ភ្នំពេញ: ជា​ការ​ចូលរួមចំណែក​លើក​ទឹកចិត្ត​ក្រុមគ្រូពេទ្យ និង​ជួយ​សហគមន៍​កំពុង​ត្រូវការ​ម្ហូបអាហារ​ជា​ចាំបាច់​សកម្មភាព​សប្បុរសធម៌​ថ្មី​មួយ​ត្រូវ​បាន​បង្កើតឡើង​ក្នុង​បំណង​ចែករំលែក​អាហារ​ទៅ​ដល់​អ្នក​ខ្វះខាត និង​ជួយ​គាំទ្រ ភោជនីយដ្ឋាន​ក្នុង​ស្រុក​ឲ្យ​បន្ត​ដំណើរការ​សេវាកម្ម​របស់​ខ្លួន ខណៈ​ការចេញ​ទៅ​ញ៉ាំ​អាហារ​ខាងក្រៅ​មាន​ការថយចុះ​។

Eat2donate គឺជា​កម្មវិធី​សប្បុរសធម៌​ទម្រង់​ថ្មី​ដែល​បង្កើត និង​ផ្តួចផ្តើម​ឡើង​ដោយ​ជនបរទេស​ ២ ​រូប​ដែល​មាន​ទឹកចិត្ត​ស្រឡាញ់ និង​មាន​ឆន្ទៈ​ជួយ​បម្រើ​កិច្ចការងារ​សង្គម​។

ជា​ជនបរទេស​រស់នៅ​ទឹកដី​អច្ឆរិយៈ​ច្រើន​ឆ្នាំ​មក​ហើយ​នោះ អ្នកស្រី Sandy Kotan និង Galeo Chua ស្ថាបនិក Eat2Donate មាន​បំណង​តបស្នង​ទៅ​តាម​អ្វី ដែល​អាច​ធ្វើបាន​ចំពោះ​ប្រទេស និង​ប្រជាជន​ដែល​បាន​ស្វាគមន៍​ពួកគេ​យ៉ាង​កក់ក្តៅ​។

អ្នក​ទាំង​ ២ ​ជា​សហគ្រិន​សស្រោកសស្រាំ​នឹង​ការងារ​សប្បុរស ដើម្បី​ជួយ​បរិស្ថាន ការថែទាំ​សុខភាព ការអប់រំ និង​សុខុមាលភាព​សង្គម​។

អ្នក​ទាំង​ ២ ​នាក់​មាន​ជំនឿថា កើត​មកជា​មនុស្ស​គួរតែ​មាន​ភាព​ទទួល​ខុសត្រូវ​ក្នុង​ការជួយ​គ្នា​ទៅវិញ​ទៅមក ជាពិសេស​សម្រាប់​អ្នក​ងាយ​រងគ្រោះ ព្រោះ​ថា​អាហារ​ជា​តម្រូវការ​មូលដ្ឋាន​សំខាន់​បំផុត​សម្រាប់​ជីវិត​។

អ្នកស្រី Sandy ដែល​មាន​ឈ្មោះ​ ខ្មែរ ម៉ូនីកា បាន​ឲ្យ​ដឹងថា​៖ «​ពួកយើង​ពិតជា​សង្ឃឹម​ថា កំណើត​ថ្មី​នៃ​កម្មវិធី Eat2Donate នឹង​ក្លាយ​ជា​ស្ពាន​សម្រាប់​ជួយ​បុគ្គល​ដែល​កំពុង​ខ្វះខាត​អាហារ​បរិភោគ និង​ពុំ​មាន​ទីពឹងពាក់ ហើយ​កម្មវិធី​នេះ​ទៀតសោត​នឹង​ជួយ​ម្ចាស់​ភោជនីយដ្ឋាន និង​អតិថិជន​ចែករំលែក​អាហារ​សុខភាព អាហារ​ស្រស់ៗ​ទៅ​កាន់​ជន​ដទៃទៀត​ដែល​កំពុង​ត្រូវការ​អាហារ​បំពេញ​ក្រពះ​»​។

អាហារ​ត្រូវ​បាន​ផ្ដល់​លើកទឹកចិត្ត​ក្រុមគ្រូពេទ្យ និង​ចែកចាយ​ជូន​ប្រជាជន​ខ្វះខាត​។ រូបថត សហការី

សហការ​ផ្តួចផ្តើមឡើង​ដោយ The Idea/Slaprea, Only One Planet, Amcham និង Britcham Cambodia កម្មវិធី Eat2Donate ត្រូវ​បាន​បង្កើតឡើង​នៅ​ថ្ងៃទី​ ១៣ ខែ​មេសា​ជាមួយ​ភោជនីយដ្ឋាន​ដៃគូ​ចំនួន​ត្រឹមតែ ៣ ​ប៉ុណ្ណោះ​។

ម្ចាស់​អាជីវកម្ម​ទាំងឡាយ​អាច​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ Eat2Donate ក្នុងការ​សម្រួល​ដល់​ខ្សែចង្វាក់​ផលិតកម្ម​របស់​គេ​ឲ្យ​បន្ត​ដំណើរការ ខណៈ​អតិថិជន​នៅតែ​មាន​ភាពងាយស្រួល​ក្នុងការ​កុម្ម៉ង់​ម្ហូបអាហារ ថែមទាំង​អាច​ផ្គួប​នឹង​ការបរិច្ចាគ​អាហារ​ទៅកាន់​អ្នកដទៃ​បាន​ទៀត​។

ប្រតិបត្តិការ​មាន​លក្ខណៈ​ងាយស្រួល​មិន​ស៊ាំញ៉ាំ​បាន​ធ្វើឲ្យ Eat2Donate សព្វថ្ងៃនេះ​មាន​ភោជនីយដ្ឋាន​ចំនួន​ ១១ ជា​ដៃគូ​សហការ​ដូចជា ហាង Java Creative Cafe ហាង Lot 369 ហាង Miam Box ហាង Pelican Food Company, បង​បន្លែ (Bong Bonlai Vegetarian Restaurant) ហាង Penh 278 ហាង Trattoria Bello, ហាង​ភីហ្សា Brooklyn Pizza Delivery, Carolina BBQ ហាង ម្អម (MaOm Fresh Juice) និង Botanico​។

ដោយ​គ្រាន់តែ​ចូលទៅ​កាន់​គេហទំព័រ​របស់ «​ស្លាបព្រា ឬ Slaprea» រួច​កុម្ម៉ង់​ម្ហូបអាហារ​ដោយផ្ទាល់​ពី​ហាង និង​គ្រាន់តែ​ប្រាប់ថា អ្នក​ត្រូវការ​ទិញ​អាហារ​សម្រាប់​បរិច្ចាគ ក្រុមការងារ Eat2Donate នឹង​ដឹកជញ្ជូន​អាហារ​នោះ​ទៅ​ដល់ដៃ​ក្រុមគ្រូពេទ្យ និង​អង្គការ​មិត្តសម្លាញ់ ដើម្បី​ចែកចាយ​បន្ត​ទៅកាន់​សហគមន៍​នានា​។

អ្នកស្រី ម៉ូនីកា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ម្ហូបអាហារ​ទាំងឡាយ​នឹង​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ដើម្បី​ជួយផ្តល់​កម្លាំងចិត្ត​ដល់​ក្រុមការងារ​របស់​មន្ទីរ​ពេទ្យ និង​ទៅកាន់​អង្គការ​មិត្តសម្លាញ់ ព្រោះ​អង្គការ​នេះ​ក៏​កំពុង​ធ្វើការ​ងារ​ផ្តល់​អាហារ​សម្រាប់​សហគមន៍​ផងដែរ​»​។

លោកអ្នក​ក៏​អាច​បរិច្ចាគ​អាហារ​ទាំងនោះ​ទៅកាន់​អ្នក​ផ្សេង​ទៀត​ដូចជា ប្រជាជន​ដែល​គ្មាន​ការងារ​ធ្វើ អ្នកមាន​ប្រាក់ចំណូល​ទាប និង​អ្នក​ត្រូវការ​ជំនួយ​បន្ទាន់​នៅក្នុង​សហគមន៍ មិន​ថា​ជនជាតិខ្មែរ ឬ​បរទេស​ដែល​កំពុង​ជួប​វិបត្តិ តាមរយៈ Volunteer Nation ឬ The Idea ទំព័រ​ហ្វេសប៊ុក​ @The Idea​។

អ្នកស្រី Sandy ឈ្មោះ​ខ្មែរ​ម៉ូនីកា សហស្ថាបនិក Eat2Donate​។ រូបថត ហេង ជីវ័ន

ការដឹក​ជញ្ជូន​ម្ហូបអាហារ និង​ភេសជ្ជៈ​របស់​សប្បុរសជន​ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀងរាល់​ ២ ​ដង​ក្នុង​ ១ ​សប្តាហ៍​ហើយ​ស្ថាបនិក​សង្ឃឹម​ថា ចំនួន​បរិច្ចាគ​នឹង​មាន​ការកើនឡើង​បន្ថែម​ទៀត​ក្នុង​ខែ​បន្ទាប់ៗ​។

ភោជនីយដ្ឋាន​ដៃគូ​របស់ Eat2Donate ក៏មាន​អនុវត្តតាម​កិច្ចព្រមព្រៀង​នៃ​ការរក្សា​អនាម័យ​ក្នុង​ការចម្អិន​ម្ហូបអាហារ ការវេចខ្ចប់ និង​ការរក្សា​គម្លាត​សង្គម ដើម្បី​រក្សា​អនាម័យ​ជូន​អ្នកពិសា​អាហារ​ផងដែរ​។

គ្រប់​បុគ្គលិក​ដឹកជញ្ជូន​ត្រូវ​បាន​បង្រៀន និង​ណែនាំ​ឲ្យ​រក្សា​គោលការណ៍​អនាម័យ លាងដៃ​នឹង​សាប៊ូ សម្អាត​ដៃ​ជាមួយ​ទឹក​លាងដៃ និង​ពាក់​ម៉ាស់​ការពារ​យ៉ាង​ត្រឹមត្រូវ​។

អ្នកស្រី ម៉ូនីកា បាន​បន្តទៀត​ថា​៖ «​ទើបតែ​ចាប់ផ្តើម​ដំណើរការ​ប្រហែល​ ២ ​សប្តាហ៍​ជាង បន្ទាប់ពី​ថ្ងៃ​ដំណើរការ​មក​នេះ​យើង​ទទួលបាន​ការបរិច្ចាគ​ម្ហូបអាហារ​បាន ៧១៩ ​ឈុត​ដែល​ក្នុង​នោះ ៦៥ ​ភាគរយ​ជា​ការបរិច្ចាគ​ពី​សាធារណៈ​។ ពួកយើង​ពិតជា​មាន​ជំនឿ​ចិត្ត​ថា នេះ​ជា​ចំនួន​ល្អ និង​រំពឹង​ថា ចំនួន​បរិច្ចាគ​នឹង​មាន​ការកើនឡើង​រហូត​ដល់ ៥០០ ​ឈុត​ក្នុង ១ ​សប្តាហ៍​សម្រាប់​ខែ​បន្ទាប់​។ នេះ​ជា​ពេលវេលា​ដ៏សំខាន់​ដែល​យើង​ត្រូវធ្វើ​សកម្មភាព​ទាំងឡាយ ដើម្បី​ជួយ​ប្រជាជន​សហគមន៍​ដោយ​ទឹកចិត្ត​សប្បុរស និង​ជំរុញ​ការយោគយល់​ជួយ​គ្នា​ទៅវិញ-ទៅមក​»​។

ភោជនីយដ្ឋាន​ដែល​ចាប់អារម្មណ៍​ធ្វើជា​ដៃគូ Eat2Donate សូម​ចូលទៅ​កាន់​គេហទំព័រ www.slaprea.com/eat2donate ឬ​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ០៩៧ ៨៥២ ៦១៥១ សម្រាប់​ព័ត៌មាន​លម្អិត​៕