ភ្នំពេញៈ នាពេលថ្មីៗនេះ សង្កេតឃើញថា តារាសម្តែង និងពិធីការិនី មានឈ្មោះពិតថា អន រ៉ាស៊ីសុមេត្តា ហៅ ណូម័រ កំពុងតែមានរាសីឡើងក្រឺតៗ ដោយបានក្តោបឱកាសយ៉ាងណែនដៃក្នុងសិល្បៈ ក្លាយជាអ្នកមេម៉ាយក្តៅស្រួយ១ប្រាវទាំងវ័យក្មេង បន្ទាប់ពីរៀបការបាន ៥ ខែ ក៏ប្រកាសដំណឹងលែងលះប្តីមកនោះ។
ក្រោយពីកែកុនផ្ទៃមុខស្រស់ស្អាត ណូម័រ ហាក់ដូចជាមានយីអ៊ុនឡើងក្រឺតៗតែម្ដង ព្រោះពេលទៅណាមកណា ត្រូវគេសរសើរថា ស្អាតជាងមុន ហើយក៏ឃើញការងារសិល្បៈរបស់នាង មានភាពមមាញឹកខ្លាំងជាងមុន ដោយនាងបានបន្ថែមអាជីពសិល្បៈចម្រៀងមួយទៀត ពីលើអាជីពសិល្បៈចាស់ជាតារាសម្តែង និងពិធីការិនីនោះ។ គេឃើញអ្នកនាង ណូម័រ បានចេញថត MV បទចម្រៀងរបស់លោក ជុំ លីណូ និងលោក អនុស្សាវរីយ៍ ហើយក៏ចេញចម្រៀងថ្មីមួយបទមានចំណងជើងថា «មិនចុះអេតាស៊ីវិល» ដែលច្រៀងគូជាមួយនឹងតារាចម្រៀងប្រុសលោក វិរៈ រៀម និងបានលេចមុខតាម MV បទចម្រៀងរបស់ផលិតកម្មថោន និងសាន់ដេ ដែរ។
តារាស្រីមេម៉ាយក្តៅស្រួយ វ័យក្មេងអ្នកនាង ណូម័រ ក៏បង្ហើបអំពីបច្ចុប្បន្នភាពពីការងារសិល្បៈខ្លួនផងដែរ ខណៈជួបក្រុមអ្នកសារព័ត៌មានក្នុងពេលកន្លងមកថា៖ «ទោះបីជាវិបត្តិកូវីដ១៩ នៅមិនទាន់ស្ងាត់មែនក្តី ប៉ុន្តែនាងខ្ញុំ នៅតែមានការងារសិល្បៈធ្វើជាហូរហែរហូតមក»។
ពិធីការិនី ឈ្មោះពិត អនរ៉ាស៊ី សុមេត្តា ហៅកញ្ញា ណូម័រ នោះបានចូលរោងជ័យក្រាបផ្ទឹម តាមប្រពៃណីខ្មែរ ជាមួយនឹងពិធីករទូរទស្សន៍ ឬវីជេ សុភា ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៩ ដោយបានរៀបចំទទួលភ្ញៀវចំនួន ៧០ តុ នៅឯមជ្ឈមណ្ឌល Capital Wedding Hall ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយពីបានបង្កាត់ភ្លើងស្នេហ៍ និងស្វែងយល់ចិត្តគ្នាតែមួយរយៈខ្លីប៉ុណ្ណោះ។
ខណៈអ្នកទាំង ២ ក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលដែរ ដោយសារពួកគេក៏ប្រកាសពីការលែងលះគ្នាកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៩ កន្លងមក ក្រោយពីរៀបការបានត្រឹមតែ ៥ ខែប៉ុណ្ណោះ។
ក៏ប៉ុន្តែ ណូម័រ ក៏មិនមានកូនជាប់ចំណងស្នេហ៍នោះទេ ហេតុនេះហើយទើបគេឃើញថា នាងមកចាប់ផ្ដើមប្រឡូកអាជីពសិល្បៈយ៉ាងពេញទំហឹងឡើងវិញគ្មានអារម្មណ៍បាក់ទឹកចិត្តនោះឡើយ។
ចំណែកការចេញបទចម្រៀង «មិនចុះអេតាស៊ីវិល» ដែល ណូម័របង្ហោះនៅលើបណ្តាញយូធូប ក៏ទាក់ទាញ មិត្តអ្នកស្តាប់មួយចំនួនក៏បានយល់ថា ប្លែកអារម្មណ៍ផងដែរ ខណៈប្រិយមិត្តភាគច្រើនមិនគិតថា ស្រីស្អាត ណូម័រ បង្វែរទិសមកច្រៀង ពង្រីកទីផ្សារសិល្បៈបែបនេះឡើយ៕