ភ្នំពេញៈ ស្ថិតនៅ​ទីធ្លា​តូច​ល្មម ហាង​អាហារ MOMO Food & Drink របស់​តារា​ស្រី និង​អ្នក​ជំនួញ​ដ៏​ជោគជ័យ អ្នក​នាង គង់ ច័ន្ទ​ស្រីមុំ មាន​ការ​រចនា​តុប​តែង​ពណ៌​ស្រស់​ឆើត​យ៉ាង​ទាក់​ភ្នែក ជាមួយ​តុ​កៅអី​តូច​ច្រឡឹង​បែប​ឃ្យូតៗ ដែល​ផ្ដល់​នូវ​អារម្មណ៍​ស្រស់​ស្រាយ​ដល់​បណ្ដា​ភ្ញៀវ​ជា​អ្នក​ធ្វើការ សិស្ស​សាលា និង​តារា​សិល្បៈ​ចូល​ញ៉ាំ​ជា​ហូរហែ។

ហាង​អាហារ​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​មិន​ភ្លេច​លើក​ទូរស័ព្ទ​ថត​សែ​ល​ហ្វ៊ី​មួយ​នេះ ទើបតែ​បើក​ដំណើរការ​ពី​ខែ​តុលា ដោយ​អ្នក​នាង គង់ ច័ន្ទ​ស្រីមុំ និង​ស្វាមី មាន​បំណង​ទុក​ឲ្យ​កូន​ស្រី​ដ៏​គួរ​ឲ្យ​ក្នាញ់ មាន​វ័យ​ទើប​តែ ៥ ខែ​នោះ។ តារា​សម្តែង​ស្រី​កូន ១ ស្អាត​មិន​ចាញ់​ក្រមុំ​រូប​នេះ​បាន​ប្រាប់ ភ្នំពេញប៉ុស្តិ៍​ផ្ទាល់​ពី​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ អ្ន​នាង​បើក​ហាង​អាហារ​នេះ​ដោយ​មិន​បាន​ត្រៀម​ថា៖ «ដោយ​សារ​តែ​នៅ​ផ្ទះ​ម៉ាក់​ចូល​ចិត្ត​ញ៉ាំ​អាហារ​ប្លែកៗ អ៊ីចឹង​គាត់​ចូល​ចិត្ត​ស្វែងរក​ម្ហូប​ប្លែកៗ​មក​ញ៉ាំ ហើយ​បាន​យក​ទៅ​ឲ្យ​មិត្តភក្តិ​ញ៉ាំ​ពួក​គាត់​ក៏​ជំរុញ​ឲ្យ​បើក​ហាង​នេះ​ឡើង»។

រចនាប័ទ្ម​ឃ្យូតៗ​​​ហាង​ MOMO ដែល​ទាក់ចិត្ត​ភ្ញៀវ​ថត​សែលហ្វ៊ី​​។ ហុង មិនា

ចំពោះ​គ្រឿងផ្សំ​វិញ តារា​សិល្បៈ និង​អ្នកជំនួញ​ស្រី​ដ៏​ជោគជ័យ​រូបនេះ​បាន​បញ្ជាក់ថា៖ «យក​មក​ពី​ប្រទេស​វៀតណាម ព្រោះ​វា​ស្រស់​នឹង​មិន​មាន​លាយ ប៉ុន្តែ​បើ​សាច់​ប្រឡាក់​វិញ​យក​ត្រឹម​ភ្នំពេញ​នេះ​ឯង»។

អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បន្តទៀតថា ម្ហូប​នៅក្នុង​ហាង​ទាំងអស់​ត្រូវបាន​ចម្អិន​នៅផ្ទះ​ដោយ​ពូ​របស់​អ្នក​នាង​ផ្ទាល់ មុន​នឹង​បញ្ជូន​មក​កាន់​ហាង។

MOMO Food & Drink មាន​លក់​នំ​បញ្ចុក​ខួរ​ក្តាម (៣,៥០ ដុល្លារ) ស៊ុប​បាញ់​ស្រ៊ុង​សាច់គោ (៣,៥០ ដុល្លារ) បាញ់​ហយ​ទឹក​កាពិ (៨ ដុល្លារ) អាច​ញ៉ាំ​បាន​គ្នា ២ ទៅ ៣ នាក់ និង​គួង​ដ៏​ពេញ​និយម (៣ ដុល្លារ)។

ក្រោយពី​ញ៉ាំ​រួច ភ្ញៀវ​អាច​សាក​បង្អែម​លាង​មាត់​ល្បី​រសជាតិ​ឆ្ងាញ់​មិន​ចាញ់​នៅ​ថៃ ដូចជា Chocolate Bread និង Caramel Bread មាន​តម្លៃ ៥,៥០ ដុល្លារ ព្រមទាំង​តៅហ៊ូ​ទឹក​ស្ករ​មាន​តម្លៃ ១,៥០ ដុល្លារ។

បង្អែម​ដែល​មាន​ជា​នំ​ និង​ការ៉េម​ផ្អែម​ត្រជាក់ រសជាតិ​ឆ្ងាញ់ជាប់ចិត្ត​​។ហុង មិនា

សម្រាប់​ភ្ញៀវ​ដែល​និយម​ក្រេប​ភេសជ្ជៈ​បណ្ដើរ និង​ទទួលទាន​បណ្ដើរ MOMO ក៏មាន​បម្រើ​តែ​បៃតង ទឹក​សូកូឡា ស្ត្រប៊ើរី​សូដា ច្រក​កំប៉ុង​ជ័រ​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​តម្លៃ ២,៥០ ដុល្លារ។

ជាមួយ​វត្តមាន​ភ្ញៀវ​ចេញចូល​ហូរហែ អ្នកនាង​បាន​ឲ្យ​ដឹងថា៖ «ក្នុង ១ ថ្ងៃ​លក់​បាន​ចាប់​ពី ៣០០ ចាន​ទៅ ៤០០ ចាន ដោយ​មាន​ការ​ពេញ​និយម​ពី​ភ្ញៀវ​ចំពោះ​ការ​ញ៉ាំ​ទឹក​ជ្រលក់​ធ្វើ​ពី​កាពិ និង​ទឹក​ម៉ាំ​ឆ្ងាញ់​ប្លែក»។

MOMO Food & Drink ចាប់​បើក​ពី​ម៉ោង ១២ ថ្ងៃត្រង់​ដល់​ម៉ោង ៧ យប់ ស្ថិតនៅ​ផ្ទះ​លេខ ៣៣ ផ្លូវ​លេខ ៩៩ ក្រោយ​ក្រសួង​រៀបចំ​ដែនដី។ ទាក់​ទង​ទូរស័ព្ទ​លេខ ០៨១ ៥៥៨ ៨៨៥៕