ក្រុម​ប៉េកាំង៖ កីឡាករបាល់ទាត់​ចិន ២ ​ក្រុម មាន​ចេតនា​ទាល់​បាល់​ចូល​សំណាញ់​ទី​ខ្លួនឯង​ បំណង​សុខចិត្ដ​ធ្វើ​ចាញ់​ចំពោះ​ការ​ប្រកួត​ដ៏​លេងសើច​ នូវ​អ្វីដែល​ត្រូវបានចាត់​ទុក​ជាការ​ប្រកួត «ដ៏​មិន​គួរ​ឱ្យជឿ» និង​ «ការ​បំបាក់មុខ​​» កម្មវិធី​ប្រកួត​។

វីដេអូ​ឃ្លីប​នៃការ​ប្រកួត​រវាង​ក្រុម​ទាំងពីរ​ដែល​ត្រូវបាន​ចែក​រំលែក​យ៉ាង​ច្រើន​ បាន​បង្ហាញ​សកម្មភាព​ពួកគេ​អូស​បាល់​ចុះ​ឡើង​ៗ រួច​ទាត់​បាល់​បញ្ចូល​សំណាញ់​​ខ្លួនឯង ដោយ​លទ្ធផល​បញ្ចប់​ត្រឹម ២ ស្មើ។

ក្រុម​ទាំងពីរ​ មក​ពី​ដែន​កោះ​ហៃណាន់ ភាគខាង​ត្បូង មាន​បំណង​ចង់​ចាញ់​ការ​ប្រកួត​ ដើម្បី​បញ្ចៀស​​វគ្គ​ប្រកួត​ដ៏​តាន​តឹង​ជាមួយ​ក្រុម​ខ្លាំង​។

សមាគម​បាល់​ទាត់​ខេត្ដ​ហៃណាន់ បាន​ហៅការ​ប្រកួត​នេះ «​ឈុត​ឆាក​ដ៏​ហួសចិត្ដ​» និង​ទទូច​ឱ្យ​ក្រុម​អ្នក​រៀបចំ​ការ​ប្រកួត​ចេញ​បម្រាម​ក្រុម​ទាំងអស់​ឈប​ជាន់​ទីលាន​ប្រកួត​ទៀត​។

សមាគម​បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដីថ្លែង​ការណ៍​ថា​៖ «​យើង​សុំថ្កោល​ទោស​ចំពោះ​អត្ដចរឹក​គ្មាន​ក្រម​សីលធម៌​ ដែល​បាន​បង្ខូច​វិស័យ​បាល់ទាត់​ថ្នាល​នៅ​ហៃណាន់​»។

អ្នក​សរសេរ​ប្លុក​កីឡាលើ​បណ្ដាញសង្គម Weibo ដែល​មាន​អ្នក​គាំទ្រ ៥ ​លាន​នាក់ បាន​ឱ្យដឹងថា​៖ «ឱ​​បាល់ទាត់​ចិនខ្ញុំ​អើយ! ម្ដេច​អ្នក​ធ្លាក់​ដល់​បាត​ដាល​ម្លេះ​?។ គ្មាន​សីលធម៌ជា​អ្នក​កីឡាសោះ​»។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន China News Service បាន​ឱ្យ​ដឹងថា​ ​ការ​ប្រកួត​កំប្លុក​កំប្លែង​បែប​នេះ​មិន​មែន​ជារឿងអី​ចម្លែក​នោះទេ​។

ប្រភព​ដដែល​បាន​បន្ដ​ថា៖ «ថ្វីដ្បិតតែ​ការ​លេង​បែប​នេះបាន​រង​នូវការ​រិះ​គន់ ហើយវា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ថ្នាលបាល់​ទាត់​​យ៉ាង​ណា​ក៏​ដោយ ក៏​ស្ថានភាព​អវិជ្ជមាន​នេះ​នៅតែ​បន្ដ​កើត​មាន​»។

បណ្ដាញ​ផ្សព្វ​ផ្សាយ​ចិន និង​សមាគម​បាល់​ទាត់​ក្នុង​ស្រុក​មិន​បាន​បញ្ជាក់​ថា ក្រុម​បាល់ទាត់​មួយ​ណា​បាន​ចាញ់​ដោយ​ជោគជ័យ​នោះទេ​៕ AFP/HR