ភ្នំពេញៈ ចាប់​ពី​រាសី​ឡើង​ខ្ពស់​ត្រដែត​សម្បូរ​ទីផ្សារ​ថតកុន​ភាគ គ្មាន​ពេល​ទំនេរ​តាំង​ពី​ចុង​ឆ្នាំ ២០១៦ មក​រហូត​ដល់​បច្ចុប្បន្ន​នេះ តារា​សម្តែង​ស្រី មាន​ងារ​ជា​តារា​សិច​ស៊ី និង​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​បន្ទាយ​មានជ័យ កញ្ញា ដួង ម៉ានិច នឹង​ចែក​សំបុត្រ​អញ្ជើញ​ភ្ញៀវ​ប្រមាណ ៣៥ តុ ដើម្បី​ចូលរួម​ពិធី​ឡើង​គេហដ្ឋាន​ថ្មី ស្ថិត​នៅ​បុរី​ប៉េង ហួត បឹង​ស្នោ ដែល​ទិញ​តម្លៃ​ជិត ១០ ម៉ឺន ដុល្លារ។

បើតាម​ការ​ស្តាប់​មើល​ទៅ​តារា​សម្តែង​ស្រី​តូច​ច្រឡឹង​ចង្កា​ស្រួច​កញ្ញា ដួង ម៉ានិច ហាក់​ដូចជា​ធ្លាប់​មាន​អ្នក​សិល្បៈ​ដូចគ្នា​បាន​ពេប​ជ្រាយ​ឲ្យ​ថា​នាង​មិន​មាន​អ្វី​សល់​ជា​ដុំ​កំភួន ទើប​បាន​ជា​ជំរុញ​ឲ្យ​នាង​តាំង​ចិត្ត​ត្រូវ​តែ​រៀបចំ​ពិធី​ឡើង​ផ្ទះ​ថ្មី ដែល​ជា​ផ្ទះ​នាង​បាន​ទិញ ស្ថិត​នៅ​ឯ​បុរី ប៉េង ហួត បឹង​ស្នោ​នោះ​ឲ្យ​ខាង​តែ​បាន​នៅ​ថ្ងៃ​ទី ២៣ ខែ​កុម្ភៈ ឆ្នាំ ២០១៨ ខាងមុខ​នេះ ខណៈ​ផ្ទះ​ចំនួន ២ ផ្សេង​ទៀត​របស់​នាង​បាន​ទិញ​ស្ថិត​នៅ​ម្តុំ​សង្កាត់​កំបូល។

តារា​សម្តែង​ស្រី​រលក​ក្រោយ​កញ្ញា ដួង ម៉ានិច ដែល​ក្តាប់បាន​ឱកាស​ថតកុន​ហូរហែ សឹង​តែ​គ្មាន​ពេល​ទំនេរ​នោះ​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ដំបូង​ឡើយ​គិត​ថា មិន​ចង់​ធ្វើ​ទេ! តែ​ដោយ​សារ​មាន​អ្នកខ្លះ​ធ្លាប់​ពេប​ជ្រាយ​ដាក់​នាង​ខ្ញុំ​ថា មិន​ឃើញ​មាន​សល់​អ្វី​ជា​ធំ​ដុំ​ផង​នោះ ទើប​យល់​ថា គួរតែ​រៀបចំ​ពិធី​ឡើង​ផ្ទះ​នេះ​ឲ្យ​ខាង​តែ​បាន​តែ​ម្តង​ទៅ។ ម្យ៉ាង​ទៀត នាង​ខ្ញុំ​ក៏​មិន​ដែល​មាន​ធ្វើ​ពិធី​អ្វី ដែល​អាច​អញ្ជើញ​ទាំង​មិត្តភក្តិ​ក្រៅ​សិល្បៈ និង​ក្នុង​សិល្បៈ​តែម្តង​ផងដែរ។ ដូច្នេះ​ក៏​គ្រោង​ជា​ដំបូង​ថា នឹង​រៀបចំ​អញ្ជើញ​ភ្ញៀវ​ត្រឹម​តែ​ប្រមាណ ២១ តុ ទេ តែ​ឥលូវ​នេះ ត្រូវ​កើន​ដល់ ៣៥ តុ និង​ត្រូវ​ត្រៀម​ទុក​ចំនួន ៥ តុ​ទៀត​ដែល​សរុប​ទៅ​ចំនួន ៤០ តុ។ ចំពោះ​ភ្ញៀវ​ជា​មិត្ត​អ្នក​សិល្បៈ​វិញ​នោះ នាង​ខ្ញុំ​ទំនង​ជា​ត្រូវ​សម្រាំង​ខ្លះៗ​សិន មិន​បាន​អញ្ជើញ​ទាំង​អស់​នោះ​ទេ​គឺ​ប្រហែល​ជា​ចំនួន ៥ ឬ ៦ តុ តែ​ប៉ុណ្ណោះ»។

តារា​ស្រី ដួង ម៉ា​និ​ច បន្ត​ឲ្យ​ដឹង​ពី​ការ​មូល​ហេតុ​សម្រេច​ទិញ​ផ្ទះ​ទី ៣ និង​បង្ហើប​ពី​ប្រភព​ប្រាក់​ចំណូល ដែល​នាំ​ឲ្យ​នាង​សម្រេច​ទិញ​ផ្ទះ​នៅ​ឯ​បុរី ប៉េង ហួត បឹង​ស្នោ​នោះ​ផងដែរ​ថា៖ «ចំពោះ​ប្រាក់​ទិញ​ផ្ទះ​នេះ បាន​ការ​សន្សំ​របស់​ខ្ញុំ​ដូចជា​ការ​ទិញ​ផ្ទះ​មុនៗ​ដែរ (ផ្ទះ​ផ្សេងៗ​ទៀត​នៅ​ឯ​ម្តុំ​សង្កាត់​កំបូល) ព្រោះ​ថា នាង​ខ្ញុំ​ក៏មាន​ឱកាស​រក​ប្រាក់​បាន​ច្រើន​ដែរ នាពេល​បច្ចុប្បន្ន​នេះ ក្នុង​វិស័យ​សិល្បៈ ហើយ​ផ្ទះ​នោះ​មាន​តម្លៃ​ត្រឹម​តែ​ជាង ៩ ម៉ឺន ដុល្លារ ទេ ដោយសារ​នាង​ខ្ញុំ​បាន​កក់​ប្រាក់​តាម​ដំណាក់​កាល​ជាមួយ​បុរី​តាំង​ពី​ដំបូង​មក​ទើប​បាន​តម្លៃ​នេះ ខណៈ​ឥឡូវ​នេះ តម្លៃ​ផ្ទះ ដូចជា​ឡើង​ដល់​ជាង ១១ ម៉ឺន​ដុល្លារ ឯណោះ។

នាង​ខ្ញុំ​នៅ​មិន​ទាន់​មាន​ប្រាក់​គ្រប់​ចំនួន​ទាំងអស់​ដើម្បី​ទិញ​ផ្ទះ​នោះ​ទេ តែ​វា​ក៏​មិន​នៅ​សល់​ប្រាក់​ជំពាក់​ច្រើន​ដែរ​ទេ​សម្រាប់​ថ្លៃ​ផ្ទះ​នេះ គឺ​នៅ​សល់​ប្រហែល ២០ ភាគរយ​ទៀត​តែ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត​ទីតាំង​ផ្ទះ​នេះ មាន​ទីតាំង​ល្អ នៅ​ខាង​ក្រោយ​មន្ទីរពេទ្យ​ជោរៃ​ភ្នំពេញ នៅ​ផ្តុំ​ដោយ​ទីផ្សារ​ផង​ដែរ​ងាយ​ស្រួល​រស់​នៅ»៕