ក្រុងម៉ិកស៊ីកូ៖ អម្បូរដាយណូស័រថ្មីមួយដែលកត់ត្រាដោយក្រុមផូស៊ីលវិទូម៉ិកស៊ិក ត្រូវបានជឿថា «មានការប្រាស្រ័យទាក់ទងសកម្ម» និងប្រើសំឡេងស្រាលៗ ដូចជា ពពួកដំរី ដើម្បីជជែកគ្នា។ នេះបើយោងតាមការអះអាងរបស់អ្នកស្រាវជ្រាវម្នាក់បាននិយាយកាលពីថ្ងៃសុក្រ។
អម្បូរដែលត្រូវបានហៅថា Tlatolophus galorum ត្រូវបានចាត់ទុកថាបានងាប់ប្រមាណ ៧២ លានឆ្នាំមុន នូវអ្វីដែលបច្ចុប្បន្នស្ថិតភាគខាងជើងរដ្ឋខូហ៊ុយឡា ប្រទេសម៉ិកស៊ិក។
ក្រោយពីប្រទះឃើញផូស៊ីលកន្ទុយ ក្រុមផូស៊ីលវិទូបាននិយាយថា ពួកគេក្រោយមកបានឃើញគម្រោងឆ្អឹងច្រើនទៀត ជាឆ្អឹងទ្រនុងប្រវែង ១,៣២ ម៉ែត្រ ក៏ដូចជាឆ្អឹងភ្លៅ និងស្មាជាដើម។
អ្នកស្រាវជ្រាវ អានហ្គែល អាឡេចាន់ដ្រូ រ៉ាមីរ៉េហ្ស បាននិយាយថា៖ «យើងកំពុងគណនាពីទំហំ ដែលអាចមានប្រវែងចន្លោះពី ៨ ទៅ ១២ ម៉ែត្រ ដោយសារគ្រាន់តែកន្ទុយវាចូល ៦ ម៉ែត្រទៅហើយ»។
លោក រ៉ាមីរ៉េហ្ស បានបន្ថែមថា៖ «យើងជឿថា ដាយណូស័រទាំងនោះពិតជាអម្បូរសត្វពូកែទំនាក់ទំនង។ ពួកវាថែមទាំងចេះបង្កើតសំឡេងទាក់ទងគ្នាតិចៗ ដូចជា ពពួកសត្វដំរី ដែលធ្វើដំណើរជាច្រើនគីឡូម៉ែត្រ និងមិនឮដល់មនុស្ស»។
ដាយណូស័រ «ចូលចិត្ដសន្ដិភាព តែនិយាយច្រើន» ទាំងនេះក៏អាចមានសមត្ថភាពបញ្ចេញសំឡេងខ្លាំងៗ ដើម្បីបន្លាចសត្រូវ។ នេះបើយោងតាមវិទ្យាស្ថានជាតិនរវិទ្យា និងប្រវត្ដិសាស្ដ្រ (INAH) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ពេលប្រកាសការរកឃើញនេះ។
ក្រុមអ្នកស្រាវជ្រាវម៉ិកស៊ិក គិតថា ទ្រនុងរបស់ដាយណូស័រ Tlatolophus galorum ទំនងជាមានពណ៌ក្រហម។
លោក រ៉ាមីរ៉េហ្ស បានបន្ដថា៖ «យើងជឿថា ដាយណូស័រទាំងនេះ មិនខុសពីបក្សីសម័យឥឡូវនោះទេ មានពណ៌ប្លែកៗ ហើយដូច្នេះ រូបរាងរបស់វានេះ ដូចជា ទ្រនុងអាចមានពណ៌ឆើត។ ពួកវាអាចមានពណ៌ក្រហម ឬចម្រុះពណ៌»។
ការរកឃើញនេះនៅត្រូវបាបន្ដស៊ើបអង្កេត តែការស្រាវជ្រាវអំពីល្មូនបុរាណត្រូវបានបោះពុម្ពផ្សាយរួចហើយក្នុងព្រឹត្ដិបត្រវិទ្យាសាស្ដ្រ Cretaceous Research រួមជាមួយ INAH។
ប្រភពបន្ដថា៖ «វាជាករណីពិសេសសម្រាប់ផូស៊ីលវិទ្យានៅម៉ិកស៊ិក។ ព្រឹត្ដិការណ៍គួរឱ្យអារម្មណ៍សំខាន់ៗកើតឡើងរាបលានឆ្នាំមុន ពេល ខូហ៊ុយឡា ធ្លាប់ជាតំបន់ត្រូពិកមួយ»។
ក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា ឈ្មោះ Tlatolophus កំឡាយពី tlahtolli ដែលមានន័យជាភាសា Nahuatl ជនជាតិដើមភាគតិវ និង lophus មានន័យថា ទ្រនុងជាភាសាក្រិក៕ HR