ភ្នំពេញៈ ក្រោយពីមានកិត្តិសព្ទល្បីមួយកម្រិតថែមទៀតតាមរយៈការនិពន្ធទំនុកច្រៀង និងមេឡូឌី ឲ្យតារាចម្រៀងប្រុសស្រីកំពូលៗនៅលើទ្រនំហង្សមាស ជាពិសេសបទល្បីខ្លាំង ដែលមានចំណងជើងថា «រាំអញ្ចេក» ច្រៀងដោយកញ្ញា ឱក សុគន្ធកញ្ញា និងលោក ព្រាប សុវត្ថិ មកនោះ លោក ចាន់ សំណាង ហៅឌីជេ ក្តិប ក៏សស្រោកសស្រាំនឹងសកម្មភាពជួយសង្គមក្នុងវិស័យជំរុញលើកស្ទូយសិល្បៈដល់ក្មេងជំនាន់ក្រោយ។
ជាក់ស្តែងកាលពីល្ងាចម្សិលមិញ អង្គការសាលាសិល្បៈតន្ត្រី បានបើកបង្រៀនជំនាញសិល្បៈ និងតន្ត្រីទៅដល់ក្មេងៗជំនាន់ក្រោយ ដែលជួបការលំបាកខាងជីវភាពនោះ បានជូនដំណឹងដល់សិស្ស និងអ្នកចូលចិត្តសិល្បៈឲ្យចូលសិក្ខាសាលាជាមួយឌីជេ ក្តិប ដែលមានឈ្មោះពិត ចាន់ សំណាង ថា៖ «ជួបជាមួយលោក ចាន់ សំណាង សម្រាប់អ្នកចេះធ្វើមេឡូឌីខ្លះៗពីធម្មជាតិ និងចង់ស្វែងយល់បន្តែមពីមេឡូឌីចម្រៀងឲ្យកាន់តែច្បាស់ ជួបគ្នានៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៨ នៅអង្គការសាលាសិល្បៈតន្ត្រី ម៉ោង ៥ កន្លះ ដល់ម៉ោង ៦ កន្លះ ល្ងាច»។
លោក ថា សុធា នាយកអង្គការសាលាសិល្បៈតន្ត្រី បានបង្ហើបឲ្យដឹងកាលពីថ្ងៃបើកសិក្ខាសាលាស្តីពីចម្រៀង និងមេឡូឌី កាលពីល្ងាចថ្ងៃទី ១៦ ខែមករា ម្សិលមិញថា៖ «តាមពិតទៅ ឌីជេ ក្តិប មិនមែនទើបស្ម័គ្រចិត្តចូលរួមចែករំលែកផ្នែកសិល្បៈនៅអង្គការយើងលើកទី ១ ទេ ខណៈថ្ងៃនេះគឺជាលើកទី ២ ដែលលោកបានស្ម័គ្រចិត្តមកជួយយើងក្នុងការចែករំលែកផ្នែកជំនាញរបស់គាត់គឺការតែងនិពន្ធទំនុកច្រៀង ការនិពន្ធបទភ្លេង និងមេឡូឌី តែម្តង»។
ចំណែក ឌីជេ ក្តិប ក៏បានបង្ហាញអារម្មណ៍ផ្ទាល់តាមរយៈការបង្ហោះសារតាមបណ្តាញសង្គមដែរចំពោះសកម្មភាពស្ម័គ្រចិត្តជួយសង្គមមួយនេះថា៖ «អរុណសួស្តី!ពុកម៉ែ បងប្អូន ទាំងអស់គ្នា!ជាពិសេសអ្នកដែលស្រឡាញ់ការតែងនិពន្ធ ក៏ដូចជាចង់ស្វែងយល់បន្ថែមពីវិធីសាស្ត្រក្នុងការតាក់តែងនិពន្ធ មេឡូឌី បទចម្រៀងឲ្យស៊ីជាមួយនឹងទម្រង់សាច់ភ្លេងឲ្យវាសមស្របទៅតាមប្រភេទដំណើរជាបទចម្រៀងបែប Pop, Blue, Country, HipHop, Rap, Rnb ឬក៏ទម្រង់បទភ្លេងប្រជាប្រិយខ្មែរ រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ ជាដើមជួបគ្នានៅអង្គការសាលាសិល្បៈតន្ត្រីជាមួយខ្ញុំនៅម៉ោង ៥ កន្លះ ដល់ម៉ោង ៦ កន្លះ»។
គេនៅចាំបានថា កាលពីអំឡុងដើមឆ្នាំ ២០១៥ ខណៈដែលមហាជនជាច្រើនផ្ទុះការរិះគន់ទៅលើវិស័យចម្រៀងខ្មែរជុំវិញបញ្ហាកម្មសិទ្ធិបញ្ញា និងការចម្លងបទបរទេសមកច្រៀងនោះ ទើប ឌីជេ ក្ដិប បានចេញមុខប្ដេជ្ញាថានឹងខិតខំនិពន្ធបទចម្រៀងស្នាដៃថ្មីសន្លាង មិនចម្លងគេជាដាច់ខាត តាមរយៈផលិតកម្មរបស់លោកឈ្មោះ Camtrax Music ដែលមានតារាចម្រៀងមាស សុខសោភា ផងដែរ។
កាលពីដើមឆ្នាំ ២០១៧ មកតារាចម្រៀងរ៉េប និង អ្នកតែងនិពន្ធ ឌីជេ ក្តិប បានសម្រេចចិត្តចាប់យក ឱកាសចូលទៅបញ្ចេញស្នាដៃនៅក្នុងផលិត កម្មហង្សមាស នៅក្នុងសភាពស្ងប់ស្ងាត់ ដែលផ្ទុយពីដំណឹងតារាចម្រៀងមួយចំនួនផលិតកម្មធំមួយនេះ បាននាំគ្នារើបង្វេចរត់ចូលមកកាន់ផលិតកម្មថោន ផងដែរនោះ៕