
លោក តារា លី រៀបចំឲ្យតារាម៉ូដែលគ្រងឈុតកិន្នរ។ សហការី
ក្រុងវែលីងតោន: ទោះបីជាឈុតកិន្នរ ជាសម្លៀកបំពាក់របាំបុរាណខ្មែរ ច្នៃឡើងពីគ្រឿងសម្ភារឧបភោគ បរិភោគ ឆ្នាំនេះ មិនមានវាសនាបានគ្រងពាន «គ្រឿងអលង្ការ និងគ្រឿងតុបតែងកាយ» ដូចឈុតអប្សរាកាលពីឆ្នាំមុនយ៉ាងណាក៏ដោយ ក៏អ្នកឌីហ្សាញ ជាកូនខ្មែរដែលស្រឡាញ់វប្បធម៌ជាតិរបស់ខ្លួនលើទឹកដីនូវែលសេឡង់ នៅតែបន្ដឆន្ទៈលើកស្ទួយទម្រង់របាំបុរាណខ្មែរលើឆាកអន្ដរជាតិ និងរីករាយចំពោះការគាំទ្រស្នាដៃឌីហ្សាញរបស់លោក ជាពិសេស បងប្អូនពលរដ្ឋខ្មែរដែលខំផ្ដល់កម្លាំងចិត្ដពីចម្ងាយ។
ក្រោយបញ្ចប់ការប្រកួតនៅថ្ងៃទី ១៦ និងទី ១៧ ខែមិថុនា នៅក្រុងហាកបេ កិន្នរឈុតរបាំក្នុងសម័យរជ្ជកាលព្រះរាជាស៊ីសុវត្ថិ ដែលត្រូវបានចំណាយពេលឌីហ្សាញ និងផលិតយ៉ាងផ្ចិតផ្ចង់រយៈពេល ២០ ថ្ងៃ នៅតែមានឱកាសឈ្នះពានមួយទៀត ខណៈគេហទំព័រហ្វេសប៊ុកផ្លូវការ Edible Fashion Awards បានបង្ហោះរូបថត ៤៧ សន្លឹក ឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមទូទាំងពិភពលោកជ្រើសរើសឈុតឌីហ្សាញស្អាតបំផុត។
ដោយមានការឧបត្ថម្ភពីសាលាកុមារ Sprouts In-Home Childcare New Zealand ក្រោមប្រធានបទ «សន្ដិភាព និងភាពសម្បូរបែប» ឬ Peace and Diversity គេហទំព័រនេះ បានសរសេរថា៖ «ដើម្បីបោះឆ្នោតឈុតឌីហ្សាញខ្លួនចូលចិត្ដ ដំបូងគ្រាន់តែចុច like ទំព័រ Edible Fashion Awards និងជ្រើសរើសរូបសញ្ញាបេះដូងលើរូបថត។ ការបោះឆ្នោតនឹងបិទនៅម៉ោង ៥ ល្ងាចថ្ងៃអាទិត្យ ទី ២៤ ខែមិថុនា ខាងមុខនេះ»។

ឈុតកិន្នរត្រូវបានច្នៃពីគ្រឿងសម្ភារឧបភោគបរិភោគ។ សហការី
យុវជន លី តារាពន្លឺ ឬ តារា លី អាយុ ២៣ ឆ្នាំ ដែលបានទៅរស់នៅឯនាយសមុទ្រតាំងពីកុមារភាព និងទើបបានឈ្នះពានលើឈុតសម្លៀកបំពាក់របាំបុរាណខ្មែរ អប្សរា ក្នុងព្រឹត្ដិការណ៍ប្រកួតឆ្នាំ ២០១៧ បានប្រាប់ថា៖ «ខ្ញុំមានសង្ឃឹមថា កិន្នរនឹងទទួលបានការគាំទ្រច្រើនតាមរយៈការបោះឆ្នោតលើហ្វេសប៊ុក។ ប៉ុន្ដែលទ្ធផលយ៉ាងណា ខ្ញុំក៏មិនដឹងដែរ។ ចំពោះ អ្នកឈ្នះក្នុងការបោះឆ្នោតនេះនឹងទទួលបានពានមួយ»។
ជាមួយនឹងសម្ភារប្រើប្រាស់ក្នុងផ្ទះ-បាយចាប់ពីប្រអប់នំភីហ្សា នំចាហួយតូចៗ ចានជ័រ ស្លាបព្រា និងសមប្លាស្ទិក រហូតដល់ក្រដាសអាលុយមីញ៉ូម កំប៉ុងអាហារ ដបទឹក ថាសសំណដាក់សាច់អាំងបាប៊ីឃ្យូ និងនំប៉ាស្ដាជាដើម អ្នកឌីហ្សាញកិន្នររូបនេះ បានលើកឡើងពីការយល់ឃើញចំពោះការវិនិច្ឆ័យរបស់គណៈកម្មការផ្ដល់ពិន្ទុថា៖ «ម្នាក់ៗសុទ្ធតែមានមោទនភាពចំពោះការឌីហ្សាញរបស់ខ្លួន។ អ្វីដែលខ្ញុំមើលឃើញថា វា [ឈុតកិន្នរ] ស្រស់ស្អាតមិនប្រាកដជាពេញចិត្ដក្នុងក្រសែភ្នែកពួកគេឡើយ»។

ឆ្លើយនឹងសំណួរថា តើលោកមានបំណងចង់ចូលរួមប្រកួតព្រឹត្ដិការណ៍នេះទៀតទេ យុវជនដែលចាប់យកការសិក្សាផ្នែកគំនូរជីវចល 3D បានប្រាប់ថា៖ «ខ្ញុំមិនច្បាស់ទេ។ ប៉ុន្ដែបើខ្ញុំនៅតែបន្ដចូលរួមប្រកួត ខ្ញុំនៅតែមានបំណងបង្ហាញទម្រង់សិល្បៈបុរាណខ្មែរដដែល។ ឆ្នាំក្រោយ ខ្ញុំនឹងចូលរួមប្រកួតព្រឹត្ដិការណ៍ស្រដៀងគ្នានេះ ជាវេទិកាកាន់តែធំដោយមានឈ្មោះថា «World of Wearable Arts»។
លោក តារា លី បានថ្លែងអំណរគុណដល់ការគាំទ្ររបស់ពលរដ្ឋខ្មែរទាំងអស់ ទាំងការចែករំលែកស្នាដៃ និងសរសេរសារលើកទឹកចិត្តដល់រូបលោក។ លោកបានសរសេរផ្ញើជូនបងប្អូនពលរដ្ឋខ្មែរថា៖ «ខ្ញុំនឹងខិតខំប្រឹងប្រែងជួយលើកស្ទួយទម្រង់សិល្បៈបុរាណ និងវប្បធម៌ខ្មែរឲ្យពិភពលោកឃើញ»។
Edible Fashion Awards ប្រារឰឡើងតាំងពីឆ្នាំ ២០០៦ នៅនូវែលសេឡង់ បានបង្ហាញស្នាដៃអ្នកមានទេពកោសល្យច្នៃម៉ូដសម្លៀកបំពាក់ និងគ្រឿងអលង្ការចេញពីផលិតផលម្ហូបម្ហា៕