ក្រុងសៀមរាប: ដំណើរ​កម្សាន្ដ​ទៅកាន់​ទីក្រុង​អច្ឆរិយៈ​អង្គរ ទេសចរ​សម្ពាយ ឬ​អ្នក​ចូល​ចិត្ដ​ដើរ​លេង​ជា​ក្រុម ក៏​អាច​សាកល្បង​បទពិសោធ​គេង​ជុំ​គ្នា​នៅ​ក្នុង​ផ្ទះសំណាក់ 1953 Siem Reap Hostel កណ្ដាល​ក្រុង​សៀមរាប​ប្រកប​ដោយ​បរិយាកាស​ស្ងប់​ស្ងាត់ និង​ដើរ​កម្សាន្ដ​ក្នុង​តំបន់​ភ្លើង​ពណ៌នា​រាត្រី​នៅ​ជិត​បង្កើយ។

ស្ថិតនៅលើ​វិថី​ផ្សារ​រាត្រី​អង្គរ និង ផាប់​ស្ទ្រី​ត ចំណាយពេល​ដើរ​ថ្មើរជើង​ប្រមាណ​តែ ៣ ទៅ ៥ នាទី​ពី​ផ្សារ​រាត្រី​អង្គរ 1953 Siem Reap Hostel ជា​ផ្ទះ​ស្នាក់​ក្នុង​ទីប្រជុំ​ជន​នៃ​សង្កាត់​ស្វាយដង្គុំ ដែល​ភ្ញៀវ​អាច​ស្នាក់​នៅ​រហូត​ដល់ ៦ នាក់​ក្នុង​មួយ​បន្ទប់។

លោក ចាន់ ផល្លា ជា​ម្ចាស់ផ្ទះ​ស្នាក់ 1953 Siem Reap Hostel និង​រមណីយដ្ឋាន​សួន​ទន្សាយ បាន​ឲ្យ​ដឹង​ថា បន្ទប់​ដូម​ចំនួន ៣ មាន​គ្រែ​ពី ៤ ដល់ ៦ គ្រែ​ត្រួត​លើ​គ្នា សរុប ២០ គ្រែ បន្ទប់​ឯកជន​ចំនួន ៦ អាង​ហែល​ទឹក ១ ភោជនីយដ្ឋាន និង​បារ៍​សម្រាប់​ស្វាគមន៍​កម្មវិធី​ជួបជុំ​ដ៏​រីករាយ។

ផ្ទះ​សំណាក់​រចនាប័ទ្ម​បារាំង ​មាន​បំពាក់​ WiFi សម្រាប់ភ្ញៀវ​​​។ ហេង ជីវ័ន

លោក ផល្លា រៀបរាប់ថា៖ «ចំពោះ​ដូម ១ គ្រែ​តម្លៃ ៨ ដុល្លារ​ក្នុង ១ យប់​បន្ថែម​អាហារ​ពេល​ព្រឹក ហើយ​បន្ទប់​ឯកជន​គ្រែ១ ឬ២ មាន​តម្លៃ​ពី ២០ ទៅ ២៥ ដុល្លារ​ក្នុង ១ យប់ រួម​ទាំង​អាហារ​ពេល​ព្រឹក​ដូចគ្នា»។

ផ្ទះសំណាក់​រចនាប័ទ្ម​បារាំង ដែល​យោងតាម​ឈ្មោះ​ឆ្នាំ នៅមុន​កម្ពុជា​ទទួលបាន​ឯករាជ្យ​នេះ បំពាក់ WiFi ដោយ​ឥត​គិត​ថ្លៃ សម្រាប់​ភ្ញៀវ​ប្រើ​ហើយ​នៅ​តាម​មុខ​បន្ទប់​នីមួយៗ មាន​រាន​ហាល​អាច​ឈរ​គន់​អាង​ហែល​ទឹក​ផងដែរ។ ម្ហូប​អាហារ​ផ្គាប់​ចិត្ដ​ភ្ញៀវ​ចម្រុះ​ជន​ជាតិ ទាំង​អាស៊ី និង​អឺរ៉ុប។

ភ្ញៀវ​ដែល​ទទួលបាន​បទពិសោធ​ស្នាក់​ក្នុងផ្ទះ​សំណាក់ 1953 Siem Reap Hostel លោក ម៉ាតធូរ បាន​សរសេរ​លើ airbnb កាល​ពី​ខែ​មីនា​ថា៖ «ក្នុង​រយៈពេល​ធ្វើ​ដំណើរ ៣ ខែ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍ ខ្ញុំ​ចូល​ចិត្ដ​ទីនេះ​បំផុត។ បន្ទប់​គ្មាន​ស្នាម​ប្រឡាក់ គ្រែ​ប្រកប​ដោយ​ផាសុកភាព រួម​ទាំង​អាហារ​ពេល​ព្រឹក​ដ៏​ឈ្ងុយ​ឆ្ងាញ់»។

បុរស​មកពី​អូស្ដ្រាលី​រូបនេះ​បន្ដថា៖ «ផ្ទះ​ស្នាក់​នេះ​មាន​សុវត្ថិ​ភាពល្អ ហើយ​ខ្ញុំ​មិន​ចាំបាច់​បារម្ភ​អ្វី​ទាំង​អស់។ បុគ្គលិក​ជួយ​កក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​ឲ្យ​យើង ហើយ​យើង​បាន​ជួប​អ្នក​បើក​រ៉ឺម៉ក​រួស​រាយ​នៅ​កម្ពុជា»។

លោក ចាន់ ផល្លា បាន​បន្ថែមថា ក្រៅពី​ទទួលភ្ញៀវ​ស្នាក់នៅ 1953 Siem Reap Hostel ក៏​ទទួល​រៀបចំ​កម្មវិធី​ផ្សេងៗ ដូចជា ជប់​លៀង​បុគ្គលិក ពិធី​ខួប​កំណើត រហូត​ដល់​ម៉ោង ១២ កណ្ដាល​អាធ្រាត្រ៕

បន្ទប់ស្នាក់​​​ជាក្រុម​រហូត​ដល់ ៦ នាក់ តម្លៃ​ ៨ ដុល្លារ​ក្នុង​មួយគ្រែ​​​។ហេង ជីវ័ន