ក្រុងញូវដែលី : បុរស ២ នាក់ ដែលបានបោកបញ្ឆោតដុកទ័រម្នាក់ទិញ «ចង្កៀងអាឡាដាំង» តម្លៃ ៩៣ ០០០ ដុល្លារ និងថែមទាំងបង្កើតយក្សចង្កៀងវេទមន្ដក្លែងក្លាយ ត្រូវបានចាប់ខ្លួនក្នុងប្រទេសឥណ្ឌា។
លោក ឡាអៀក ខាន់ បានទៅប្ដឹងប៉ូលិសនៅភាគខាងជើងរដ្ឋអ៊ុតតា ប្រាដេស ក្រោយពីដឹងថា ចង្កៀងទិពអត់មានវេទមន្ដអ្វីសោះ ដូចទៅនឹងអ្វីដែលមានភាពល្បីល្បាញក្នុងរឿងព្រេងអំពីអាឡាដាំង និងយក្សចង្កៀងទិព ដែលបានបង្ហាញខ្លួនពេលត្រដុះនឹងតួចង្កៀង។
លោក អាមិត រ៉ៃ ជាមន្ដ្រីជាន់ខ្ពស់ម្នាក់ បានប្រាប់ AFP ថា៖ «ក្រុមបោកនេះ បានទៀមទារប្រាក់តម្លៃខ្ពស់ តែវេជ្ជបណ្ឌិតរូបនោះ ហ៊ានទិញក្នុងតម្លៃប្រមាណ ៧លានរូពី (៩៣០០០ដុល្លារ)។
លោកបាននិយាយថា បុរសទាំងពីរត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ និងនៅបន្ដជាប់ឃុំមុនពេលសាវនាការកាត់ទោសត្រូវបានធ្វើឡើងនាពេលខាងមុខ។
លោក រ៉ៃ បានបន្ថែមថា៖ «ភរិយាជនសង្ស័យម្នាក់ ក៏បានជាប់ពាក់ព័ន្ធនឹងអំពើឆបោកនេះផងដែរ។ គាត់កំពុងតែរត់គេចខ្លួន»។
ក្នុងពាក្យបណ្ដឹងដាក់កាលពីអាទិត្យសប្ដាហ៍មុន លោក ខាន់ បាននិយាយថា បុរសម្នាក់ក្នុងចំណោមពីរនាក់បានធ្វើជាអ្នកវេទមន្ដ និងប្រើសិល្បសាស្ដ្រជុបយក្សចង្កៀង ចេញពីចង្កៀងអាឡាដាំង។
ប៉ុន្ដែពេលលោក ខាន់ សួរថា តើលោកអាចកាន់យក្សចង្កៀង ឬយកចង្កៀងនោះទៅផ្ទះបានទេ ពួកគេបានបដិសេធ ដោយនិយាយថា វាអាចធ្វើឲ្យរូបលោកជួបគ្រោះថ្នាក់។
ចុងបញ្ចប់ ពួកគេបានលក់ចង្កៀងទិពឲ្យលោក ដោយសន្យាថា វានឹងនាំសំណាង សុខភាព និងភាពចម្រុងចម្រើនដល់ម្ចាស់។
លោក ខាន់ បានបញ្ជាក់ថា ក្រោយមក លោកបានដឹងថា យក្សចង្កៀងគ្រាន់តែការក្លែងខ្លួនរបស់បក្ខពួកម្នាក់។
លោក រ៉ៃ បានឲ្យដឹងទៀតថា៖ «បុរសទាំងពីរក៏បានបោកក្រុមគ្រួសារផ្សេងៗទៀតដោយប្រើសេណារីយ៉ូដូចគ្នានេះដែរ។ ទឹកប្រាក់សរុបទាក់ទងនឹងអំពើឆបោកនេះមានចំនួនរាប់លានរូពីឯនោះ»៕ AFP/HR