ភ្នំពេញ៖ បង្កភាពភ្ញាក់ផ្អើលពីមជ្ឈដ្ឋានសង្គមអ្នកសិល្បៈ និងមហាជន ខណៈពេលថ្មីៗនេះស្រាប់តែតារាម៉ូដែល និងពិធីការិនីរូបស្រស់ រាងខ្ពស់ស្រឡះ សាច់សខ្ចី អ្នកនាង យ៉ាន់ ស្រីពេជ្រ បានប្រកាសលែងលះស្វាមី ដែលបង្កើតចំណងស្នេហ៍អាពាហ៍ពិពាហ៍អស់ ១១ ឆ្នាំមកនោះ។
អមដោយរូបថតកាលពីរៀបការ លិខិតប្រកាសបញ្ចប់ចំណងស្នេហ៍ជាប្តីប្រពន្ធ និងសារជាដើមចមនៃការបញ្ចប់ចំណងបេះដូង ដែលមានរយៈពេល ១១ ឆ្នាំ តារាស្រីស្រស់សោភា សាច់សខ្ចី អ្នកនាង យ៉ាន់ ស្រីពេជ្រ បានលាតត្រដាងនៃការបែកបាក់ចំណងបេះដូងខ្លួន និងស្វាមី តាមរយៈសារដ៏វែងអន្លាយបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកខ្លួនថា៖ «ពីពេលនេះ ម៉ោងនេះទៅ យើងទាំង ២ នាក់ លែងពាក់ព័ន្ធអ្វីនឹងគ្នាទៀតហើយ។ ហើយក៏លែងជាប្តីប្រពន្ធនឹងគ្នាទៀតដែរ ពេលវេលារយៈពេល ១១ ឆ្នាំ ដែលយើងបានជួបគ្នាបានស្រឡាញ់គ្នា កាន់ដៃគ្នា មានអនុស្សាវរីយ៍ច្រើនរាប់មិនអស់ តែពេលនេះ វាបានចប់សព្វគ្រប់អស់ហើយ ជួបគ្នាធ្វើអ្វី បើគង់នឹងមានថ្ងៃនេះ។ អ្វីដែលខ្ញុំស្អប់បំផុតគឺការបែកបាក់គ្នា ខ្ញុំបានព្យាយាមធ្វើគ្រប់យ៉ាងអស់ហើយ ដើម្បីតែគ្រួសារមួយនេះ និងមិនចង់ឱ្យកូនខ្ញុំ កំព្រាឪពុកដូចខ្ញុំទៀត»។
តារាសម្តែងសម្រស់ស្រស់សោភា អ្នកនាង យ៉ាន់ ស្រីពេជ្រ ជាមេម៉ាយកូនមួយក្តៅស្រួយរូបនេះបានបន្តថា៖ «តែអ្វីដែលខ្ញុំទទួលបានមកវិញ គឺមានតែភាពផិតក្បត់ លួចលាក់ តែផ្លូវមួយនេះ បងជាអ្នកជ្រើសរើស ពាក្យសុំទោស ១ ម៉ាត់ វាមិនអាចកែប្រែអ្វីបានទៀតទេគ្រប់យ៉ាងវាហួសពេលអស់ហើយ បងបានសម្រេចចិត្តក្បត់ខ្ញុំរួចទៅហើយ ថែមទាំងធ្វើឱ្យស្រីម្នាក់នោះមានកូនជាមួយបងថែមទៀត តើបងគិតថា វាជារឿងលេងសើចមែនទេ ពាក្យសុំទោសវាមិនអាចលុបលាងកំហុស និងការឈឺចាប់ស្ទើរស្លាប់ ស្ទើររស់ដែលបងបានធ្វើមកលើខ្ញុំបានទេ ហើយគ្រួសារមួយនេះ គឺបងជាអ្នកបំផ្លាញវាដោយផ្ទាល់ដៃរបស់បង អ៊ីចឹងហើយបងមិនបាច់ស្តាយក្រោយទៀតទេ បងទៅចុះ ទៅនៅជាមួយគេឱ្យមានក្តីសុខចុះ កុំបារម្ភកូនស្រីយើងមួយខ្ញុំ នឹងមើលថែគាត់ឱ្យបានល្អបំផុតដោយដៃខ្ញុំផ្ទាល់»។
អ្នកនាង យ៉ាន់ ស្រីពេជ្រ បានបន្ថែមថា៖ «ហើយក៏សុំផ្តាំទៅស្រីម្នាក់នោះ ដែលព្យាយាមបំផ្លាញគ្រួសារគេ ទាំងដឹងថា គេមានប្រពន្ធមានកូនហើយ នៅតែទុកកូន ដើម្បីបញ្ឈឺចិត្តប្រពន្ធគេ និងទាក់ប្តីគេចង់ឱ្យគ្រួសារគេបែកបាក់គ្នានោះ កម្មពៀរនោះ នាងជាអ្នកទទួលយកចុះ ...»៕