធម៌ខ្មែរឲ្យពិភពលោកឃើញ»។
យុវជនដែលចាប់យកមុខវិជ្ជាសិក្សាផ្នែកគំនូរជីវចល 3D បានអះអាងថា លោកនៅតែមានបំណងបង្ហាញទម្រង់សិល្បៈបុរាណខ្មែរដដែល។
លោកបង្ហើបប្រាប់ថា៖ «ឆ្នាំក្រោយ ខ្ញុំនឹងចូលរួមប្រកួតព្រឹត្ដិការណ៍ស្រដៀងគ្នានេះ ជាវេទិកាកាន់តែធំដោយមានឈ្មោះថា «World of Wearable Arts»។
គួរបញ្ជាក់ផងដែរថា ម្ចាស់ជយលាភីឌីហ្សាញប្រចាំឆ្នាំ ២០១៨ នេះ ជាស្នាដៃអ្នកឌីហ្សាញ ខេតធើរីន បែរត្រាំ ជាមួយឈុតសម្លៀកបំពាក់ «មានត្រីច្រើនក្នុងសមុទ្រ» ដោយច្នៃពីក្រដាសបិទមឹក និងត្រី រួមទាំង កូនត្រីក្រៀមអានឆូវី ត្រីស្បៃកា និងស្បែកត្រី។
ប្រារឰឡើងតាំងពីឆ្នាំ ២០០៦ នៅនូវែលសេឡង់ Edible Fashion Awards ជាការប្រកួតប្រជែងបង្ហាញស្នាដៃអ្នកមានទេពកោសល្យច្នៃម៉ូដសម្លៀកបំពាក់ និងគ្រឿងអលង្ការចេញពីផលិតផលម្ហូបម្ហា៕