ភ្នំពេញៈ ទីបំផុតតារាសម្តែង និងពិធីការិនីដែលមានឈ្មោះ អន រ៉ាស៊ីសុមេត្តា ហៅកញ្ញា ណូម័រ នោះបានចូលរោងជ័យក្រាបផ្ទឹមតាមប្រពៃណីខ្មែរនៅថ្ងៃនេះ ជាមួយនឹងពិធីករទូរទស្សន៍ ឬវីជេ សុភា ក្រោយពីបានបង្កាត់ភ្លើងស្នេហ៍ និងស្វែងយល់ចិត្តគ្នាបានតែមួយរយៈខ្លីតែប៉ុណ្ណោះ។
ទីបំផុតតារាស្រីដែលមានប្រជាប្រិយភាពល្បីគួរសម និងជាពិធីការិនីទូរទស្សន៍រូបស្រស់ កញ្ញា ណូម័រ បានសម្រេចដឹកដៃគូស្នេហ៍ជាអ្នកសិល្បៈដូចគ្នាចូលរោងការក្រាបផ្ទឹមដល់កន្ទេលនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៩ នេះហើយដែលរៀបចំទទួលភ្ញៀវចំនួន ៧០ តុ នៅឯមជ្ឈមណ្ឌល Capital Wedding Hall សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កញ្ញា ណូម័រ ប្រាប់ពីការអញ្ជើញភ្ញៀវអ្នកសិល្បៈចូលរួមពិធីមង្គលការនាងដល់ភ្នំពេញ-ប៉ុស្តិ៍ថា៖ «តាមគម្រោងនោះគឺយើងបានកំណត់អញ្ជើញត្រឹមចំនួនប្រមាណជា ៧០ តុ ប៉ុណ្ណោះ ហើយភាគច្រើនគឺជាមិត្តអ្នកសិល្បៈទាំងស្គាល់រូបនាងខ្ញុំ និងបងភា។ ចំពោះអ្នកសិល្បៈចម្រៀងគឺនាងខ្ញុំបានអញ្ជើញតែខាងផលិតកម្មថោន និងសាន់ដេទេព្រោះនាងខ្ញុំបានស្គាល់ពួកគាត់ច្រើនពេលទៅថត MV ឲ្យផលិតកម្មទាំង ២ នេះ ខណៈខាងហង្សមាស ដូចជាមិនមានច្រើនទេព្រោះខ្ញុំមិនសូវស្គាល់។ ក្រៅពីនេះនាងខ្ញុំច្រើនស្គាល់អ្នកសិល្បៈ ឬមិត្តភក្តិខាងទូរទស្សន៍ច្រើនដែរដូចជាទូរទស្សន៍ CTN និងទូរទស្សន៍ PNN ជាដើម។
មុននេះបន្តិច តារាសម្តែងស្រី កញ្ញា ណូម័រ ដែលដើមឡើយល្បីថា មានលោកគ្រូពេទ្យម្នាក់តែងតែតាមសុំស្នេហ៍យ៉ាងស្អិតដូចតុកកែ ក៏បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលម្តងហើយ ចំពោះរឿងដែលនាង និង វីជេ សុភា ក្រោយពីមានទំនាក់ទំនងនឹងគ្នាក៏បានព្រមព្រៀងគ្នាទៅចុះអេតាស៊ីវិល ដើម្បីប្រើឈ្មោះទិញផ្ទះវីឡារួមគ្នាមុនថ្ងៃរៀបការ។
តែយ៉ាងណាដោយសារការស្រឡាញ់យល់ចិត្តគ្នាទោះបីជាទើបតែបានសារភាពទទួលយកសំណើកុងត្រាបេះដូងក្នុងរយៈពេលខ្លីមែនក្តី ក៏អ្នកទាំង ២ បានដើរដល់ផ្លូវមួយគឺរៀបចំពិធីមង្គលការតាមប្រពៃណីខ្មែរដោយមានការដឹងឮ ពីសំណាក់ចាស់ទុំទាំងសងខាងដែលធ្វើឲ្យអ្នកសិល្បៈ និងទស្សនិកជនជាច្រើនបានសម្តែងការអបអរសាទរចំពោះអ្នកទាំង ២ ផងដែរ។
គួរបញ្ជាក់ថាពិធីមង្គលការរបស់កញ្ញា ណូម័រ និងវីជេ សុភា ប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៩ នេះដែលទទួលភ្ញៀវនៅទីតាំងមជ្ឈមណ្ឌល Capital Wedding Hall ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕