ភ្នំពេញៈ ក្រោយពីសន្សំបានកិត្តិសព្ទល្បីឈ្មោះមួយកម្រិត តាមរយៈការនិពន្ធទំនុកច្រៀង និងមេឡូឌី ឲ្យតារាចម្រៀងប្រុសស្រីកំពូលៗ នៅលើទ្រនំហង្សមាស និងសស្រោកសស្រាំនឹងសកម្មភាពជួយសង្គមក្នុងវិស័យជំរុញលើកស្ទូយសិល្បៈដល់ក្មេងជំនាន់ក្រោយនោះ ក៏ស្រាប់តែលេចឮដំណឹងថា ឌីជេ ក្តិប បានលាឈប់ពីសិល្បៈ ដែលជាឆ្នាំងបាយរបស់ខ្លួនទៅប្រកបការងារផ្សេងវិញ។
គេនៅចាំថា នាអំឡុងពេលដើមឆ្នាំ ២០១៥ ខណៈដែលមហាជនជាច្រើនផ្ទុះការរិះគន់ទៅលើវិស័យចម្រៀងខ្មែរជុំវិញបញ្ហាកម្មសិទ្ធិបញ្ញា និងការចម្លងបទបរទេសមកច្រៀងនោះ ទើប ឌីជេ ក្ដិប បានចេញមុខប្ដេជ្ញាថា នឹងខិតខំនិពន្ធបទចម្រៀងស្នាដៃថ្មីសន្លាង មិនចម្លងគេជាដាច់ខាត តាមរយៈផលិតកម្មរបស់លោកឈ្មោះ Camtrax Music ជាមួយកំពូលតារាចម្រៀង មាស សុខសោភា ផងដែរ។
ហើយកាលពីដើមឆ្នាំ ២០១៧ តារាចម្រៀងរ៉េប និង អ្នកតែងនិពន្ធ ឌីជេ ក្តិប បានចាប់យកឱកាសធំមួយចុះកុងត្រាបញ្ចេញស្នាដៃនៅក្នុងផលិតកម្មហង្សមាស មិនទាន់បានប៉ុន្មានផង ក៏ឮថា លោក ចាន់ សំណាង ហៅឌីជេ ក្តិប បានសម្រេចចិត្តលាឈប់ពីការងារសិល្បៈទៅវិញគួរឲ្យងឿងឆ្ងល់។
តែពេលជួបជាមួយ ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទ ឌីជេ ក្តិប បានប្រាប់ថា៖ «អូ!តាមពិតទៅ ខ្ញុំមិនមានន័យថា ត្រូវតែឈប់លែងវិលនោះទេ គឺគ្រាន់ចង់សម្រាកមួយរយៈសិនក្រោយពីខ្ញុំបានធ្វើការងារនិពន្ធឲ្យផលិតកម្មហង្សមាស បានសឹងតែចប់សព្វគ្រប់តាមលក្ខខណ្ឌនៃកិច្ចសន្យាមកនោះ។ ហើយនេះក៏ជាការបំពេញនូវក្តីបំណងធំរបស់ប៉ាខ្ញុំដែរក្នុងការងារសិល្បៈ ដោយបានសាងកេរ្តិ៍ឈ្មោះល្អ នារយៈពេលប្រមាណជាង ៦ ឆ្នាំនេះ តែឥឡូវនេះលោកប៉ា គាត់ទៅបាត់ហើយ»។
តាមពិតមកពីអារម្មណ៍ច្របូកច្របល់ក្នុងចិត្តរបស់ឌីជេ ក្តិប ដែលបណ្តាលមកពីឪពុកលោកឈ្មោះ ចាន់ សារី វ័យ ៧៦ ឆ្នាំ បានទទួលមរណភាពកាលពីមុន ថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ ២០១៨ នេះ ហើយទុកឲ្យអ្នកម្តាយវ័យជាង ៦០ ឆ្នាំ ឈ្មោះ ជា រតនា ត្រូវរស់នៅតែម្នាក់ឯង ជាហេតុផលមួយទៀតដែលជំរុញឲ្យឌីជេ ក្តិប ត្រូវការពេលវេលាសម្រាប់មើលថែទាំម្តាយ ខណៈខ្លួនក៏មានភារកិច្ចមើលថែប្រពន្ធ និងកូនប្រុសក្នុងបន្ទុកផងដែរ។
ឌីជេ ក្តិប បញ្ជាក់ថា៖ «ក្រោយពីប៉ាស្លាប់ទៅ ខ្ញុំហាក់ដូចជាមានអារម្មណ៍មិនបានស្ងប់ក្នុងចិត្តសោះ ខណៈពិធីបុណ្យសព ៧ ថ្ងៃរបស់គាត់ទើបតែរំលងទៅកាលពីម្សិលមិញនេះ។ ហើយខ្ញុំចង់សម្រាកការនិពន្ធបទចម្រៀងមួយរយៈក្រោយពីបាននិពន្ធឲ្យផលិតកម្មហង្សមាសជាច្រើនបទមិនតិចជាង ៦០ បទនោះទេ សម្រាប់រយៈកិច្ចសន្យាជាមួយផលិតកម្ម ខណៈខាងក្រុមហ៊ុនក៏មានការអនុគ្រោះដល់ខ្ញុំដែរ ព្រោះត្រូវសុំផ្អាកការនិពន្ធបែបនេះ។ ឯការងារសិល្បៈវិញ ខ្ញុំនៅតែជាតារាចម្រៀងនៅតាមបារ៍ និងក្លិបរាត្រីដដែលទេ ហើយក៏នឹងវិលទៅរកការនិពន្ធនោះវិញនៅថ្ងៃណាមួយដែរ»៕