ភ្នំពេញៈ តារា​សម្តែង​ស្រី​ស្រស់​រាង​ស្ល៊ី​ម កញ្ញា ឌី សូ​នី​តា ដែល​មហាជន​រមែង​ឃើញ​បង្ហាញ​ពី​ភាព​ស្និទ្ធ​ស្នាល និង​ផ្អែមល្ហែម​តាម​ភាសា​ហៅ​គ្នា​នៅ​សម័យ​ទំនើប​នេះ ជា​ការ​រាប់​អាន​គ្នា​ដូច​បង​ប្អូន​ថា «Sis និង Bro» ជាមួយ​តារា​សម្តែង​ប្រុស​លោក អាឡិចហ្ស៊ូរ៉ា ទើប​តែ​រសាត់​សំឡេង​ពី​ត្រចៀក​សោះ​នោះ ក៏បង្ក​ការ​ភ្ញាក់​ផ្អើល​ជាថ្មី​នឹង​សារ​របស់​នាង ដែល​មើល​ទៅ​ដូចជា​តូច​ចិត្ត​តូច​ថ្លើម​ដោយ​ការ​និន្ទា​ពី​ជីវភាព​របស់​អ្នក​សិល្បៈ​ពេល​មាន​ភាព​ធូរធារ ហ៊ឺហា​ទៅ​វិញ។

សារ​តូចចិត្តតូចថ្លើម ដែល​តារា​សម្តែង​ស្រី​ទើបតែ​បាន​ថត​ខ្សែភាពយន្ត​ដុំ​ខ្នាត​ធំ​រឿង «The Prey» ចប់​ថ្មីៗ និង​មាន​ភាព​មមាញឹក​នឹង​ការងារ​ប្រកប​អាជីវកម្ម និង​ការងារ​ចេញ​ក្រៅ​ប្រទេស​ញឹកញាប់ ឌី សូនីតា បាន​បង្ហើរ​នោះ​ថា៖ «ពេល​ក្រ​គេ​ថា​យើង​គ្មាន​កំណើត ពេល​ខំប្រឹង​ដល់​មាន​គេ​ថា​យើង​មាន​គេ​ចិញ្ចឹម។ ពេល​មិន​ល្បី​គេ​ថា គ្មាន​សមត្ថភាព ពេល​ល្បី​គេ​ថា​តាម​ខ្សែ។ ពេល​យើង​សប្បាយ​គេ​ថា យើង​ភ្លេច​កំណើត ពេល​យើង​ធ្លាក់​ខ្លួន​ឈឺ គេ​ថា​យើង​ចង់​ស្រែក​រក​ជំនួយ។ ពេល​មិន​ញញឹម​សើច​ដាក់ គេ​ថា​យើង​ឫក ពេល​សើច​សប្បាយ​ដាក់ គេ​ថា​យើង​អាស។ ពេល​ខំ​ប្រឹង​មាន​ហើយ​ជួយ​សប្បុរស​ធម៌ គេ​ថា​យើង​ជោរ​ពេល​មិន​ធ្វើ​អី​សោះ គេ​ថា​យើង​គ្មាន​ចិត្ត​បុណ្យ គ្មាន​គុណធម៌។ ពេល​ធ្វើ​ល្អ​មិន​សូវ​ជា​មើល​ឃើញ ពេល​ខុស​ម្តង​នាំគ្នា​ជេរ​ពេញ​ប្រទេស។ តារា​ខ្មែរ​ធ្វើ​អី​ក៏​ខុស តារា​គេ​ជីវិត​អបលក្ខណ៍​សោះ​ធ្វើ​មើល​មិន​ឃើញ។ និយាយ​ឡើង​សិល្បៈ​ត្រូវ​តែ​ជា​គំរូ​គេ ប៉ុន្តែ​អ្នក​ដែល​មិន​មែន​ជា​សិល្បៈ​ធ្វើ​គំរូ​អី​ខ្លះ​ហើយ?»។

សារ​របស់​កញ្ញា ឌី សូ​នី​តា បន្តថា៖ «បើ​ខ្មែរ​ឯង​មិន​ឲ្យ​តម្លៃ​ផង កុំថាឡើយ ១០ ឆ្នាំ ក្រោយ​សិល្បៈ​ខ្មែរ​នឹង​រីក​ចម្រើន ២០ ឆ្នាំ ទៀត​ដឹង​ម៉េច​ផង។ ឱ​ខ្មែរ​អើយ​ខ្មែរ....ខ្ញុំ​ស្រឡាញ់​ជាង​គេ ស្រុក​សម្បូរ​ពោរ​ពេញ មាន​សិល្បៈ​តន្ត្រី​ប្រដេញ រលក​តាម​បោក​រលីង សូម​ជួយ​ទន្ទេញ ជួយ​ថែរក្សា (ជួយ​ថែរក្សា.....ជួយ​ថែរក្សា​សិល្បៈ​ដូនតា) នៅ​ចាំ​បទ​នេះ​បាន​ទេ? បទ​ពូ​ឃ្លាំង ពីរោះ​ណាស់ ចាំ​ក្នុង​ខួរ​រហូត។ ចាំ​ជាង​គេ​គឺ ឱ​ខ្មែរ​អើយ​ខ្មែរ»។

តែ​រាល់​អត្ថន័យ​ខ្លឹមសារ​ដែល​រៀបរាប់​ខាងលើនេះ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​និន្ទា​រឿង​អ្នក​សិល្បៈ​មាន​អ្នក​ចិញ្ចឹម តាមរយៈ​ពួកគេ​បង្ហាញ​ពី​ជីវភាព​ហ៊ឺហា និង​ប្រើប្រាស់​សម្ភារ​ទំនើបៗ ក៏​ត្រូវ​បាន​តារា​សម្តែង​ស្រី ដែល​បាន​ហក់​ប្រឡូក​លើ​វិថី​សិល្បៈ​តាំង​ពី​ឆ្នាំ ២០០៨ មក​រូប​នេះ បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «តាម​ពិត​ទៅ សម្រាប់​នាង​ខ្ញុំ​ផ្ទាល់ ពុំដែល ឬ​ពុំទាន់​មាន​ការ​រិះគន់​ដល់​រូប​នាង​ខ្ញុំ​នៅ​ឡើយ​នោះ​ទេ ដោយ​ច្រើន​តែ​ឃើញ​មាន​ការ​សរសើរ និង​លើក​ទឹក​ចិត្ត​ឲ្យ​ខំប្រឹង»។

កញ្ញា ឌី សូ​នី​តា បន្តថា៖ «ការចេញ​សារ​នេះ ដោយសារ​នាង​ខ្ញុំ​ចេញ​ការពារ​តម្លៃ​អ្នក​សិល្បៈ​ព្រោះ​ខ្ញុំ​ក៏​ជា​អ្នក​សិល្បៈ​មួយ​រូប​ដែរ ដូច្នេះ​ក៏​ចង់​ធ្វើការ​ពញ្ញាក់​អារម្មណ៍​បងប្អូន​មហាជន​ខ្មែរ​ទាំង​អស់ សុំ​មេត្តា​កុំ​មើល​មក​អ្នក​សិល្បៈ​តែ​មួយ​ជ្រុង​អី សុំ​មើល​ឲ្យ​បាន​ច្រើន​ជ្រុង​ផង ទើប​ដឹង​ថា អ្នក​សិល្បៈ​មិន​មែន​ដូច​ដែល​បងប្អូន​វាយ​តម្លៃ​នោះ​ឡើយ ហើយ​បើ​តាម​រយៈ​ជា​បទពិសោធ​សិល្បៈ ដែល​នាង​ខ្ញុំ​ប្រឡូក​មក​ដល់​ពេល​នេះ ១០ ឆ្នាំ គត់​នោះ សង្កេត​ឃើញ​ថា ភាគ​ច្រើន​អ្នក​សិល្បៈ​តែង​មាន​ការ​បង្កើត​មុខរបរ​ផ្សេងៗ​ទៀត​បន្ថែម​លើ​អាជីព​សិល្បៈ​ស្ទើរតែ​ទាំង​អស់​ហ្នឹង នាង​ខ្ញុំ​ក៏មានដែរ ទើប​អាច​ធ្វើ​ឲ្យ​ជីវភាព​ធូរធារ​បាន​គឺ​មិន​អាច​ពឹង​តែ​ការងារ​សិល្បៈ​មួយ​មុខ​នោះ​ឡើយ»៕